អ៊ីរ៉ង់បញ្ជាក់ថា ទំនាក់ទំនង ដើម្បីបញ្ចប់សង្គ្រាមនៅតែបន្ត បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ទៅដោយគ្មានលទ្ធផលវិជ្ជមាន

ទីក្រុងតេហេ​រ៉ង់បានអះអាង​កាលពីថ្ងៃចន្ទថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់​សង្គ្រាមរយៈពេល៨ខែ នៅតែបន្តកើតមាន។ ការថ្លែងបែប​នេះធ្វើឡើង បន្ទាប់ពីការចរចារវាង​អ៊ីរ៉ង់ និងក្រុម​ការ​ងារ​សម្របសម្រួលកាតា ដែល​បាន​អូសបន្លាយ​អស់រយៈពេលជាច្រើនថ្ងៃនោះ​ បានបញ្ចប់ទៅដោយមានការកែប្រែសំណើមួយចំនួន ប៉ុន្តែមិនមានវឌ្ឍនភាពសំខាន់ណាមួយកើតឡើងនោះទេ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យ​​ទ័រ​កាល​ពីថ្ងៃ​ច័ន្ទ​។​

លោក អាប់បាស អារ៉ាកជី (Abbas Araqchi ) រដ្ឋ​មន្ត្រីការបរទេស​អ៊ីរ៉ង់​ បាន​និយាយថា​​ ការពិ​គ្រោះយោបល់តាម​រយៈ​អ្នក​សម្រប​សម្រួល គឺមានភាពសកម្មខ្លាំង ហើយ​អ៊ីរ៉ង់​បានដាក់ចេញនូវលក្ខខណ្ឌ និងសំណើរបស់​ខ្លួន​រួចហើយ ហើយអ្វីៗទាំងអស់ គឺអាស្រ័យលើភាពសមហេតុផលផ្នែកនយោបាយរបស់ក្រុងវ៉ាស៊ីនតោន។​

ចំពោះ​មាន​ការ​ព្រួយបារម្ភ​ថា ជម្លោះអាចនឹងផ្ទុះឡើងជា​ថ្មី​ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋ​អាមេរិក​នៅ​​ថ្ងៃ​អង្គារ​នោះ​ ទាំងចិននិងរុស្ស៊ីបានសម្តែងជំហរកាល​ពី​ថ្ងៃចន្ទ ដោយប្រឆាំងនឹងលទ្ធភាព នៃការកើត​​មាន​សកម្មភាពយោធាឡើងវិញ នៅក្នុងសង្គ្រាមមួយដែលបានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកលរួច​ទៅហើយ​។

ខណៈតម្លៃប្រេងបានធ្លាក់ចុះជិត ៤% កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថា ការសម្របសម្រួលជុំថ្មីអាច​នាំទៅរកដំណោះស្រាយតាមផ្លូវការទូតសម្រាប់វិបត្តិមួយនេះ ប្រភពព័ត៌មានពីប្រទេសអ៊ីរ៉ង់​អះអាង​ថា ទំនងជាអាចនឹងមានការវាយប្រហារថ្មីពីសំណាក់សហរដ្ឋអាមេរិក ជាជាងការឈានដល់កិច្ចព្រមព្រៀងណាមួយ។

លោក អ៊ីស្មាអែល បាហ្គាអ៊ី (Esmaeil Baghaei) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងថា ផែនការ ដែលអ៊ីរ៉ង់​បានដាក់ជូនកាលពីខែកញ្ញា ដើម្បីបញ្ចប់សង្គ្រាម នៅតែជាចំណុចស្នូលនៃកិច្ច​ពិភាក្សា ប៉ុន្តែលោកបានទទួល​ស្គាល់​ការលើកឡើងរបស់លោក អារ៉ាកជី​ កាលពីថ្ងៃសៅរ៍ ដែលថា សំណើនេះអាចនឹងត្រូវបានកាត់បន្ថយខ្លឹមសារឱ្យខ្លីជាងមុន។

លោកបាននិយាយ​ថា មូលដ្ឋាននៃការសន្ទនា និងការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាម​រយៈភាគីសម្របសម្រួល នៅតែផ្តោ​ត​សំណើដំណោះស្រាយ​៧ដំណាក់កាល​​​របស់អ៊ីរ៉ង់ដដែល ដែលបច្ចុប្បន្នត្រូវបានសម្រួលឱ្យខ្លីជាងមុន ដែលអាចអនុវត្តបានក្នុងរយៈពេល២ថ្ងៃ។ ទោះបីជា​យ៉ាង​ណា​ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បដិសេធ​សំណើ​ទាំង​ ៧​ចំណុច​កកាលពីខែ​កញ្ញា។​

ផែនការនេះ តម្រូវឱ្យសហរដ្ឋអាមេរិកបញ្ឈប់រាល់​ការបិទផ្លូវទៅកាន់​កំពង់ផែរបស់អ៊ីរ៉ង់ អ៊ីរ៉ង់នឹង​បើក​ដំណើរការច្រក​សមុទ្រហ័រមូសឡើងវិញ សហរដ្ឋអាមេរិកដកបម្រាម​លើ​ការលក់ប្រេងរបស់អ៊ីរ៉ង់ លុបចោលទណ្ឌកម្មថ្មីៗលើ​អ៊ីរ៉ង់ បន្ទាប់មក គឺការចរចាលើបញ្ហាផ្សេងៗ​ទៀត។

លោក បាហ្គាអ៊ី បានបញ្ជាក់ជាថ្មីថា ការបង្រួមផែនការនេះនឹងមិនផ្លាស់ប្តូរជំហរជាមូលដ្ឋានរបស់អ៊ីរ៉ង់ឡើយ ពោល គឺការវិលត្រឡប់ទៅរកការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ អាចធ្វើទៅបានលុះត្រាតែអ៊ីរ៉ង់បានផ្ទៀងផ្ទាត់ថា លក្ខខណ្ឌទាំងអស់របស់ខ្លួនត្រូវបានបំ​ពេញរួចរាល់។

មន្ត្រីម្នាក់ ដែលបានទទួលព័ត៌មានអំពីកិច្ចពិភាក្សានេះ បាននិយាយថា ក្រុមអ្នកចរចារបស់អ៊ីរ៉ង់​​បានចាកចេញកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមែនដោយសារមានបញ្ហាអ្វីមួយនៅក្នុងកិច្ចពិភាក្សានោះទេ។ មន្ត្រីរូបនេះបានបន្ថែម​ថា សេចក្តីព្រាងសំណើមួយកំពុងត្រូវបានចែកចាយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ចង់សម្រេចកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម ហើយកិច្ចព្រមព្រៀងបែបនេះអាចនឹងកើតឡើង។ លោកមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗនោះទេ។

សង្គ្រាម ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារភ្លាមៗកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាល​​​ឱ្យ​អ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់ អាមេរិក​រាំង​ខ្ទប់​កំពង់​ផែអ៊ីរ៉ង់ ការវាយ​ប្រហារ​ដោយ​​ដ្រូន និងមីស៊ីលទៅលើបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ព្រមទាំងការផ្ទុះឡើងវិញនៃជម្លោះនៅក្នុងប្រទេស​យេម៉ែន។

លោក ត្រាំ បានថ្លែងម្តងហើយម្តងទៀតថា នឹងមិនមានការវាយប្រហារថ្មីណាមួយទៅលើប្រ​ទេសអ៊ីរ៉ង់ឡើយ មុនពេល​ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះ​។ ស្របពេលជាមួយគ្នានេះដែរ អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះរាល់ការវាយប្រ​ហារជា​ថ្មី​ណាមួយ​ ដោយមានផែនការវាយប្រហារទៅលើគោលដៅនានា ទាំងនៅក្នុងនិងក្រៅ​តំបន់មជ្ឈិមបូព៌ាផងដែរ​។

ជុំវិញ​បញ្ហា​សង្គ្រាម​នៅអ៊ីរ៉ង់​នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងកាលពីថ្ងៃចន្ទថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែផ្តោតលើដំណោះស្រាយនយោបាយ ជាជាងការងាកទៅរកការប្រើប្រាស់អាវុធជាថ្មី។ ការថ្លែងបែបនេះបានធ្វើឡើង បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺលោក អាលី បាហ្គេរី ខានី (Ali Bagheri Kani) នៅទីក្រុងប៉េកាំង។

គួររំលឹកថា ប្រទេសចិន ដែលជាអ្នក​បញ្ជាទិញ​ដ៏សំខាន់មួយសម្រាប់ផលិតផលថាមពលមកពីតំបន់ឈូង​សមុទ្រនោះ បានបង្កើនសកម្មភាពការទូតរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានៅសប្តាហ៍នេះ ដោយបានទទួលស្វាគមន៍ស្តេច​​ស៊ុលតង់ ហៃថាម​ ប៊ីន តារិក អាល់-សៃដ៍ (Sultan Haitham bin Tariq al-Said) នៃប្រទេសអូម៉ង់ ដែលជាប្រទេស​ស្ថិតនៅជាប់ផ្នែកខាងត្បូងនៃច្រកសមុទ្រហ័រមូស។

ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក វ៉ាង យី​ ក៏បានជួបជាមួយលោក មូសាអេដ ប៊ីន​ ម៉ូហាមម៉េដ អាល់អៃបាន (Musaed bin Mohammed al-Aiban) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រ​ទេសអារ៉ាប៊ីសាអូឌីត នៅទីក្រុងប៉េកាំងកាល​ពីថ្ងៃចន្ទផងដែរ ដោយបានបន្ថែមថា ភាគីទាំងអស់គួរតែរួមគ្នាការពារសន្តិសុខថាមពល និងផ្លូវដឹកជញ្ជូនតាមសមុទ្រនៅក្នុងតំបន់។

ស្រដៀងគ្នានេះដែរ នៅទីក្រុងមូស្គូឯណោះវិញ​ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ព័ត៌​មានអំពីសកម្មភាពយោធា​ថ្មីប្រឆាំងនឹងអ៊ីរ៉ង់ គឺជាប្រភពនៃក្តីបារម្ភយ៉ាងខ្លាំង ហើយបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង