ក្រុមហ៊ុន Nvidia កំពុងស៊ើបអង្កេតជុំវិញព័ត៌មានថា នាយកប្រតិបត្តិរបស់ខ្លួន លោក ចេនសិន ហ៊ួង ធ្លាប់ជាគោលដៅរបស់ចារកម្មបរទេស

ក្រុមហ៊ុន អែនវីឌា (Nvidia) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតថា តើលោក ចេន​សិន ហ៊ួង (Jensen Huang) នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ​ ធ្លាប់ជាគោលដៅ​នៃប្រតិ​បត្តិ​ការចារកម្ម​សម្ងាត់របស់បរទេស​មែន​​ឬ​យ៉ាង​​ណា​។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានមួយបានចោទប្រកាន់ថា លោក​មានទំនាក់ទំនងជិតស្និទ្ធជា​មួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលបានបញ្ជូនព័ត៌មានទៅឱ្យ​ក្រុង​ប៉េកាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យ​ទ័រ​ នៅថ្ងៃ​ចន្ទ​នេះ។

លោក ចេនសិន ហ៊ួង​ បានសារភាព​តាម​រយៈ​សារមួយផ្ញើទៅកាន់​បុគ្គលិករបស់​លោក​ថា លោក​បានក្បត់ភរិយារបស់​ខ្លួន ហើយលោកទទួលខុសត្រូវ «ទាំងស្រុង» ចំពោះទង្វើរបស់លោក​។ ស្របពេល​ជាមួយ​គ្នា​នេះដែរ​ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះនៅតែប្តេជ្ញាបន្តដឹកនាំក្រុមហ៊ុនដដែល ដោយគ្មាន​ការរំខានអ្វីឡើយ។

ការវិវឌ្ឍន៍ថ្មី​នេះ ទំនងជាដាក់សម្ពាធលើភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី​​​ ដែល​បានធ្លាក់​​ចុះយ៉ាងគំហុក​​នាពេលថ្មីៗនេះ​ ចំពេលមានការព្រួយបារម្ភអំពីនិរន្តរភាពនៃវិស័យ​បញ្ញា​សិប្បនិម្មិត​​ AI ហើយក៏អាចនឹង​ចោទ​ជាសំណួរអំពីអនាគតរបស់លោក ហ៊ួង​ ក្នុងនាមជាថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ដែលលោក​បានរួម​គ្នា​បង្កើត​ឡើង​ជាមួយ​សហស្ថាបនិក​ផ្សេងទៀត​នោះ​។

កាសែត The New York Times បានរាយការណ៍កាលពីខែមុនថា លោក ហ៊ួង​ មានទំនាក់ទំ​នង​ជាមួយអ្នកស្រី អាលីស ហ៊ួង (Alice Huang) ជាអតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េហ្គាស្ពីត​ (Megaspeed) មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយអ្នកស្រីត្រូវបានអាជ្ញាធរអាមេរិក​ស៊ើប​អង្កេត និង​សន្និដ្ឋានថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន។

អាជ្ញាធរអាមេរិកបានពិនិត្យយ៉ាងហ្មត់ចត់លើក្រុមហ៊ុន Megaspeed ដែលទិញបន្ទះឈីប AI ពីក្រុម​ហ៊ុន Nvidia ដោយសារមានការសង្ស័យថា ក្រុមហ៊ុននេះបានជួយទីក្រុងប៉េកាំងឱ្យទទួលបានបន្ទះឈីប AI ​ទំនើប​ ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិននោះ​។

ក្រុមហ៊ុន NVIDIA បាន​អះអាងថា​ ក្រុមប្រឹក្សាភិបាល​​របស់​ខ្លួន​កំពុងចាប់ផ្តើមការស៊ើបអង្កេត​ឯក​​រាជ្យមួយ បន្ទាប់​ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា លោក ចេ​នសិន ហ៊ួង​ ជាស្ថាបនិក និ​ង​ជានាយកប្រតិបត្តិ​ក្រុមហ៊ុននេះ​ បាន​​ក្លាយ​ជា​គោលដៅរបស់​ចារកម្ម​សម្ងា​ត់​របស់បរទេស។ គណៈកម្មាធិការមួយ ដែលរួមមានសមាជិកក្រុមប្រឹក្សា​ភិបាល​ឯករាជ្យ ដោយមានជំនួយពីទីប្រឹក្សាច្បាប់ឯករាជ្យមកពីខាងក្រៅ នឹងធ្វើការត្រួតពិនិត្យលើការស៊ើបអង្កេតនេះ។

ក្រុមហ៊ុនបានបញ្ជាក់​កាលពីថ្ងៃអាទិត្យថា ទោះបីជាក្រុមប្រឹក្សាភិបាលរបស់ខ្លួនមិនមានហេតុផលណាមួយ ដែលធ្វើ​ឱ្យ​ជឿថា សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬអាថ៌កំបាំងរបស់ក្រុមហ៊ុន Nvidia ត្រូវបានលាតត្រដាង​ឬបែកធ្លាយ​ក៏ដោយ ក៏ការស៊ើបអង្កេតរបស់ខ្លួននឹងពិនិត្យ​មើល​រាល់ព័ត៌មានទាំងអស់ដែលមាន។

សេចក្តីរាយការណ៍បានបន្ថែមថា លោក ហ៊ួង គាំទ្រយ៉ាងពេញទំហឹងចំពោះការត្រួតពិនិត្យនេះ ហើយបានប្តេជ្ញាថា នឹងសហការក្នុងដំណើរការនេះ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលោក ហ៊ួង​ ឡើយ នៅពេល ដែលត្រូវបានអ្នកសារព័ត៌មានសួរនាំកាលពីល្ងាច​ថ្ងៃអាទិត្យ។

ការស៊ើបអង្កេតនេះបានបង្កើនសម្ពាធបន្ថែមទៀតលើក្រុមហ៊ុន Nvidia ក្នុងគ្រាដែលវិនិយោ​គិន​​កំពុងកាត់​បន្ថយ​​ការ​វិនិយោគ​របស់ខ្លួន​រួចទៅហើយ ជុំវិញ​ភាព​មិនប្រាកដ​ប្រជា​អំពី​និរន្ត​រ​ភាព​នៃ​ទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលក្នុងនោះ ក្រុមហ៊ុននេះ គឺជាអ្នកនាំមុខគេ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃទីផ្សារ ៤,៥ ទ្រី​លានដុល្លារនេះ បាន​បាត់​បង់រាល់ប្រាក់ចំ​ណេញ​ ដែលរកបានក្នុងឆ្នាំនេះ ខណៈទីផ្សារបច្ចេកវិទ្យាទាំងមូលកំពុងមាន​ការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារក្តីបារម្ភអំពីនិរន្តរភាព​នៃវិស័យ AI។

លោក ឌែន អាយស៍ (Dan Ives) ជា​ដៃគូ និងជានាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនយ៉ក​វីល អាយស៍ កូ​ (Yorkville Ives & Co.) បាន​និយាយថា វាពិតជាមានហានិភ័យ ហើយ​ថា លោក ចេន​សិន​ ហ៊ួង​ អាចនឹងត្រូវដក​ចេញ​ពីតំណែងជានាយកប្រតិបត្តិ ដោយអាស្រ័យលើលទ្ធផល​ នៃការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាភិបាល។ ករណីនេះ​នឹងបង្កើនហានិភ័យដល់ភាគហ៊ុនរបស់​ក្រុមហ៊ុនផងដែរ​ ដោយសារលោក ហ៊ួង​ គឺជាបុគ្គលសំខាន់បំផុតសម្រាប់​ដំណើររឿង និង​យុទ្ធ​សាស្ត្រសកលរបស់ក្រុមហ៊ុន Nvidia។

លោក អាយស៍​ បាននិយាយថា នេះ គឺជាហេតុការណ៍ដ៏អាក្រក់មួយសម្រាប់លោក ចេនសិន​ ដែលនឹងនាំ​ឱ្យមានការស៊ើបអង្កេតជាច្រើនទៀត​ពីសភាអាមេរិក​ ហើយវាក៏នឹងក្លាយជាកត្តាដាក់​សម្ពាធ​លើតម្លៃភាគហ៊ុនផងដែរ ដោយ​លោកបន្ថែម​ថា ដំណឹងនេះនឹងនាំឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន។

លោក ហ៊ួង បានទទួលស្គាល់ថា លោក​បានក្បត់ចិត្តភរិយារបស់​លោក ហើយ​ថា ទង្វើរបស់លោក​​បានធ្វើឱ្យប្រពន្ធ​និងកូនៗឈឺចាប់ ហើយ​លោក​គ្មាន​ហេតុផលអ្វីត្រូវ​ដោះសារឡើយ​។

សមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអំពាវនាវឱ្យលោក ហ៊ួង​ ចូលមកបំភ្លឺ​ជូនសភានៅខែនេះ ជុំវិញ​សេចក្តី​រាយ​ការណ៍របស់កាសែត New York Times។

នៅក្នុងលិខិតមួយចុះថ្ងៃទី៤ ខែវិច្ឆិកា សមាជិកសភាទាំងនោះបានលើកឡើងថា សេចក្តី​រាយ​ការ​ណ៍នេះបាន​ចោទ​ថា វា​​ជា​​ក្ដីបារម្ភ​យ៉ាង​ខ្លាំងពាក់ព័ន្ធនឹងសន្តិសុខជាតិ អំពីលទ្ធភាពដែល (ប្រទេសចិន) អាចទទួលបានបច្ចេកវិទ្យា និង​ព័ត៌មានដ៏រសើបរបស់អាមេរិក។

លិខិត​ដដែល​បន្ត​ថា វាជារឿងចាំបាច់បំផុត ដែលសភាត្រូវកំណត់ឱ្យបានច្បាស់ថា តើសន្តិសុខជាតិរបស់អាមេរិកកំពុងប្រឈមនឹងហានិភ័យកម្រិតណា។

ចាប់តាំងពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការរឹតត្បិត​លើ​ការនាំចេញ ដោយ​​មានគោល​បំណង​កម្រិត​លទ្ធភាពរបស់ប្រទេសចិន ក្នុងការទទួលបានបន្ទះឈីបទំនើប​ៗ​ របស់ក្រុមហ៊ុន Nvidia និង​ឧបករណ៍​ចាំបាច់សម្រាប់ការផលិតបន្ទះឈីបទាំងនោះ។

លោក ហ៊ួង​ ដែលបានរួមគ្នាបង្កើតក្រុមហ៊ុន Nvidia ក្នុងឆ្នាំ១៩៩៣ បាននិយាយថា លោកប្តេជ្ញា​ការពារក្រុមហ៊ុន NVIDIA និងគាំទ្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

កាលពីមុន ក្រុមហ៊ុន​ Nvidia បានអះអាង​ថា លោក ហ៊ួង​ តែងតែពិភាក្សាជាមួយថ្នាក់ដឹកនាំ​នៃក្រុមហ៊ុន​រាប់ពាន់នាក់ ដែលជា​អតិថិជនរបស់​ក្រុមហ៊ុន​ Nvidia ជារៀងរាល់ឆ្នាំ ហើយអតិថិជន ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​ក្លោដ​ (cloud) នៅអាស៊ី ទទួលបានត្រឹមតែព័ត៌មានអាជី​វកម្មទូទៅ​ប៉ុណ្ណោះ មិនមែនជាព័ត៌មានសម្ងាត់ពាណិជ្ជកម្មដ៏រសើបរបស់ Nvidia ឬអ្វី ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះទេ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង