បញ្ចូនជនសង្ស័យ៩នាក់ ទៅតុលាការផ្តន្ទាទោស ករណីបង្ខាំងមនុស្ស..
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១៤ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (ពាក់អាវយឺតពណ៌ត្រេអ៉ីបំពាក់សញ្ញា អ.ហ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១និង១០នាទី រំលងអាធ្រាត្រ នៅចំណុចភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានជួបបុរសម្នាក់ (ជនសង្ស័យ) នៅចំណុចហាងលក់បាយមួយកន្លែង ក្នុងក្រុងព្រះសីហនុ មានសម្លៀកបំពាក់អាវយឺតពណ៌ត្រេអ៉ី បំពាក់ស្លាកឡូហ្គោ អ.ហ និងខោពណ៌ត្រេអ៉ី ដោយស្ពាយកាបូបពណ៌ខ្មៅជាប់ខ្លួន ស្របពេលនោះដែរ កម្លាំងជំនាញ ក៏ធ្វើការសួរនាំ និងមានការសង្ស័យ បាននាំខ្លួនមកកាន់ការិយាល័យជំនាញបន្តនីតីវិធី ហើយជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួនមិនមែនជាមន្រ្តីកងរាជអាវុធហត្ថទេ ហើយនៅម៉ោង ០៩ និង៤៥នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដឹកនាំកម្លាំងមន្ទីរជំនាញ ចំនួន ១៥នាក់ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចុះឆែកឆេរផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ និងស្រាវជ្រាវមុខសញ្ញា (បក្សពួក) ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៦នាក់បន្ថែមទៀត នៅចំណុចគីឡូម៉ែត្រលេខ:១៧២ បញ្ជរបង់ប្រាក់ ច្រក-ចេញចូល ផ្លូវល្បឿនលឿន ស្រុកស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ០៩នាក់ មានឈ្មោះ ៖
១- ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ
២- ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ
៣- ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ
៤- ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ
៥- ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ
៦-ឈ្មោះ នួន ធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ
៧- ឈ្មោះ ចេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ
៨- ឈ្មោះ វ៉ាត់ អាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ
៩-ឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ។
ជនសង្ស័យទាំង ០៩នាក់ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ៕