អភិបាលខេត្តត្បូងឃ្មុំ ចុះជួបជាមួយកម្មករ-កម្មការិនី រោងចក្រកាត់ដេស៊ីនហុងប៉េង ជាង៥០០នាក់
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ បានអញ្ជើញជួបសំណោះសំណាល និងពិសាអាហារសាមគ្គី ដើម្បីជាលើកទឹកចិត្ត ជាមួយ ក្រុមកម្មករ កម្មការិនី ដែលកំពុងបំពេញការងារ ក្នុងរោងចក្រកាត់ដេ ស៊ីន ហុងប៉េង ខេមបូឌា ខូអិលធីឌី ដែលបានបើកដំណើរការ ជាផ្លូវការ នៅក្នុងភូមិអណ្តោក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ការវិនិយោគផ្សេងៗ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ជាឱកាសមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល ព្រោះថារោងមួយកន្លែងនេះ អាចផ្តល់ឱកាសការងារ ទទួលបានប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាក់ស្រុក ឆ្ងាយផ្ទះទៅរកការងារធ្វើ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ កម្មករ-កម្មការិនីទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានល្អ ដោយមិនត្រូវខ្ជិល ឬបង្ករភាពអណាធិបតេយ្យនោះទេ ដូចគ្នាខាងរោងចក្រ ក៏មិនត្រូវគៀបសង្កត់ ក្រុមកម្មករ កម្មការិនី ខុសពីច្បាប់ការងារនោះដែរ ពោលគឺខាងកម្មករ ខិតប្រឹងធ្វើការឱ្យបានល្អ ចំណែកខាងរោងចក្រ ត្រូវអនុវត្តតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ ចំណែកអាជ្ញាធរខេត្ត មន្ទីពាក់ព័ន្ធ និងចាំជួយគាំពារ ទាំំងខាងកម្មករ កម្មការិនី និងខាងរោងចក្រ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើការបានល្អ ប្រយោជន៍ទទួលបានទាំងសងខាង។
លោក ប៉ែន កុសល្យ ក៏បានស្នើដល់ខាង រោងចក្រត្រូវរៀបចំ កន្លែងទទួលទានអាហារ ឱ្យបានសមរម្យ រៀបចំធ្វើបន្ទប់ទឹកបន្ថែម ពិសេស គឺក្នុងរោងចក្រ ត្រូវរៀបចំធានាឱ្យបានថា មានផាសុខភាព មិនប៉ះពាល់ដល់ សុខភាពកម្មករ កម្មការិនី ក្នុងនោះត្រូវ មានក្រុមគ្រូពេទ្យសម្រាប់ជួយសង្គ្រោះបឋមផងដែរ ។
តាមរបាយការណ៍ តំណាងរោងចក្រខាងលើ បានឱ្យដឹងថា សព្វថ្ងៃនេះ រោងចក្រមានកម្មករ កម្មការិនី បំពេញការងារជាង ៥០០នាក់ ហើយនៅថ្ងៃអនាគត់ អាចបង្កើនកម្លាំងពលកម្មរហូតដល់ ៧០០នាក់។
សម្រាប់សំលៀកបំពាក់ ដែលផលិតបានគឺ នាំចេញទៅលក់ នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុប និងប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី៕