ខេត្តត្បូងឃ្មុំ ប្រឡងធ្វើតេស្តបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១
ខេត្តត្បូងឃ្មុំ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ បានរៀបចំប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (TVET 1.5M) នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បន្ទាប់ពីបានសិក្សាចប់ ទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមសហគមន៍ ។
ការរៀបចំការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃ ដោយមានការចូលរួមពីណាក់ លោកគ្រូ-អ្នកគ្រូ បេក្ខជនសិស្ស ដែលបានបញ្ចប់វគ្គសិក្សាទាំងនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងនៅតាមសហគមន៍ តាមបណ្តាឃុំ/សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ ជាច្រើនរូប។ ក្នុងនោះ ក៏មានការចូលរួមពីក្រុមហ៊ុន Binhphuoc kratie rubber 2 company limited, ដើម្បីសំណេះសំណាល ជាមួយសិស្ស ដែលមានបំណងចង់បម្រើការងារ នៅក្នុងក្រុមហ៊ុន ទៅលើផ្នែកអគ្គិសនី និងជួសជុលរថយន្ដផងដែរ។
លោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានលើកឡើងថា ការប្រឡងធ្វើតេស្តសមត្ថភាព បញ្ចប់វគ្គសិក្សានេះ ពិតជាមានសារ:សំខាន់ណាស់ សម្រាប់សិស្សទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សា ដើម្បីបង្ហាញនូវសមត្ថភាពពិតប្រាកដ ដោយអនុលោមទៅតាមគោលការណ៍ នៃការបណ្តុះបណ្តាល គឺ ( ឲ្យចប់, ឲ្យចេះ និងឲ្យមានការងារ) ហើយសិស្សនឹងទទួលបានសញ្ញាបត្រ ដែលទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបន្តថា ការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (TVET 1.5M) នាពេលនេះ មានសិស្សសរុបចំនួន ៤៧៣នាក់ ស្រី ២៥០នាក់ លើមុខជំនាញចំនួន ៦រួមមាន៖
១- ការដំឡើងបណ្តាញអគ្គិសនី ក្នុងអគារ
២- សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
៣- ការថែទាំ និងជួសជុលរថយន្ត
៤- សេវាកម្មកាត់សក់បុរស
៥- សេវាកម្មសម្អាងកាយ
៦- ធុរកិច្ចភេសជ្ជៈ។
សូមជម្រាបថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ រង់ចាំស្វាគមន៍ ការចុះឈ្មោះចូលរៀន នៅមជ្ឈមណ្ឌល ដោយមិនមានការបង់ថ្លៃសិក្សា នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រី និងគ្រួសារងាយរងហានិភ័យ ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ ក្នុងនោះក៏ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២៨ម៉ឺនរៀល ក្នុង ១ខែ ដោយការសិក្សាពេញម៉ោងផងដែរ៕