ករណីសម្លាប់ដឹកសពជនជាតិចិន យកទៅកប់នៅខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចាប់ជនជាតិភូមា៥នាក់
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន ៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ រួចនាំយកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនគរបាល របស់លោក ចាប់ខ្លួនចំនួន ៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសរួចហើយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ក៏ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរ។
លោក សិទ្ធិ ឡោះ បញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាត បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្ត ចេញពីភក់ រួចក៏បានបើកចេញទៅបាត់។
លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយ ភ្លាមៗនោះ សមត្ថកិច្ចជំនាញ ក៏បានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យ ឃើញមានសាកសពម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ សង្ស័យជាជនជាតិចិន បានកប់ក្នុងប្រឡាយ។
ក្រោយមក ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក៏បានបង្កើតគណៈកម្មការពិនិត្យសាកសព ជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទេ។
យោងតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់ របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋមពី លោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ ដោយសារគាំងបេះដូង។
លោកស្នងការ បញ្ជាក់ថា ក្រោយកើតមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាល ស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន ០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដកហូត រថយន្ត ២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។
ក្រោយធ្វើការសាកសួរ ក្នុងចំណោមជនល្មើសខាងលើ បានឆ្លើយថា ជនរងគ្រោះមានឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើតមានជំងឺក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន ០៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២គ្រឿង ខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយ ដែលខ្លួនមិនស្គាល់ តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។
ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានកសាងសំណុំរឿង បញ្ជូនក្រុមជនសង្ស័យជនជាតិភូមាទាំង ៥នាក់ ទៅកាន់តុលាការ បន្តនីតិវិធី បន្ទាប់មក ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ៕