បុរស២នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកប៉ះគ្នាជាមួយ រថយន្តបើកបរដោយជនជាតិចិន នាក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ បានបុកប៉ះគ្នា ជាមួយ ម៉ូតូ ឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យយុវជនចំនួន ២នាក់ ស្លាប់នៅកន្លែងកើតហេតុ។ ជនយន្តខាងលើ បើកបរដោយជនជាតិចិន កើតហេតុនៅម៉ោង ២១ និង១០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវ ១៤៩C ត្រង់ចំណុចជិតស្ពានឆេះ ផ្លូវវាយកូនហ្គោលថ្មី ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលចរាចរណ៍ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AO-7638 អ្នកបើកបរឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កូនកាំបិត (ចុងភៅ) ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ខេត្ដ-ក្រុង ព្រះសីហនុ រួមដំណើរដោយឈ្មោះ ស្រន ខាមថង អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លុះមកដល់ចំណុចកេីតហេតុខាងលើ ម៉ូតូ ក៏បានរ៉េចង្កូតទៅខាងឆ្វេងបុក រថយន្ត ០១គ្រឿង ម៉ាក TOYOTA LAND CRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7578 បើកបរដោយឈ្មោះ ZHANG ZHITUAN ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ភូមិ៦ សង្កាត់៤ ខេត្ដ-ក្រុងព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយស្លាប់មនុស្ស ០១នាក់នៅនឹងកន្លែងកេីតហេតុ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់ រួចបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ចំណែកអ្នកបើកបររថយន្ដ ត្រូវសមត្ថកិច្ច នាំមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្តជាតិស្រវឹង ប៉ុន្តែលទ្ធផល អវិជ្ជមាន។
ចំពោះ វត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ច បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់៕