នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ
ខេត្តព្រះសីហនុ ៖ នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
នាវានេះ ចូលចតនៅម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃពីថ្ងៃទី ២៨ ខែមេសា ដល់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះ លោកឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ក្នុងនាមកងទព័ជើងទឹកកម្ពុជា បានដឹកនាំនាយនាវីច្រើនរូប រួមនិងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័អញ្ជើញទទួលប្រតិភូនាវាដោយផ្ទាល់នៅកំពង់ផែ។
មន្ត្រីកងទព័ជើងទឹកកម្ពុជា ឲ្យដឹងថា តាមគម្រោង ដែលបានគ្រោងទុក គណៈប្រតិភូនាវា នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ, ជំនួបជាមួយ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជំនួបជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ៕