សមាជិកគណបក្សសាធារណរដ្ឋអំពាវនាវឱ្យលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរទិសដៅ បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឈមមុខនឹងសម្ពាធពីសមាជិកគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ឱ្យផ្លាស់ប្តូរទិសដៅការងាររបស់លោក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យដណ្តើមបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លទ្ធផលនេះ នឹងផ្តល់ឱកាសឱ្យគណបក្សប្រជាធិបតេយ្យគ្រប់គ្រងលើសភា ហើយស្របពេលអ្នកបោះឆ្នោតបានបដិសេធបេក្ខជន ដែលលោក ត្រាំ ជ្រើសរើសដោយផ្ទាល់ដៃនៅក្នុងការប្រកួតប្រជែងដ៏សំខាន់នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅពេល ដែលអាណត្តិប្រធានាធិបតីរបស់លោក ត្រាំ ឈានចូលដល់ឆ្នាំចុងក្រោយនោះ សម្ព័ន្ធមិត្ត និងអ្នករៀបចំយុទ្ធសាស្ត្ររបស់គណបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យលោកធ្វើការផ្លាស់ប្តូរបុគ្គលិកនៅសេតវិមាន ពង្រឹងវិន័យឡើងវិញ និងលុបចោលគោលនយោបាយនានាដែលពួកគេចាត់ទុកថា ជាមូលហេតុនាំឱ្យមកបរាជ័យ រួមទាំងបញ្ហាសង្គ្រាមជាមួយអ៊ីរ៉ង់ និងគោលនយោបាយពន្ធគយជាដើម។
លោក ចន ហ្វីហឺរី (John Feehery) អ្នកយុទ្ធសាស្ត្រជើងចាស់របស់គណបក្សសាធារណរដ្ឋ បានហៅលទ្ធផលនេះថា ជា “គ្រោះមហន្តរាយដ៏ធំ” សម្រាប់លោក ដូណាល់ ត្រាំ។
លោក ហ្វីហឺរី បាននិយាយថា លោក ត្រាំ ចាំបាច់ត្រូវរៀបចំសម្អាតផ្ទះសម្បែងឡើងវិញ ហើយរៀងរាល់ថ្ងៃ លោក ត្រាំ កាន់តែបង្ហាញភាពទន់ខ្សោយ និងគ្មានសមត្ថភាពខ្លាំងឡើងៗ។
ប៉ុន្តែលោក ត្រាំ ហាក់បង្ហាញសញ្ញាតិចតួចដែលថា លទ្ធផលនៃការបោះឆ្នោតនេះ ជាហេតុផល ដែលតម្រូវឱ្យលោកផ្លាស់ប្តូរទិសដៅនោះ។
ពេលនេះ គណបប្រជាធិបតេយ្យនឹងមានអំណាចក្នុងការរារាំងសេចក្តីព្រាងច្បាប់របស់លោក ត្រាំ អាចធ្វើការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក ត្រាំ និងជំទាស់នឹងបុគ្គល ដែលលោកជ្រើសតាំងផងដែរ។ គេរំពឹងថា ស្ថានភាពនេះ នឹងជំរុញឱ្យលោក ត្រាំ ដែលធ្លាប់ប្រើប្រាស់អំណាចប្រតិបត្តិយ៉ាងខ្លាំងក្លាស្រាប់ទៅហើយនោះ នឹងងាកទៅពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដោយឯកតោភាគី។
លោកក៏នឹងត្រូវសម្រេចចិត្តផងដែរថា តើត្រូវបន្តជំរុញបន្ថែមលើរបៀបវារៈដែលមានស្រាប់ ដែលសមាជិកបក្សសាធារណរដ្ឋមួយចំនួនបារម្ភថា បានក្លាយជាបន្ទុកផ្នែកនយោបាយឬយ៉ាងណានោះទេ ជាពិសេសសម្រាប់អ្នក ដែលអាចនឹងស្នងតំណែងបន្ត ដែលកំពុងសម្លឹងមើលឱកាសឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨។
អនុប្រធានាធិបតី ជីដេ វ៉ានស៍ (JD Vance) ដែលត្រូវបានគេមើលឃើញថា អាចជាអ្នកស្នងតំណែងនយោបាយរបស់លោក ត្រាំ នោះ ហាក់ដូចជាបានបង្ហាញពីគម្លាតខ្លះរវាងរូបលោក និងលោក ត្រាំ កាលពីថ្ងៃពុធ ដោយបានបន្ទោសសង្គ្រាមនៅអ៊ីរ៉ង់ថា ជាមូលហេតុនាំឱ្យមានការបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។
អ្នកយុទ្ធសាស្ត្រ និងមន្ត្រីគណបក្សបានលើកឡើងថា ការខ្វែងគំនិតគ្នាទាំងនេះ អាចនឹងកើតមានកាន់តែញឹកញាប់ ប្រសិនបើគណបក្សសាធារណរដ្ឋយល់ឃើញថា ឥទ្ធិពលយូរអង្វែងរបស់លោក ត្រាំ ទៅលើអ្នកបោះឆ្នោតរបស់គណបក្សចាប់ផ្តើមចុះខ្សោយ។
នៅខាងក្នុងសេតវិមាន ជំនួយការជាន់ខ្ពស់កំពុងត្រៀមខ្លួនទទួលយកការចាកចេញរបស់បុគ្គលិក ការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុងគណៈរដ្ឋមន្ត្រី និងការស៊ើបអង្កេតពីសំណាក់គណបក្សប្រជាធិបតេយ្យ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
មន្ត្រីរូបនោះបានឱ្យដឹងថា ការស្ទង់មតិផ្ទៃក្នុងមួយកាលពី៦សប្តាហ៍មុនការបោះឆ្នោត បានព្រមានថា គណបក្សសាធារណរដ្ឋនឹងត្រូវបរាជ័យនៅក្នុងសភាទាំងពីរថ្នាក់ ប៉ុន្តែលោក ត្រាំ បានបដិសេធមិនផ្លាស់ប្តូរគោលជំហរចំពោះប្រទេសអ៊ីរ៉ង់ឡើយ ទោះបីជាមានការព្រមានអំពីផលវិបាកផ្នែកនយោបាយក៏ដោយ។ មន្ត្រីដដែលបន្តថា លោក ត្រាំ មិនខ្វល់ ហើយមិនស្តាប់នរណាទាំងអស់។
ទោះបីជាយ៉ាងណា កាលពីល្ងាចថ្ងៃអង្គារ លោក ត្រាំ បានទទួលស្គាល់ថា សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអូសបន្លាយរយៈពេល៨ខែមកនេះ បានជះឥទ្ធិពលអាក្រក់ដល់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែលោកបានការពារការសម្រេចចិត្តរបស់លោកក្នុងការចាប់ផ្តើមជម្លោះនេះ។
ក្តីបារម្ភរបស់គណបក្សសាធារណរដ្ឋមិនមែនមានត្រឹមតែរឿងសង្គ្រាមនោះទេ។ ក្រុមទីប្រឹក្សានយោបាយថ្នាក់ជាតិកាន់តែមានក្តីបារម្ភខ្លាំងឡើងនៅរដូវក្តៅនេះ ខណៈដែលអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងអ្នកបោះឆ្នោតឯករាជ្យកាន់តែច្រើនឡើង បានសម្តែងការមិនពេញចិត្តចំពោះការ ដែលលោកប្រធានាធិបតីផ្តោតការយកចិត្តទុកដាក់តែលើការសាងសង់សាលប្រជុំនៅសេតវិមាន និងការកែលម្អផ្សេងៗទៀតនៅទីក្រុងវ៉ាស៊ីនតោន។
ក្រុមទីប្រឹក្សាបន្តថា ប្រសិនបើលោក ត្រាំ ចំណាយពេល ២ឆ្នាំខាងមុខទៀត និយាយតែរឿងដដែលៗនោះ គ្រប់គ្នានឹងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរម្តងទៀតនៅក្នុងការបោះឆ្នោតលើកក្រោយ។
ប៉ុន្តែកាលពីថ្ងៃពុធ លោក ត្រាំ បានប្រមូលផ្តុំអ្នកយកព័ត៌មានសម្រាប់ដំណើរទស្សនកិច្ចភ្លាមៗមួយទៅកាន់ការដ្ឋានសាងសង់សាលប្រជុំ ហើយបានការពារពេលវេលា ដែលលោកបានលះបង់ចំពោះគម្រោងនេះ។
ទោះបីជាយ៉ាងណា លោក ត្រាំ នៅតែមានអំណាចយ៉ាងច្រើននៅឡើយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍ថា សេតវិមានបានចំណាយពេលជាច្រើនខែ ដើម្បីរៀបចំសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ពន្ធគយ លំនៅឋាន និងការចំណាយថវិការដ្ឋ ដែលអាចអនុញ្ញាតឱ្យលោក ត្រាំ ជំរុញរបៀបវារៈមួយចំនួនរបស់លោកទៅមុខបាន ទោះបីជាមានការប្រឆាំងពីគណបក្សប្រជាធិបតេយ្យក៏ដោយ។ ប៉ុន្តែអំណាចប្រតិបត្តិនឹងមិនអាចការពាររដ្ឋបាលរបស់លោកពីការស៊ើបអង្កេតរបស់សភាបានឡើយ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


