លោក នេត សាវឿន អញ្ជើញជាអធិបតីបិត ពិធីសូធ្យគម្ពីរអាល់គួរអានលើកទី៣២ និងសូធ្យចាំមាត់លើកទី៦
ខេត្តត្បូងឃ្មុំ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតី បិទពិធីសូធ្យគម្ពីរអាល់គួរអាន លើកទី៣២ និងសូធ្យចាំមាត់លើកទី៦ ដែលបានរៀបចំធ្វើនៅវិហារធំឥស្លាមជំនីក ស្ថិតនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរៀបចំការប្រឡងប្រជែងអស់រយៈពេល ២ថ្ងៃ ។
នាឱកាសនោះ លោក នេត សាវឿន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ្នកពាក្យព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងល្អរៀបចំពិធីសូធ្យ គម្ពីរអាល់គួរអានុលការីម ប្រព្រឹត្តិទៅយ៉ាងរលួន ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញយ៉ាងច្បាស់ពី ប្រពៃណីវប្បធម៌ នៃការរួបរួម សហការគ្នាយ៉ាងជិតស្និទ្ធ ស្របតាមគោលនយោបាយសុខដុមនីយកម្មជាតិ និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា។
សមិទ្ធិផលគ្រប់វិស័យកំពុងរីកដុះដាលជាបន្តបន្ទាប់នេះ គឺស្តែងចេញពីប្រទេសជាតិស្ថិតក្នុង សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ តែមួយក្រោមការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាសង្គមមួយមានសេចក្តីថ្លៃថ្នូរ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើន។
លោក នេត សាវឿន បន្ត ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា សម្តេច បានបិតទំព័រសករាជដ៏ជូរចត់ របស់កម្ពុជា និងបើកឡើងនូវសករាជថ្មីមួយ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន ឯកភាពជាតិ មានសុខសន្តិភាព ជារដ្ឋមានអធិបតេយ្យពេញលេញ សេដ្ឋកិច្ចរីកចម្រើន ពលរដ្ឋរស់នៅមានសុខដុមរមនា និងមានជីវភាពល្អប្រសើរ។ ហើយពាក្យស្លោក អគុណសន្តិភាព និងអគុណ នយោបាយឈ្នះឈ្នះ បានក្លាយជាស្មារតី និងភាពខ្ពស់ នៃសង្គមកម្ពុជាទាំងមូល ។ ក្នុងនោះសម្រាប់សហគមន៍ឥស្លាម នៅកម្ពុជា មានភព្វសំណាង ដោយបានរួមរស់ជាមួយ ប្រជាពលរដ្ឋខ្មែរ យ៉ាងសុខដុមរមនា មានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាចំពោះមុខច្បាប់ គ្មានការរើសអើង ពិសេសមានសិទ្ធិសេរីភាព ក្នុងការជ្រើសរើស ខាងជំនឿសាសនាដែលខ្លួនពេញចិត្ត ។
លោក នេត សាវឿន ឲ្យដឹងដូច្នេះ រួចបន្ថែមថា ការរក្សាបាននូវប្រពៃណៃសាសនា គឺជាការបង្ហាញពីភាពសម្បូរបែប នៃវប្បធម៌ ចម្រុះជាតិសាស របស់កម្ពុជា ហើយក៏ជាភស្តតាងបង្ហាញថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណ គឺជាប្រទេសដែលមានសេរីភាព ពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មជាតិសាសន៍ និងគ្រប់សាសនាផងដែរ ។
តាមរបាយការណ៍ របស់ អ្នកឧញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម និងជាប្រធានគណៈកម្មការពិធីសូធ្យ បានឲ្យដឹងថា ពិធីសូធ្យឆ្នាំ២០២៥ បានព្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ “ឥស្លាម និងបច្ចេកវិទ្យា”។ ហើយមូលហេតុ ដែលជ្រើសរើសយកប្រធានបទនេះ ព្រោះនៅក្នុងយុគសម័យ សកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយទៅជាផ្នែកមួយ ដែលមិនអាចបំបែកបាន នៃជីវិតប្រចាំថ្ងៃរបស់មនុស្ស ពីការទំនាក់ទំនង ការអប់រំ រួមទាំងវិស័យសេដ្ឋកិច្ច។
អ្នកឧញ៉ា សុះ កំរ៉ី ឲ្យដឹងទៀតថា ពិធីសូធ្យគម្ពីររយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តិទៅយ៉ាងល្អ ដោយមានបេក្ខជន និងបេក្ខនារី ចំនួន ៣២នាក់ ចូលរួម មកពី ១៨រាជធានីខេត្ត ក្នុងនោះបេក្ខជន សូធ្យចាំមាត់ចំនួន ៨នាក់ មកពី៦ រាជធានី-ខេត្ត ។
ជាមួយគ្នានេះ អ្នកឧញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម និងជាប្រធានគណៈកម្មការពិធីសូធ្យ លើកឡើងថា សមិទ្ធិផល ដែលគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាម ទទួលបាន គឺបានមកពីការដឹកនាំប្រកបដោយបញ្ញាញាណ និងគុណធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕