ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង
ខេត្តព្រះសីហនុ ៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង មានទីតាំងស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងភរិយា។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រោមដំបូលនៃសន្តិភាព គោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ហេតុដូចនេះ ទាមទារឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស បន្តគាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងសុខសន្តិភាព ពង្រឹងស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន តាមគោលនយោបាយ ដែលរាជរដ្ឋាភិបាល បានកំណត់។
សម្ដេច ស ខេង ឲ្យដឹងដូច្នេះ ធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធិផលនានា នៅក្នុងវត្តគិរីជលសាកោះរ៉ុង ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងផងដែរថា វត្តគិរីជលសាកោះរ៉ុង រួមជាមួយសមិទ្ធផលនានា ដែលបានដាក់សម្ពោធនាពេលនេះ មិនត្រឹមតែបម្រើដល់វិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែថែមទាំងបាន ចូលរួមបម្រើដល់វិស័យផ្សេងៗទៀត ដូចជា ៖ វិស័យវប្បធម៌ ទេសចរណ៍ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេច ស ខេង បញ្ជាក់បន្ថែមថា ព្រះវិហារ បានធ្វើរួចរាល់ និងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ ក៏ប៉ុន្តែវត្ត នៅមិនទាន់បានរួចរាល់នៅឡើយទេ ដែលទាមទារឱ្យ អាជ្ញាធរ ខេត្ត ក្រុង ពុទ្ធបរិស័ទទីជិតឆ្ងាយ ចូលរួមក្នុងការកសាងទីអារាម វត្តគីរីជលសាកោះរ៉ុងនេះ បន្ថែមទៀត ដូចជា ៖ របង សួនច្បារ និងរូបសំណាក់សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យវត្តអារាម ជាកន្លែងជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ មានកន្លែងសមរម្យ និងចូលរួមលើកកម្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ វប្បធម៌ នៅលើក្រុងកោះរ៉ុងនេះផងដែរ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការសាងសង់ព្រះវិហារវត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ហើយបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង។ ព្រះវិហារនេះ មានទទឹង ១២,៦០ ម៉ែត្រ និងបណ្ដោយ ២៤ ម៉ែត្រ សាងសង់លើខឿនប្រទក្សិណ ទទឹង ៣៣,៣០ម៉ែត្រ បណ្តោយ ៧៤,៧ម៉ែត្រ រួមជាមួយនឹងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលមានការដំាដើមឈើ អណ្តូងទឹក ស្ថាបនាផ្លូវបេតុងជាដើម ចំណាយថវិកាប្រមាណ ២.៦៦៤.៤១៧ដុល្លារ។
ជាមួយគ្នានេះ ចំពោះការចាក់បំពេញដីឈូសឆាយផ្លូវ នៅផ្នែកខាងមុខ និងជុំវិញបរិវេណវត្ត គឺជាការចូលរួមចំណែកដោយសទ្ធាជ្រះថ្លា របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។ ហើយ ថវិកាដែលបានចំណាយ សម្រាប់ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានា នៅក្នុងវត្តគិរីជលសាកោះរ៉ុង កើតចេញពីសទ្ធាជ្រះថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រួមទាំងសប្បុរសជនជាតិ និងអន្តរជាតិ និងពុទ្ធបរិស័ទជិតឆ្ងាយ៕