ការស្ទង់មតិថ្មីមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
យោងតាមលទ្ធផលស្ទង់មតិថ្មីមួយរបស់ទីភ្នាក់ងាររ៉យទ័រ (Reuters) និងក្រុមហ៊ុនអ៊ីបស៊ូស(Ipsos) បានឱ្យដឹងថា ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាសហរដ្ឋអាមេរិក ដែលទើបជាប់ឆ្នោតថ្មីៗនេះ និងមានគណបក្សប្រជាធិបតេយ្យកាន់កាប់សំឡេងភាគច្រើននោះ ចាត់វិធានការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ព្រមទាំងលុបចោលគោលនយោបាយពន្ធគយ ដែលដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបង្ហាញពីតម្រូវការឱ្យមានវិធានការឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាថ្លៃចំណាយក្នុងការរស់នៅកើនឡើងខ្ពស់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ។
ការស្ទង់មតិរយៈពេលបួនថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ បានបង្ហាញថា ៧១% នៃប្រជាជនអាមេរិក (ក្នុងនោះមាន៩៣% នៅក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និង ៥១% នៅក្នុងចំណោមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ) ចង់ឱ្យសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដើម្បីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ដែលលោក ត្រាំ បានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈនោះ។
នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន គណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះ ដោយមានសំឡេងភាគច្រើនលើសលប់បំផុតនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ចាប់តាំងពីឆ្នាំ២០០៨មក។
លទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាប្រឆាំងនឹងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ដោយសារតែការចំណាយលើការរស់នៅកាន់តែខ្ពស់ និងការធ្វើសង្គ្រាម ដែលប្រជាពលរដ្ឋមិនពេញចិត្តយ៉ាងខ្លាំងនោះ។ គណបក្សប្រជាធិបតេយ្យនឹងចូលកាន់អំណាច នៅពេលដែលសភាអាមេរិកអាណត្តិថ្មីស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែមករា។
អ្នកឆ្លើយតប ៦២% ផ្សេងទៀត បានលើកឡើងថា ពួកគេនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបចោលពន្ធលើទំនិញនាំចូល ដែលត្រូវបានដាក់ឱ្យអនុវត្តដោយរដ្ឋបាលរបស់លោក ត្រាំ។
សង្គ្រាមជាមួយអ៊ីរ៉ង់បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំង ដែលនេះបានបន្ថែមសម្ពាធលើអតិផរណា ដែលកំពុងកើនឡើងស្រាប់ទៅហើយ ដោយសារពន្ធថ្មីៗដែលលោក ត្រាំ បានដាក់លើទំនិញនាំចូលរាប់រយមុខ។
ទោះបីជាយ៉ាងណា លោក ត្រាំ បានការពារការធ្វើសង្គ្រាមនេះ ដោយលើកឡើងថា វាជារឿងចាំបាច់ ដើម្បីទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ ចំពោះពន្ធលើទំនិញនាំចូលទាំងនោះ លោកបាននិយាយថា វានឹងជួយជំរុញឧស្សាហកម្មអាមេរិក និងការពារឧស្សាហកម្មទាំងនេះពីទំនិញនាំចូលដែលមានតម្លៃថោក។
មេដឹកនាំគណបក្សប្រជាធិបតេយ្យបានប្តេជ្ញាដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងការចំណាយសម្រាប់ជីវភាពរស់នៅ ហើយបានលើកឡើងថា ពួកគេនឹងព្យាយាមជំរុញឱ្យបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សមាជិកជាច្រើននៅក្នុងគណបក្សនេះ ក៏បានប្តេជ្ញាបញ្ចប់វិធានការដំឡើងពន្ធរបស់លោក ត្រាំ ផងដែរ។
ប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលគាំទ្រគណបក្សនយោបាយទាំងពីរ បានលើកឡើងថា វាជារឿងសំខាន់ ដែលលោក ត្រាំ ត្រូវខិតខំធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ហើយថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាអាណត្តិថ្មី ក៏ត្រូវព្យាយាមធ្វើការជាមួយប្រធានាធិបតីផងដែរ។
អ្នកឆ្លើយសំណួរចំនួន៩ ក្នុងចំណោម១០នាក់ បានលើកឡើងថា បញ្ហាទាក់ទងនឹងការចំណាយសម្រាប់ការរស់នៅ គួរតែជាចំណុច ដែលសភាត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃអាណត្តិថ្មីរបស់ខ្លួន។ ចំណែកអ្នកឆ្លើយសំណួរមួយចំនួនតូចចង់ឱ្យមានការផ្តោតលើបញ្ហាផ្សេងទៀត ដូចជាការគ្រប់គ្រងលើបញ្ញាសិប្បនិម្មិត (AI) ការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ប៉ុន្តែជនជាតិអាមេរិកជាច្រើនហាក់មានក្តីបារម្ភថា គណបក្សប្រជាធិបតេយ្យនឹងប្រើប្រាស់អំណាចថ្មីរបស់ខ្លួន ដើម្បីផ្តួចផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងលោក ត្រាំ។
អ្នកចូលរួមការស្ទង់មតិប្រហែល៤២% បានលើកឡើងថា វាអាចជារឿងមិនល្អសម្រាប់ប្រទេសជាតិ ប្រសិនបើសភាថ្មីព្យាយាមចោទប្រកាន់ ដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈដែល៣៣% ទៀតយល់ថា ការធ្វើបែបនេះ គឺជារឿងល្អសម្រាប់ប្រទេសជាតិទៅវិញទេ។ ចំណែកអ្នកដែលនៅសល់ គឺមិនច្បាស់លាស់ ឬមិនបានឆ្លើយតបចំពោះសំណួរនេះទេ។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមានការខ្វែងគំនិតគ្នាខ្លះលើនីតិវិធីកាត់បន្ថយថ្លៃចំណាយផ្នែកថែទាំសុខភាព ហើយក៏មានការខ្វែងគំនិតគ្នាផងដែរអំពីកម្រិតនៃភាពតឹងរ៉ឹងជុំវិញវិធានការប្រឆាំងនឹងលោក ត្រាំ រួមទាំងការពិចារណាថា តើគួរចោទប្រកាន់ ដើម្បីទម្លាក់ប្រធានាធិបតីរូបនេះ ឬសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចេញពីតំណែងផងដែរឬយ៉ាងណា។
ទោះបីជាលោក ត្រាំ បាននិយាយក្រោយការបោះឆ្នោតថា លោកអាចធ្វើការជាមួយគណបក្សប្រជាធិបតេយ្យក៏ដោយ ក៏លោកបានតែងតាំងលោក ស្ទេហ្វិន មីលល័រ (Stephen Miller) ជាជំនួយការម្នាក់ ដែលមានភាពតឹងរ៉ឹង និងធ្លាប់ហៅគណបក្សប្រជាធិបតេយ្យថា ជាក្រុមជ្រុលនិយមក្នុងស្រុកនោះ ឱ្យមកកាន់តំណែងជាប្រធានខុទ្ទកាល័យសេតវិមានថ្មីរបស់លោក។
ខណៈការស្ទង់មតិបានបង្ហាញថា កម្រិតនៃការគាំទ្រចំពោះលោក ត្រាំ ស្ថិតនៅជិតកម្រិតទាបបំផុតក្នុងអាជីពនយោបាយរបស់លោក គឺត្រឹម៣២% នោះ វាក៏បានបង្ហាញផងដែរថា គណបក្សប្រជាធិបតេយ្យក៏មិនសូវទទួលបានការពេញនិយមប៉ុន្មានដែរ។
ប្រជាជនអាមេរិកប្រហែល៤៥% មានទស្សនៈវិជ្ជមានចំពោះគណបក្សប្រជាធិបតេយ្យ ខណៈដែល ៥១% មានទស្សនៈអវិជ្ជមាន។ ចំណែកឯគណបក្សសាធារណរដ្ឋវិញ មានប្រជាជន ៣៥% មានទស្សនៈវិជ្ជមានចំពោះគណបក្សនេះ ហើយ៦០% មានទស្សនៈអវិជ្ជមាន។
នៅពេលត្រូវបានសួរថា តើគណបក្សមួយណាមានវិធីសាស្ត្រល្អជាងក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ដែលអាចជាបញ្ហាសំខាន់មួយសម្រាប់សភាអាមេរិកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អ្នកឆ្លើយតប ២៨% បានជ្រើសរើសគណបក្សប្រជាធិបតេយ្យ និង២០% បានជ្រើសរើសគណបក្សសាធារណរដ្ឋ ខណៈអ្នកផ្សេងទៀតបាននិយាយថា ពួកគេមិនច្បាស់លាស់ ឬយល់ថា គ្មានគណបក្សណាមួយល្អជាងគណបក្សមួយនោះទេ។
ការស្ទង់មតិរបស់ Reuters/Ipsos ដែលធ្វើឡើងតាមអ៊ីនធឺណិតនៅទូទាំងសហរដ្ឋអាមេរិក បានប្រមូលមតិពីមនុស្សពេញវ័យជនជាតិអាមេរិកចំនួន ១.៧០៥នាក់ ហើយការស្ទង់មតិនេះ មានកម្រិតនៃកំហុសប្រហែលត្រឹម ២ភាគរយ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


