លោក ត្រាំ៖ អាមេរិកនឹងឈប់ផ្តល់ជំនួយ ៤ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ខណៈការបោះឆ្នោតកំពុងដំណើរការ

កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានសម្រេច​កិច្ចព្រមព្រៀងមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការផ្តល់មូលនិធិប្រចាំឆ្នាំចំនួន ៤ពាន់លានដុល្លារដល់អ៊ីស្រា​​អែល បន្ទាប់ពីដាច់​ឆ្នាំនេះ ប៉ុន្តែនឹងនៅតែបន្តលក់អាវុធ​ឱ្យ​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​នៅ​មជ្ឈិម​បូព៌ា​នេះ​ដដែល។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​ពី​ថ្ងៃ​អង្គារ​។​

នៅក្នុងការ​ប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ស្រប​ពេលអ្នកបោះឆ្នោតកំពុងធ្វើ​ដំណើរ​ទៅកាន់ការិ​យាល័យបោះឆ្នោតសម្រាប់ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ដែលនឹងកំណត់ថា តើគណបក្ស​សាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ នឹង​បាត់បង់ការគ្រប់គ្រងសភាឬយ៉ាង​ណា​នោះ លោក ត្រាំ បានលើកឡើងថា វិធានការនេះធ្វើឡើង គឺមួយផ្នែក​ ដើម្បី​លុបបំបាត់ចំណុចវាយ​ប្រ​ហារដ៏អាក្រក់មួយ ដែលក្រុមសមាជិកគណបក្សប្រជាធិបតេយ្យដែលមាននិន្នាការឆ្វេងនិយម បានប្រើប្រាស់ប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ពាក់ព័ន្ធនឹងការគាំទ្រជំនួយយោធាដល់​ប្រទេសអ៊ីស្រាអែល។

លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិត ឬពន្យល់ពីរបៀប ដែលការផ្តល់មូលនិធិនឹងត្រូវបញ្ឈប់​នៅចុងឆ្នាំនេះនោះទេ ខណៈអនុស្សរណៈនៃការយោគយល់គ្នា ដែលអាមេរិក​សន្យា​​ផ្តល់ជំនួយយោធាចំនួន ៣,៨ពាន់លានដុល្លារក្នុងមួយ​ឆ្នាំ​ ដល់អ៊ីស្រាអែលនោះ នឹងបន្ត​មាន​សុពល​​ភាព​រហូតដល់ខែកញ្ញា ឆ្នាំ២០២៨។

ប៉ុន្តែលោក​ហាក់ដូចជាទទួលស្គាល់ថា ជំនួយសម្រាប់​ប្រទេសអ៊ីស្រាអែល ដែលធ្លាប់ជាចំណុចនៃការ​ព្រមព្រៀងដ៏រឹង​មាំ​រវាង​គណបក្សទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ឥឡូវនេះបានក្លាយជាបន្ទុកនយោបាយមួយសម្រាប់​រូបលោកទៅវិញ​ នៅក្នុងចំ​ណោមអ្នកបោះឆ្នោតអាមេរិក​។ អ្នកវិភាគបានលើកឡើងថា ការប្រកាសរបស់​លោក​ ត្រាំ ត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏ជាក់លាក់មួយ ដើម្បីជាយុទ្ធសាស្ត្រនយោបាយសម្រាប់ថ្ងៃបោះ​ឆ្នោត។

ការពិភាក្សាកំពុងដំណើរការអំពីរបៀបដែលជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនទៅ​អ៊ីស្រាអែលនឹងវិវឌ្ឍន៍លើសពីឆ្នាំ​២០២៨​ ហើយលោក ណេតាន់​យ៉ាហ៊ូ បាននិយាយរួចហើយថា លោករំពឹងថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវ​ផ្តល់​តាមពេលវេលា។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់ដូចជាបានបញ្ជាក់ថា លោកបានសម្រេចចិត្តរួចហើយ​អំពីអ្វី ដែលនឹងក្លាយ​ជាការផ្លាស់ប្តូរដ៏គួរ​ឱ្យ​កត់​សម្គាល់​មួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈប្រទេសទាំង​ពីរនៅតែបន្តមានជម្លោះជាមួយអ៊ីរ៉ង់ បន្ទាប់ពីបានរួមគ្នាវាយប្រហារសាធារណរដ្ឋអ៊ីស្លាមមួយនេះ អស់រយៈពេល​ជាង ៨ខែមកនេះ​។

លោក ត្រាំ បានប្រាប់​ទូរទស្សន៍ Fox News ថា អ៊ីស្រាអែលលែងត្រូវការថវិកាទាំងនោះទៀតហើយ ហើយថា សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន រួមទាំងអ្នកនយោបាយដែលមាន​និន្នាការឆ្វេងនិយម បាន​យកបញ្ហា​ជំនួយ​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋអាមេរិក ដែលផ្តល់ឱ្យអ៊ីស្រាអែល ទៅប្រើប្រាស់ជាលេស ដើម្បីរិះគន់គណបក្សសាធារណរដ្ឋ។ ការស្ទង់​មតិ​បាន​​បង្ហា​ញ​ថា ការគាំទ្រជាទូទៅរបស់ពលរដ្ឋ​អាមេរិកចំពោះអ៊ីស្រាអែលបានធ្លាក់ចុះ ដែលមូលហេតុចម្បង គឺដោយសារតែសង្គ្រាមនៅតំបន់ហ្គាហ្សា។

លោក​បាន​និយាយថា លោកបាន​ព្រមព្រៀងផ្តល់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​​ ៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ហើយ​លោក​និង​លោក ណេតាន់យ៉ាហ៊ូ បាន​ព្រមព្រៀង​បញ្ឈប់​ជំនួយ​នេះ​កាល​ពីមួយ​​ខែមុន​ម៉េ្លះ ហើយ​ជំនួយ​នេះ នឹង​បញ្ចប់​​នៅ​ត្រឹម​ឆ្នាំ​នេះ ប៉ុន្តែ​ថា អាមេរិកនឹងនៅតែ​ជួយ​អ៊ីស្រាអែល ប្រសិនបើ​ពួកគេត្រូវ​ការ​។​

អនាគតនៃមេ​ដឹកនាំរបស់អ៊ីស្រាអែល គឺស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីការបោះឆ្នោតកាល​ពីថ្ងៃទី២៧ ខែតុលា ដែលក្នុងនោះ លោក ណេតាន់យ៉ាហ៊ូ ដែលមាន​សម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយគណបក្សសាធារណរដ្ឋអាមេរិក បាន​បាត់​បង់សំឡេងភាគច្រើន ប៉ុន្តែគូប្រជែងរបស់លោកក៏មិនទាន់​មានលទ្ធភាពច្បាស់លាស់ណាមួយក្នុងការដក​​លោក​ចេញពីតំណែងនោះដែរ។ លទ្ធផលនេះបានបើកផ្លូវទៅរកការចរចាបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគេរំពឹង​ថា នឹងអូសបន្លាយពេលយូរ។

ទាំងសេតវិមាន និងខុទ្ធ​កា​ល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​នោះទេ។

ប៉ុន្តែលោក ហ្គាឌី អេសិនកុត (Gadi Eisenkot) ជាមេដឹកនាំនៃក្រុមប្រឆាំង ដែលកំពុងព្យាយាមទម្លាក់លោក ណេតាន់យ៉ាហ៊ូ​ ចេញពីអំណាច បានសរសេរនៅលើបណ្តាញសង្គម X ថា ការដែលស្ថាប័នសន្តិសុខ រួមទាំងប្រជាពលរដ្ឋអ៊ីស្រា​អែល បានដឹងអំពីការផ្លាស់ប្តូរក្របខ័ណ្ឌទំ​នាក់​ទំនងជាយុទ្ធសាស្ត្រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះ គឺបង្ហាញ​ឱ្យ​​ឃើញ​យ៉ាង​ច្បាស់ថា សកម្មភាពរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ​ ពិតជាបង្កគ្រោះថ្នាក់យ៉ាងពិតប្រាកដ។​គ្រប់​​គ្នា​មិនអាចទុកចិត្តលើរូបគាត់បានទៀតទេ ហើយចាំបាច់ត្រូវតែប្តូរ​គាត់ចេញ។

ការគាំទ្ររបស់សាធារណជនអាមេរិកចំពោះអ៊ីស្រាអែលបានធ្លាក់ចុះ ជាពិសេសនៅក្នុងចំ​ណោមសមាជិកគណ​បក្សប្រជាធិបតេយ្យ ចាប់តាំងពីអ៊ីស្រាអែលបានឆ្លើយតបយ៉ាងចាស់ដៃនៅតំបន់ហ្គាហ្សា ចំពោះការវាយប្រហារឆ្លងព្រំដែន ដែលដឹកនាំដោយក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣។

ការស្ទង់មតិមួយរបស់សាកលវិទ្យាល័យខ្វីននីពីយ៉ាក (Quinnipiac Univeristy) កាលពីខែមិថុនា បានរកឃើញថា អ្នកបោះឆ្នោត៤៨% និងសមាជិកគណបក្សប្រជាធិបតេយ្យ៦៦% យល់ថា សហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលខ្លាំងពេក។ តួលេខនេះ បានកើនឡើងពី ១៦% និង ២០% នៅពេលដែលសំណួរនេះត្រូវបានសួរជាលើកដំបូងក្នុងឆ្នាំ​២០១៧។

ការស្ទង់មតិ និងអ្នកវិភាគបានលើកឡើងថា គណបក្សប្រជាធិបតេយ្យទំនងជានឹងដណ្តើម​បាន​​ការគ្រប់គ្រង​សភា​តំណាងរាស្ត្រពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅក្នុង​​ការបោះឆ្នោតថ្ងៃអង្គារ។ ចំណែកឯការ​គ្រប់គ្រងព្រឹទ្ធសភាវិញ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

គួររំលឹក​ថា បេក្ខជនមួយចំនួនដែលរិះគន់អ៊ីស្រាអែល បានទទួលជ័យជម្នះច្រើន​នៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខ​ជន​បក្សប្រជាធិបតេយ្យកាលពីឆ្នាំកន្លងទៅនេះ ហើយសូម្បីតែសមាជិកសភាដែលមាននិន្នាការកណ្តាល ក៏កាន់តែហ៊ានចេញ​មុខ​តវ៉ា​នឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះ​អ៊ីស្រាអែល​ដែលមានយូរមកហើយនោះដែរ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង