ផ្លូវមួយក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងជួសជុលពង្រីក និងដាក់ប្រព័ន្ធលូរំដោះទឹក
ខេត្តត្បូងឃ្មុំ ៖ ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមបណ្តោយផ្លូវមួយខ្សែ ក្នុងស្រុកក្រូចឆ្មារ មន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានទម្លាក់គម្រោងជួសជុល ពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹកលើកំណាត់ផ្លូវមួយខ្សែក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ។
មន្ត្រីមន្ទីសាធារណៈ និងដឹកជញ្ជូន និងមេឃុំរការខ្នុរ ឲ្យដឹងថា ផ្លូវខាងលើនេះ មានចូលរួមសហការយ៉ាងល្អពី ប្រជាពលរដ្ឋ បើទោះបីមានផលប៉ះពាល់ខ្លះលើលំនៅដ្ឋាន របស់ពួកគាត់ក៏ដោយ ។
លោក ខៀវ ចក្រាវុធ អនុប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា កំណាត់ផ្លូវដែលកំពុងជួសជុល ពង្រីក ដាក់ប្រព័ន្ធលូនេះគឺតភ្ជាប់ទៅ ខេត្តក្រចេះ ខណៈផ្លូវនេះ មានចរាចរណ៍មមាញឹកជាងមុនបន្ទាប់ពី កើតមានផ្លូវលេខ ៧១ C ដូច្នេះហើយទើបមន្ទីបានស្នើទៅក្រសួងជួសជុល និងពង្រីកបន្ថែមដើម្បីបង្ករភាពងាយស្រួល ដល់ការធ្វើចរាចរណ៍ ។
ចំណែក លោក ចាន់ ហត មេឃុំរាការខ្នុ មានប្រសាសន៍ថា ការជួសជុល និងពង្រីកផ្លូវ ដាក់ប្រព័ន្ធលូ របស់មន្ទីសាធារណៈការខេត្តត្បូងឃ្មុំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក ព្រោះក្រោយពេលពង្រីក និងដាក់លូរំដោះទឹក និងធ្វើឲ្យងាយស្រួលធ្វើដំណើរ និងម្យ៉ាង លែងមានទឹកដក់តាមដងផ្លូវទៀតហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ ។
សូមជម្រាប់ថា ខេត្តត្បូងឃ្មុំ កំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ពិសេសគឺផ្លូវ ដោយមួយចំនួនធំ បានប្រែក្លាយពីផ្លូវដី ទៅជាផ្លូវ បេតុ និងក្រាលកៅស៊ូ តាមរយៈមូលនិធី ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្នុងនោះក៏មានគម្រោង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ផងដែរ ដែលកំពុងធ្វើសកម្មភាពស្ថាបនា ជួសជុល យ៉ាងសកម្ម ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទាំងក្នុងខេត្តត្បូងឃ្មុំផ្ទាល់ និងប្រជាពលរដ្ឋពីបណ្តាខេត្តផ្សេងៗ នៅទូទាំងប្រទេសធ្វើដំណើរ ៕