សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយមន្ត្រីរាជការ និងបុគ្គលិកកម្មករ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ១ឧសភា
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាល ជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និងកំណើន ប្រកបដោយចីរភាព និងភាពធន់»។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាច្រក នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិបត្តិករ ដ៏សំខាន់លើការងារកំពង់ផែនេះ។
សម្តេចធិបតី បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ កំពង់ផែនេះ ឆ្ពោះទៅរកកំណើនទំនិញឆ្លងកាត់កាន់តែច្រើន និងអាច ទទួលនាវាដឹកទំនិញខ្នាតធំ ជុំវិញពិភពលោកចូលចតកំពង់ផែនេះបាន ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណ រាជរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
សុំបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ពេលនៅដឹកនាំជា នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ លើសកម្មភាព របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម របស់កម្ពុជា។ ហើយផ្តើមចេញ ពីការយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជ្រើសរើសយកថ្ងៃទី១ ខែឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ និងជាថ្ងៃសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅ កំពង់ផែ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងបំពេញការងារនៅទីនេះ ។
ជាបន្តបន្ទាប់មកទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួប សំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយឆ្នាំនេះ ជាលើកទី២ហើយ ដែល សម្តេចមហាបវរធិបតី បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ៕