ប្រជាជនអេស្បាញប្រមាណ ៤លាននាក់ធ្វើកូដកម្មទូទាំងប្រទេសលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ដោយសារមិនសប្បាយចិត្តនឹងវិបត្តិលំនៅឋាន
សហជីពអះអាងថា កម្មករអេស្ប៉ាញចំនួន៤លាននាក់បានចូលរួមធ្វើកូដកម្មទូទាំងប្រទេសកាលពីថ្ងៃពុធ ដោយពួកគេត្រូវតស៊ូទប់ទល់នឹងអាកាសធាតុ ដែលមានព្យុះផងភ្លៀងផង ដើម្បីរៀបចំការតវ៉ាប្រឆាំងនឹងវិបត្តិលំនៅឋាន ដែលមានតម្លៃថ្លៃហួសពីលទ្ធភាពប្រជាពលរដ្ឋ ស្របពេលនៅសល់ពេលមិនដល់៣សប្តាហ៍ទៀត ការបោះឆ្នោតសកលនឹងឈានមកដល់។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នេះ គឺជាការធ្វើកូដកម្មទូទាំងប្រទេសលើកដំបូងហើយ ចាប់តាំងពីកម្មករធ្លាប់បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការកាលពីឆ្នាំ២០១២ ដើម្បីប្រឆាំងនឹងវិធានការរឹតត្បិតការចំណាយ អំឡុងពេលមានវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូ។
កូដកម្មនេះ ទទួលបានការគាំទ្រពីសហជីពធំជាងគេចំនួនពីរនៅប្រទេសអេស្ប៉ាញ គឺ UGT និង CCOO ដែលតំណាងឱ្យកម្មករជាងមួយលាននាក់ ព្រមទាំងសមាគមអ្នកជួលផ្ទះ ដែលកំពុងខឹងសម្បារនឹងការដំឡើងថ្លៃឈ្នួលផ្ទះ និងការបណ្តេញអ្នកជួលផ្ទះចេញពីកន្លែងស្នាក់នៅ។
នាយករដ្ឋមន្ត្រី ផេដ្រូ សាន់ឆេស (Pedro Sanchez) សង្ឃឹមថា នឹងទាញយកប្រយោជន៍ពីការមិនសប្បាយចិត្តរបស់អ្នកបោះឆ្នោតជុំវិញបញ្ហាផ្ទះសម្បែង នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីករណីពុករលួយ ដែលពាក់ព័ន្ធនឹងមនុស្សជំនិតៗរបស់លោក និងហេតុការណ៍គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់កាលពីខែមុន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គណបក្សសង្គមនិយម (Socialist Party) របស់លោក នៅតែមានសំឡេងគាំទ្រទាបជាងគណបក្សផ្សេងទៀត នៅក្នុងការស្ទង់មតិ។
សហជីពនានាបានចាត់ទុកការធ្វើកូដកម្មនេះថា ជាជោគជ័យ ទោះបីជាកម្រិតនៃការចូលរួមមានភាពខុសគ្នាទៅតាមតំបន់នានាក្នុងប្រទេសអេស្ប៉ាញក៏ដោយ ដោយមានការគាំទ្រខ្លាំងបំផុត គឺនៅតាមតំបន់ឆ្នេរសមុទ្រ ជាកន្លែងដែលបញ្ហាទាក់ទងនឹងកន្លែងស្នាក់នៅមានភាពធ្ងន់ធ្ងរ។
ក្នុងទីក្រុងម៉ាឌ្រីដ ក្រុមអ្នកតវ៉ាបានស្រែកហ៊ោអបអរសាទរ នៅពេលដែលហាងនានា រួមមាន Primark H&M និង Pull & Bear បានទាញទ្វារដែកបិទ ខណៈមានវត្តមានកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្មជាច្រើនប្រចាំការនៅទីនោះ។
ស្រដៀងគ្នានេះដែរ ហាងជាច្រើននៅទីក្រុងបាសេឡូណាក៏បានបិទទ្វារ និងយកក្តារមកបិទបាំងបន្ថែមដែរ ជាការត្រៀមទុកជាមុនសម្រាប់ករណីមានភាពវឹកវរ។
យោងតាមធនាគារកណ្តាល ប្រទេសអេស្ប៉ាញកំពុងខ្វះខាតលំនៅឋានប្រហែល ៧៥០ ០០០ ខ្នង ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាងមួយលានខ្នងនៅត្រឹមឆ្នាំ២០២៨។
ដោយសារពលរដ្ឋ ដែលមានលទ្ធភាពទិញផ្ទះមានចំនួនតិច ថ្លៃជួលផ្ទះបានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីផ្សារនេះស្ថិតក្រោមសម្ពាធ។ យោងតាមក្រុមប្រឹក្សាយុវជននៃប្រទេសអេស្ប៉ាញ (Youth Council of Spain) តម្លៃជួលផ្ទះជាមធ្យមចំនួន ១.១៧៦អឺរ៉ូ (១៣១៥ដុល្លារ) គឺស្មើនឹងប្រហែល ៩៨,៧% នៃប្រាក់ខែជាមធ្យមប្រចាំខែរបស់យុវជនម្នាក់នៅក្នុងប្រទេសអេស្ប៉ាញ។
លោកស្រី អែនជេឡា ដឺ មីហ្គែល (Angela de Miguel) អនុប្រធានក្រុមហ៊ុន CEOE ដែលជាស្ថាប័នធុរកិច្ចដ៏សំខាន់មួយនៅប្រទេសអេស្ប៉ាញ បានលើកឡើងថា ការធ្វើកូដកម្មនេះ គឺជារឿង ដែលមិនផ្តល់ផលល្អនោះទេ ព្រោះអាជីវកម្មខ្នាតតូចក៏រងផលប៉ះពាល់ពីវិបត្តិលំនៅឋានដែរ ដោយសារការខ្វះខាតលំនៅឋានធ្វើឱ្យការជ្រើសរើសបុគ្គលិកជួបការលំបាកកាន់តែខ្លាំង។
ថ្លែងតាមស្ថានីយទូរទស្សន៍រដ្ឋ TVE លោកស្រីបានលើកឡើងថា ដំណោះស្រាយ គឺការសាងសង់លំនៅឋានឱ្យបានកាន់តែច្រើន និងការកាត់បន្ថយពន្ធលើវិស័យសំណង់ ក៏ដូចជាក្នុងដំណើរការទិញលំនៅឋាន។
សហជីពអ្នកជួលផ្ទះបានលើកឡើងថា ខ្លួននៅតែរំពឹងថា ចំនួនអ្នកចូលរួមក្នុងការធ្វើកូដកម្មនឹងកើនឡើងដល់ ៥លាននាក់នៅត្រឹមចុងថ្ងៃព្រហស្បតិ៍នេះ។ យោងតាមវិទ្យាស្ថានស្ថិតិជាតិ ប្រទេសអេស្ប៉ាញមានកម្មករនិយោជិតប្រហែល២៣លាននាក់។
យោងតាមសហជីព UGT និង CCOO បានឱ្យដឹងថា ការចូលរួមក្នុងសកម្មភាពកូដកម្មបានកើនឡើងដល់៩០% នៅតាមកំពង់ផែ និងនៅក្នុងវិស័យផលិតរថយន្ត ដោយមានសេចក្តីរាយការណ៍អំពីការផ្អាកសកម្មភាពការងារទាំងស្រុង នៅតាមរោងចក្រនានា រួមទាំងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Volkswagen និងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន SEAT នៅ Barcelona ផងដែរ។
យោងតាមក្រុមហ៊ុន Red Electrica ដែលជាប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអេស្ប៉ាញឱ្យដឹងថា តម្រូវការអគ្គិសនីបានធ្លាក់ចុះរហូតដល់១៥,៥% នៅចន្លោះម៉ោង១០ព្រឹក ដល់ម៉ោង១១ព្រឹក។
ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងបាសេឡូណាបានឱ្យដឹងថា មិនមានរថភ្លើងរត់នៅក្រៅម៉ោងដែលមានអ្នកដំណើរច្រើននោះទេ ខណៈប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងម៉ាឌ្រីដបានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់ អំឡុងម៉ោងដែលមមាញឹកខ្លាំង បានថយចុះ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណា បើតាមលោក មីហ្គែល កាដូសូ (Miguel Cardoso) ប្រធានសេដ្ឋវិទូនៅស្ថាប័នស្រាវជ្រាវ BBVA Research បានឱ្យដឹងថា ដោយសារមានមនុស្សកាន់តែច្រើនឡើងអាចធ្វើការពីចម្ងាយ និងដោយសារវិស័យសេវាកម្មកាន់តែមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចអេស្ប៉ាញ ផលប៉ះពាល់ នៃការធ្វើកូដកម្មនេះទំនងជានឹងមិនសូវធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះទេ។ លោកបានប៉ាន់ប្រមាណថា ការធ្វើកូដកម្មនេះអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសអេស្ប៉ាញថយចុះពី០,១% ទៅ០,២%។
ដោយឡែក វិស័យបដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសអេស្ប៉ាញ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនោះ មានអត្រានៃការចូលរួមទាបជាងវិស័យសាធារណៈ និងវិស័យឧស្សាហកម្ម។
គិតដល់ពេលនេះ ប៉ូលិសបានរាយការណ៍ពីការចាប់ខ្លួនមនុស្សចំនួន ៤០នាក់ ពាក់ព័ន្ធនឹងហេតុការណ៍ចំនួន ៤៧៦ករណី ដែលជាប់ទាក់ទងនឹងការធ្វើកូដកម្មទូទៅ រួមមានការបិទផ្លូវចូលការិយាល័យ និងតំបន់ឧស្សាហកម្ម ព្រមទាំងការដុតធុងសំរាម។
សហជីពអះអាងថា ពួកគេនឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអ្វីដែលពួកគេបានហៅថា ជាការឆ្លើយតបមិនសមាមាត្រ អំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ដែលមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងឆក់ ឬដំបងវាយ ដែលបណ្តាលឱ្យអ្នកតវ៉ាចំនួន២០នាក់រងរបួស៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


