ប្រឈមនឹងហានិភ័យនៃការបាត់បង់អំណាច លោក ណេតានយ៉ាហូ អំពាវនាវឲ្យមានការរួបរួមជាមួយលោក អេសិនកុត ដែលជាគូប្រជែង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងមានឆន្ទៈក្នុងការផ្ទេរអំណាចជាបណ្តោះអាសន្ន នៅក្នុងរដ្ឋាភិបាលរួបរួមមួយ ដែលនឹងដឹកនាំដោយលោក ហ្គាឌី អេសិនកុត (Gadi Eisenkot) ជាមុនសិន។ នេះគឺជាសញ្ញាថ្មីបំផុត ដែលបង្ហាញថា អតីតប្រមុខយោធារូបនេះ អាចនឹងបង្កើតរដ្ឋាភិបាលចម្រុះ ដែលគាំទ្រដោយគណបក្សប្រឆាំង ដោយមានបំណងបណ្តេញលោក ណេតាន់យ៉ាហ៊ូ ចេញពីនយោបាយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃអាទិត្យនេះ។
ការប្រកាសរបស់ លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ពីសម្ពាធ ដែលមេដឹកនាំ ដែលកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែលរូបនេះ កំពុងប្រឈម ខណៈលោក អេសិនកុត ទទួលបានការគាំទ្រពីដៃគូដ៏មានសក្តានុពល ដែលអាចអនុញ្ញាតឱ្យលោកបង្កើតរដ្ឋាភិបាលចម្រុះបាន។
លោក ណេតាន់យ៉ាហ៊ូ បានស្នើសុំចូលកាន់តំណែងក្នុងលំដាប់ទីពីរ តាមរយៈកិច្ចព្រមព្រៀងប្តូរវេនកាន់តំណែងជាមួយ លោក អេសិនកុត នៅក្នុងកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលរួបរួមមួយដែលបានស្នើឡើងដោយគណបក្សរៀងខ្លួនរបស់លោកទាំងពីរ។
លោក ណេតានយ៉ាហ៊ូ បានជ្រើសរើសលោក អេសិនកុត ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៧ ខែតុលា មិនមានសំឡេងគ្រប់គ្រាន់សម្រាប់លោកទាំងពីរអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។ លោក អេសិនកុត មានពេលរហូតដល់ថ្ងៃទី៦ ខែធ្នូ ដើម្បីបង្កើតរដ្ឋាភិបាល ហើយអាចនឹងពន្យារពេល ១៤ថ្ងៃបន្ថែមទៀតផងដែរ។
នៅសប្តាហ៍នេះ លោក អេសិនកុត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាធិបតេយ្យ ជាគណបក្សឆ្វេងនិយម និងគណបក្សស្តាំនិយមអ៊ីស្រាអែល បេតេនូ (Yisrael Beiteinu) ដែលការគាំទ្ររបស់គណបក្សទាំងពីរនេះ អាចជួយឱ្យលោកមានសំឡេងភាគច្រើន។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកគួរតែជាអ្នកដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែល។ ប៉ុន្តែដោយសារតែទំហំនៃការគំរាមកំហែង និងលទ្ធភាពដែលថា រដ្ឋាភិបាលបង្កើតឡើងថ្មីខាងមុខនេះ អាចគ្មានសមត្ថភាពដោះស្រាយគ្រោះថ្នាក់ចំពោះប្រទេសនោះ ការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំ តម្រូវឱ្យលោកទុកចោលការងារផ្សេងៗមួយឡែកសិន។
ជាការឆ្លើយតប លោក អេសិនកុត បាននិយាយថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រុមចរចារបស់គណបក្សយ៉ាសា (Yashar) របស់លោកបានព្យាយាមធ្វើការចរចាដ៏ពិតប្រាកដ ដោយស្មោះត្រង់ និងឆាប់រហ័ស ជាមួយគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ ប៉ុន្តែបានប្រឈមនឹងការបដិសេធ និងការគេចវេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


