អ្នកនាំពាក្យរដ្ឋបាល ខេត្តកោះកុង បំភ្លឺថាមិនមានសកម្មភាព បង្រ្កាបទីតាំងល្បែងអនឡាញទេ តែមានករណីឃាតកម្ម..
ខេត្តកោះកុង ៖ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង រសៀលថ្ងៃទី១៨ ខែកក្កដានេះ បានបំភ្លឺថា គិតមកទល់ម៉ោងនេះ សមត្ថកិច្ចខេត្តនេះ មិនទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយទេ ក្នុងភូមិសាស្រ្តរបស់ខ្លួន។
លោកបន្តថា ចំពោះករណីបង្ហោះតាមហ្វែសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រ ដែលជាវត្ថុតាងជាង ៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិ ចុះទៅស្រាវជ្រាវ។
ចំពោះបញ្ហានេះ ត្រូវបានលោក ឈិត រតនៈ អះអាងថា ពុំមែនជាការបង្រ្កាបល្បែងអនឡាញទេ តែជាករណីសង្ស័យថា មានឃាតកម្មលើមនុស្ស ប៉ុណ្ណោះ ដោយអនុវត្តតាមបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ហើយក៏មានការបញ្ចូនកម្លាំងជំនាញ ចុះមកសហការជាមួយ កម្លាំងនគរបាលខេត្តកោះកុង ដើម្បីប្រតិបត្តិការអនុវត្តរួមគ្នាតែម្តង។ ដូច្នេះ សូមសាធារណជនកុំមានការភ័ន្តច្រឡំ។
ចំណែក លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏វានឲ្យដឹងដែរថា មិនមានការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយ ដូចការបង្ហោះរបស់អ្នកលេងហ្វេសប៊ុកឡើយ។ ធាតុពិតគឺលោក ទទួលបទញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង ១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
លោកស្នងការ បញ្ជាក់ថា មិនមានរកឃើញករណីឃាតកម្មអ្វីទេ។
ដោយឡែក ពាក់ព័ន្ធនឹងការបាត់ទូរស័ព្ទ និងកុំព្យូទ័រ លោកស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា លោកកំពុងស្រាវជ្រាវសួរនាំពី សមត្ថកិច្ចក្រោមឱវាទរបស់លោក ដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយ កម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ ប៉ុនែ្តកម្លាំងជំនាញ ចម្រុះខេត្តរបស់លោក មិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំង ដែលមកពីរាជធានីភ្នំពេញ ហើយពេលនេះ ក៏បានរកឃើញជាបណ្តើរៗ និងបានប្រគល់សម្ភារៈទាំងនោះ ជូនម្ចាស់គេវិញហើយ៕