បដិមាព្រះនរាយណ៍ផ្ទុំ មកពីប្រាសាទមេបុណ្យខាងលិច តាំងបង្ហាញនៅសារមន្ទីរសិល្បៈ អាស៊ី-ហ្គីមេ ប្រទេសបារាំង
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ត្រូវបានបើកសម្ពោធជាផ្លូវការ នៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង ក្រោមវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ពិធីនោះ ក៏មានវត្តមាន របស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗ លើពិភពលោកចំនួន ៧៤នាក់ផងដែរ។
សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះ ត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន ១២៦ផ្សេងទៀតនាពេលនេះ៕