ពលរដ្ឋភូមិស្មាច់ដែង ខេត្តព្រះសីហនុ សំណូមពរសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយស្ថាបនាផ្លូវធ្វើដំណើរ ដែលលំបាកខ្លាំង..
ខេត្តព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋ រាប់រយគ្រួសារ រស់នៅតំបន់តាលះ, តំបន់ច្រាំងក្រហម តំបន់អូរថ្មក្រោម ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានត្អូញត្អែរពីការលំបាក ក្នុងការធ្វើដំណើរ ចុះឡើងក្នុងមូលដ្ឋាន របស់ខ្លួន ខណៈផ្លូវធ្វើដំណើរមានល្បាប់ភក់ ដីក្រហម និងគ្មានស្ពានឆ្លងព្រែកជាដើម..។
ប្រជាពលរដ្ឋ និងសិស្សសាលា បានឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះថា ចូលដល់រដូវវស្សាម្តងៗ គឺស្ថានភាពផ្លូវធ្វើដំណើរចេញចូល មូលដ្ឋាន របស់ពួកគាត់ មានការលំបាកខ្លាំង ហើយសំណូមពរដល់ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេស សម្តេចប្រមុខដឹកនាំ រាជរដ្ឋាភិបាល ជួយអភិវឌ្ឍន៍ ឬស្ថាបនាផ្លូវធ្វើដំណើរ ក្នុងភូមិស្មាច់ដែង ឲ្យបានប្រសើរជាងរាល់ថ្ងៃនេះ ត្បិតស្ថានភាពផ្លូវ បែកល្បាប់ភក់ដីក្រហមវ៉ល់ និងគ្មានស្ពានឆ្លងកាត់ព្រែក ឲ្យបានត្រឹមត្រូវទេ ដោយរាល់ថ្ងៃនេះ ឆ្លងតាមស្ពានដាក់ធុងសាំង ក្រាលក្តារបន្ទះឈើ ជាបណ្តោះអាសន្ន ដែលមានការព្រួយបារម្ភពីសុវត្ថិភាពឆ្លងកាត់បំផុត..។
ប្រភព បន្តថា នៅរដូវភ្លៀងធ្លាក់ចូលមកដល់ម្តងៗ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស និងកម្មកររោងចក្រ ពិបាកធ្វើដំណើរបំផុត ជាពិសេសពេលពលរដ្ឋ មានជំងឺឈឺថ្កាត់ពេលយប់ព្រលប់ជាដើម គឺ ពិបាកក្នុងការធ្វើដំណើរ ចេញចូលមូលដ្ឋាននេះណាស់..។
ក្រុមប្រជាពលរដ្ឋ បន្តទៀតថា ចំពោះស្ថានភាពនៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុនេះ មានប្រជាពលរដ្ឋ រស់នៅ ឬធ្វើដំណើរជាង ៧០០គ្រួសារ។ ហើយស្ថានភាពផ្លូវនេះ ក៏ធ្លាប់បានស្នើសុំដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយអភិវឌ្ឍជាច្រើនអាណត្តិ កន្លងមកហើយ ប៉ុនែ្តហាក់មិនទាន់ទទួលបាន លទ្ធផលទាល់តែសោះ..។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលេដ្ឋ រស់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ជាង ៧០០គ្រួសារ សំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយស្ថាបនាផ្លូវ ខាងលើនេះជូន ប្រជាពលរដ្ឋពួកគាត់ បានប្រើប្រាស់ឲ្យបានប្រសើរ ជាងពេលបច្ចុប្បន្ននេះ ដោយអនុគ្រោះផងចុះ៕ រូបថត ប្រជាពលរដ្ឋ ផ្តល់ជូន