នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ចេនសិន ហ៊ួង លាលែងពីតំណែងចំពេលមានរឿងអាស្រូវ ដែលធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនេះ ធ្លាក់ក្នុងភាពវឹកវរ
លោក ចេនសិន ហ៊ួង (Jensen Huang) បានលាលែងភ្លាមៗពីតំណែងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Nvidia ជាក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) ដ៏ធំមួយក្នុងពិភពលោក បន្ទាប់ពីមានការលាតត្រដាងថា លោកលួចមានទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍។ រឿងអាស្រូវ ដែលនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះធ្ងន់ធ្ងរនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិភពអ្នកជំនួញបច្ចេកវិទ្យា និងអ្នកនយោបាយនៅអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន BBC នៅថ្ងៃព្រឹកថ្ងៃសុក្រនេះ។
បច្ចុប្បន្ន ក្រុមហ៊ុន Nvidia កំពុងស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់សមាជិកសភាសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington DC) ដែលទាមទារឱ្យលោក ហ៊ួង ឆ្លើយបំភ្លឺថា តើទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងស្នេហា ដែលគេចោទប្រកាន់នោះ គឺជាទំនាក់ទំនងជាមួយចារកម្មចិនឬយ៉ាងណា។
ដោយសារតែភាពរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Nvidia បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុន Nvidia ខាតបង់តម្លៃមូលធនទីផ្សារភាគហ៊ុនចំនួន ៥៥០ពាន់លានដុល្លារ ខណៈរឿងអាស្រូវនេះ បានក្លាយជាប្រធានបទដ៏លេចធ្លោនៅលើបណ្តាញព័ត៌មាននានា។
លោកស្រី ខូឡេត ក្រេស (Colette Kress) នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Nvidia បានកោះប្រជុំបន្ទាន់មួយជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីអនាគតរបស់ក្រុមហ៊ុន។
ការចោទប្រកាន់អំពីសកម្មភាពរបស់លោក ហ៊ួង មិនត្រឹមតែអាចចាត់ទុកថា ជាការរំលោភលើពក្រមវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យក្រុមហ៊ុន Nvidia ប្រឈមនឹងការចោទសួរពីសំណាក់អ្នកនយោបាយអាមេរិក ដែលបានបង្ហាញក្តីបារម្ភអំពីហានិភ័យចំពោះសន្តិសុខជាតិទៀតផងដែរ។
លោក ហ៊ួង ដែលតំណាងឱ្យមុខមាត់ជាសាធារណៈរបស់ក្រុមហ៊ុន Nvidia តាំងពីឆ្នាំ១៩៩៣ មកនោះ បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា លោកពិតជាបានក្បត់ចិត្តភរិយារបស់លោកមែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ឈ្មោះ អាលីស ហ៊ួង (Alice Huang) ដែលត្រូវបានសង្ស័យថា ជាចារកម្មរបស់ចិន។
កាលពីថ្ងៃពុធ មានសេចក្តីរាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាមួយទៀត ដោយលើកនេះ គឺជាមួយស្ត្រីជាថ្នាក់ដឹកនាំម្នាក់នៅក្រុមហ៊ុន Nvidia តែម្តង។
អ្នកស្រី អាលីស ហ៊ួង ធ្លាប់ធ្វើការជាថ្នាក់ដឹកនាំនៅក្រុមហ៊ុនសិង្ហបុរីមួយឈ្មោះម៉េហ្គាស្ពីដ (Megaspeed)។ យោងតាមកាសែត New York Times អ្នកស្រី អាលីស ត្រូវបានគេសង្ស័យថាជាភ្នាក់ងារសម្ងាត់របស់ចិន។ ភាគីចិនបានបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា វាជាការមួលបង្កាច់។
ហើយលោក ថូត ប៊្លែនឆ៍ (Todd Blanche) មេធាវីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងយុត្តិធម៌មិនទាន់ឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេថា តើអ្នកស្រី អាលីស ហួង បានចូលរួមក្នុងសកម្មភាពចារកម្មឱ្យទីក្រុងប៉េកាំងឬយ៉ាងណានោះទេ។
ព្រឹទ្ធសមាជិក លោកស្រី អេលីហ្សាបេត វ៉រិន (Elizabeth Warren) និងលោក គ្រីស ខូន (Chris Coons) រួមជាមួយគណបក្សប្រជាធិបតេយ្យផ្សេងទៀត នៃគណៈកម្មាធិការកិច្ចការបរទេសសភាបានទាមទារជាសាធារណៈឱ្យលោក ហ៊ួង ចូលបំភ្លឺនៅសភាអំពីបញ្ហានេះ។
បុគ្គលិកព្រឹទ្ធសភាម្នាក់បានប្រាប់ BBC ថា ប្រសិនបើលោក ហ៊ួង បដិសេធមិនបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅចំពោះមុខគណៈកម្មាធិការណាមួយ នោះគាត់អាចត្រូវបានកោះហៅ។
ក្រុមមន្ត្រីនៅក្រុមហ៊ុន Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀត ចាប់តាំងពីថ្ងៃពុធមក។ រីឯតំណាងផ្ទាល់ខ្លួនរបស់លោក ហ៊ួង ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ទំនាក់ទំនងស្នេហាទីពីរក្រៅអាពាហ៍ពិពាហ៍របស់លោក ហ៊ួង គឺជាមួយអ្នកស្រី គីមប៊ឺលី ផូវែល (Kimberly Powell) ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៅក្រុមហ៊ុន Nvidia និងជាបុគ្គលិក ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់លោក។
ប្រភពនានាបានប្រាប់ BBC ថា បុគ្គលិកក្រុមហ៊ុន Nvidia បានកត់សម្គាល់ឃើញថា អ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាខុសពីធម្មតា។
បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Nvidia ដែលកំពុងបម្រើការ បានប្រាប់ BBC ថា ព័ត៌មានដំបូងៗអំពីអាកប្បកិរិយាមិនស្មោះត្រង់របស់លោក ហ៊ួង ត្រូវបានបុគ្គលិកទូទៅនៅក្នុងក្រុមហ៊ុនមិនសូវយកចិត្តទុកដាក់ ឬចាត់ទុកថា ជារឿងមិនសំខាន់ទេ។
បុគ្គលរូបនោះបានបន្តថា នៅពេលរឿងអាស្រូវស្នេហា ដែលគេសង្ស័យរវាងលោក ហ៊ួង ជាមួយថ្នាក់ដឹកនាំម្នាក់នៅក្រុមហ៊ុន Nvidia បានបែកធ្លាយជាសាធារណៈ ទើបបុគ្គលិកទាំងអស់ចាប់ផ្តើមមានអារម្មណ៍មិនសប្បាយចិត្ត។ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ខ្លួនគ្មានហេតុផលអ្វី ដែលត្រូវជឿថា សន្តិសុខជាតិ ឬព័ត៌មានសម្ងាត់របស់ Nvidia ត្រូវបានប៉ះពាល់នោះទេ ប៉ុន្តែបានសន្យាថា ការស៊ើបអង្កេតដោយឯករាជ្យរបស់ខ្លួននឹងពិនិត្យមើលរាល់ព័ត៌មាន ដែលមានទាំងអស់។
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននេះ គឺកើតមាន ក្រោមដឹកនាំដោយលោក ចេនសិន ហ៊ួង ដែលបានក្លាយជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញវិស័យបញ្ញាសិប្បនិម្មិត (AI) ហើយវិស័យនេះ ពឹងផ្អែកលើក្រុមហ៊ុន Nvidia ដែលផលិតបន្ទះឈីបកុំព្យូទ័រដ៏មានសមត្ថភាពខ្ពស់។
បច្ចុប្បន្ន ក្រុមហ៊ុន Nvidia កំពុងស្វែងរកអ្នកមកជំនួសតំណែងលោក ហ៊ួង ជាអចិន្ត្រៃយ៍។ ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍នេះ លោកស្រី ខូឡេត ក្រេស ជានាយកផ្នែកហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិស្តីទី៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


