លោក ត្រាំ តែងតាំងលោក ស្ទេហ្វិន មីលល័រ ដែលមានជំហរតឹងរ៉ឹង ជានាយកខុទ្ទកាល័យ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងលោក ស្ទីហ្វិន មីលល័រ (Stephen Miller) ជាជំនួយការយូរឆ្នាំ ឱ្យកាន់តំណែងជានាយក​ខុទ្ទ​កាល័យរបស់​លោក។ ការតែងតាំងនេះបានផ្តល់តួនាទីដ៏មានអំណាចបំផុតមួយទៅឱ្យបុគ្គល ដែលជា​អ្នករៀបចំគោលនយោបាយក្នុងស្រុកដ៏តឹងរ៉ឹងបំផុត​ម្នាក់​របស់ ត្រាំ​ ស្របពេល ដែលគណបក្ស​សាធារណរដ្ឋបានបាត់បង់ការគ្រប់គ្រងលើអំណាច​សភា។ នេះបើ​តាម​សេចក្តី​រាយការណ៍​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ ​នៅថ្ងៃ​សៅរ៍​នេះ។​

លោក មីលល័រ​ ដែលនឹងមកជំនួសតំណែងលោកស្រី ស៊ូស៊ី វ៉ាលស៍​ (Susie Wiles) នឹង​ចូលកាន់តួ​នាទីនេះ ខណៈ​គ្រាដែល​លោក​ប្រធានាធិបតីត្រៀមខ្លួនប្រឈមមុខនឹងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្ស​ប្រជាធិបតេយ្យ ព្រមទាំងរលកនៃការស៊ើបអង្កេតនា​នា​ពីសំណាក់សភា ទៅលើរដ្ឋបាលរបស់លោក។

ក្នុងនាមជាអ្នកគាំទ្រដ៏យូរអង្វែង​ម្នាក់ ការចូលកាន់តំណែង​របស់​ លោក មីលល័រ​ ​កើត​ឡើង​ចំ​ពេល​គណបក្ស​សាធារណ​រដ្ឋបរាជ័យ​នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ហើយ​លទ្ធផល​នេះ អាចធ្វើឱ្យលោក ត្រាំ​ កាន់តែពឹងផ្អែកខ្លាំង​លើអំណាចប្រតិបត្តិ ដើម្បីជំរុញរបៀបវារៈគោលនយោបាយក្នុងស្រុក​។

តាម​រយៈ​សារ​លើបណ្តាញសង្គមមួយ លោក ដូណាល់ ត្រាំ បានហៅលោក មីលល័រ ថា ជាទីប្រឹ​ក្សាដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់លោក​ និង​បានកោតសរសើរលោកស្រី វ៉ាលស៍ ថា​បំពេញ​​ការងារបាន​យ៉ាង​ល្អនាពេល​កន្លងមក​។ លោក ត្រាំ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមមានសុពលភាពពី​ថ្ងៃចន្ទតទៅ​។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា ការតែងតាំងលោក មីលល័រ​ បង្ហាញឱ្យឃើញថា លោក ត្រាំ​ មិនមានបំណងពិចារណាឡើងវិញលើគោលនយោបាយរបស់លោក​នោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកកំពុងផ្តល់រង្វាន់ដល់ជំនួយការ ដែលស្មោះត្រង់បំផុតចំពោះរូបលោក។

មន្ត្រីរូបនោះបាននិយាយថា លោក ត្រាំ មិនផ្លាស់ប្តូរទិសដៅនោះទេ ទោះបីជាអ្នកបោះឆ្នោតអាមេរិកចំនួនរាប់​លាន​​​នាក់ បានបដិសេធរបៀបវារៈក្នុងស្រុក និងគោលនយោបាយការបរទេស​របស់លោកក៏ដោយ។

លោក ត្រាំ បានថ្លែងនៅ​សប្តាហ៍នេះថា លោកមានឆន្ទៈធ្វើការជាមួយសមាជិកគណបក្សប្រជាធិបតេយ្យនៅសភា។ ប៉ុន្តែមន្ត្រីសេតវិមានមួយចំនួនបានលើកឡើងថា ការតែងតាំងលោក មីលល័រ ដែលគេស្គាល់ថា ជាមនុស្សមានសម្តី​មុត​ស្រួច និងមិនងាយ​សម្របសម្រួលនោះ អាចជាសញ្ញាបង្ហាញពីវិធីសាស្ត្របែបប្រឈមមុខដាក់គ្នាខ្លាំងជាងមុន និង​ជាការជំរុញជាថ្មី ដើម្បីអនុវត្ត​គោលនយោបាយរបស់លោក ត្រាំ​ ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ និងបញ្ហា​ផ្សេងៗ​ទៀត​។

លោក ត្រាំ មិនពេញចិត្តនឹងការ​អនុវត្ត​នយោបាយ និងការងារទំនាក់ទំនងរបស់លោកឡើយ អំឡុងពេលមុនការបោះឆ្នោតកាលពីថ្ងៃអង្គារ ខណៈកម្រិតនៃការគាំទ្រពីសាធារណជនចំពោះរូបលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ យោងតាមបុគ្គលម្នាក់ ដែលបានដឹងអំពីបញ្ហានេះ បាន​និយាយ​ថា នៅសប្តាហ៍នេះ លោក ត្រាំ បានលើកឡើង​ថា សេតវិមានចាំបាច់ត្រូវតែ​មាន​សកម្មភាព​ខ្លាំងក្លាជាងមុន នៅពេលដែលគណបក្សប្រជាធិប​តេយ្យ​ត្រឡប់​មក​កាន់​អំ​ណាច​​​​នៅ​ក្នុង​សភា​វិញ។

លោក មីលល័រ​ បានលើកឡើងនៅលើបណ្តាញសង្គម X ក្រោយទទួលបានការតែងតាំងថាបេសក​កម្មនៅពេលនេះ គឺកាន់តែច្បាស់លាស់ជាងពេលណាៗទាំងអស់ គឺត្រូវតស៊ូអស់ពីដួងចិត្ត ដើម្បីគាំទ្រប្រធានាធិបតី និងការពារគណបក្ស​​សាធារណរដ្ឋដ៏អស្ចារ្យនេះ។

លោក ហាគីម ជេហ្វហ្វ្រី​ (Hakeem Jeffries) ដែលនឹងក្លាយជាប្រធានសភាថ្មីមកពីគណបក្សប្រជា​ធិបតេយ្យ បានឆ្លើយ​តបទៅនឹងសេចក្តីប្រកាសនេះ តាម​រយៈ​សារ​បង្ហោះលើ​បណ្តាញ សង្គម X​ ដោយហៅលោក មីលល័រ​ ថា ជា​ជន​ជ្រុ​ល​និយម ដែលមិនចេះគិតគូរ​។

លោក មីលល័រ​ ដែលមានអាយុ៤១ឆ្នាំ គឺជាជំនួយការម្នាក់ក្នុងចំណោមជំនួយការរបស់លោក ត្រាំ​ ដែលបម្រើការយូរជាងគេបំផុត ហើយក៏ជាមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានបម្រើការងារពេញមួយអាណត្តិទី១ និងអាណត្តិ​ទី២​ របស់លោក ត្រាំ ក្នុង​តំណែងនេះ​។

ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់ចូលកាន់តំណែងនៅសេតវិមានក្នុងឆ្នាំ២០២៥ មក លោក មីលល័រ​ បានកាន់តំណែងជាផ្លូវការជាអនុប្រធានខុទ្ទកាល័យក្រោមការដឹកនាំរបស់លោកស្រី វ៉ាលស៍ ប៉ុន្តែលោកមានឥទ្ធិពលយ៉ាងខ្លាំង​លើរបៀបវារៈក្នុងស្រុកភាគច្រើនរបស់លោក ត្រាំ ហើយក៏ជាបុគ្គលម្នាក់ ​ដែលលោកប្រធានាធិបតីតែងតែស្តាប់​យោបល់​ផងដែរ។

គេ​ប្រហែលជាស្គាល់លោក មីលល័រ ច្បាស់​តាមរយៈការដឹកនាំយុទ្ធនាការដ៏តឹងរ៉ឹងរបស់លោក ត្រាំ ក្នុងការបង្ក្រាប​ជន​​អន្តោ​ប្រវេសន៍ ដោយបានកំណត់គោលដៅចាប់ខ្លួនមនុស្សឱ្យបាន ៣.០០០នាក់ក្នុងមួយថ្ងៃ។

ដើម្បីសម្រេចបាននូវគោលដៅនេះ មន្ត្រីអន្តោប្រវេសន៍អាមេរិក បានចុះទៅតាមសហគមន៍នានាទូទាំងប្រទេស ហើយបានបង្កើនការចាប់ខ្លួនមនុស្ស ដែលមិនធ្លាប់មានប្រវត្តិ​ជាប់ពាក់ព័ន្ធអំពើ​ឧក្រិដ្ឋកម្ម និងអ្នកដែលបានរស់​នៅ​ក្នុង​ប្រទេស​នេះ​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោក មីលល័រ​ ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការរបស់លោក ត្រាំ​ ដើម្បីរៀបចំរច​នា​​សម្ព័ន្ធរដ្ឋបាលសហព័ន្ធ​ឡើងវិញ ដែលនាំឱ្យមានការបញ្ឈប់មន្ត្រីរាជការរាប់ម៉ឺននាក់ពីការ​ងារ​​នៅឆ្នាំ២០២៥។ លោក​ក៏ជាកម្លាំងចលករ​ដ៏សំខាន់មួយនៅពីក្រោយជម្លោះរបស់រដ្ឋបាល​លោក​ ត្រាំ​ ជាមួយសាកលវិទ្យាល័យនានា កម្មវិធីលើកកម្ពស់ភាព​ចម្រុះ និងស្ថាប័នផ្សេងៗទៀតផងដែរ។

ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសវិញ​ លោក មីលល័រ​ គឺជាអ្នកគាំទ្រយ៉ាងសកម្មចំ​ពោះ​ការវាយប្រហារយោធា​​ដ៏សាហាវរបស់លោក ត្រាំ​ ទៅលើទូកនានា ដែលត្រូវបានសង្ស័យថាដឹកជញ្ជូនគ្រឿងញៀននៅតំបន់ការ៉ា​បៀន​ និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាយុទ្ធនាការ​មួយ​បង្កឱ្យមានសំណួរពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត (Pete Hegseth) ដែលកំពុងប្រឈមមុខនឹងការទាមទារពីគណបក្ស​​ប្រជា​ធិប​តេយ្យ ឱ្យដកតំណែងពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះ បានអបអរសាទរចំពោះការតែងតាំងតំណែង​ថ្មីដល់​លោក ។ សារនេះបានឆ្លុះបញ្ចាំងពីក្តីរំភើបរីក​រាយរបស់សម្ព័ន្ធមិត្តលោក ត្រាំ​ មួយចំនួន ដែលបានគាំទ្រ​ឱ្យ​លោក មីលល័រ ទទួលបានតំ​ណែង​ដែលមានអំណាចកាន់តែធំជាងមុន។

គួររំលឹកថា អំឡុងអាណត្តិរបស់លោកពីឆ្នាំ២០១៧ ដល់២០២១ លោក ត្រាំ បានផ្លាស់ប្តូរនាយក​​ខុទ្ទកាល័យចំនួន៤រូប ដែលជាចំនួនច្រើនខុសធម្មតា ដោយសារពួកគេត្រូវបានគេមើលឃើញថា មាន​ការលំបាកក្នុងការគ្រប់គ្រង ឬទប់​ទល់ជា​មួយ​នឹងប្រធានាធិបតីរូបនេះ ដែលមានឥរិយាប​ថ​ពិបាកប៉ាន់ស្មានបាន៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង