លោកបណ្ឌិត ភីតថឺ លី ចុះសួរសុខទុក្ខនាយទាហានឈរជើង នៃបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យេាធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ ៖ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន និងលោកស្រី ឆាយ លីណា ព្រមទាំងក្រុមគ្រួសារ បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ជាមួយនាយទាហាន នៃបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យេាធភូមិភាគទី៤ ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះ លោកបណ្ឌិត ភីតថឺ លី បានថ្លែងអំណរគុណ  និងកោតសរសើរដោយស្មោះចំពោះវីរភាព របស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាង ធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិ របស់យើង ជៀសផុតពីការឈ្លានពានពីប្រទេសជិតខាង។

 

បន្ថែមលើនេះ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា រួមទាំងក្រុមគ្រួសារ បាននាំយកជំនួយជា ថវិកា និងសម្ភារៈមួយចំនួនចែកជូន វីរៈកងទ័ព ក្នុងនោរួមមាន៖ថវិកា ៤លានរៀល ទឹកសុទ្ធ ១០០កេះ អង្ករ ១០តោន ត្រីខ ១០០កេះ ដែលនេះជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងចង់ ដឹងពីសុខទុក្ខ របស់វីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការ នៅសមរភូមិជួរមុខ តាម ព្រំដែនកម្ពុជា-ថៃ នាតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត ភីតថឺ លី ក៏បានផ្តាំផ្ញើដល់នាយទាហាន និង កងការពារព្រំដែនទាំងអស់ ត្រូវថែរក្សាសុខភាព និងបន្តពង្រឹងស្មារតី ឲ្យបានខ្ជាប់ខ្ជួន ក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បី សេចក្តីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើ រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេស ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជា មានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ប្រជាពលរដ្ឋនៅ ជាប់ព្រំដែន គឺជាអាទិភាពចម្បងនៃយុទ្ធសាស្រ្តការពារព្រំដែនរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង