តម្លៃប្រេងកើនឡើង ២% ដោយបិទការជួញដូរក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែមកនេះ ដោយសារក្តីបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅអ៊ីរ៉ង់

តម្លៃប្រេងបានកើនឡើងជាង ២% គិតត្រឹម​ថ្ងៃសុក្រ ដោយ​បាន​បញ្ចប់​ការ​ជួញដូរ​ក្នុង​កម្រិតខ្ពស់បំផុតចាប់តាំង​ពី​ចុង​ខែមេសាមក ខណៈក្រុមពាណិជ្ជករត្រៀមខ្លួនសម្រាប់ភាព​តានតឹងដែល​អាច​មាន​ជុំវិញ​​សង្គ្រាមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ​ ការវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង​នៅច្រក​សមុទ្រហ័រមូស (Strait of Hormuz) បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីហានិភ័យទាក់​ទង​នឹងការ​ផ្គត់ផ្គង់។ នេះបើ​តាម​សេចក្តី​រាយការណ៍​​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ កាល​ពី​ថ្ងៃ​សុក្រ​។​

កិច្ច​ព្រមព្រៀង​ទិញលក់​​ប្រេងឆៅសម្រាប់ខែធ្នូ តាម​សន្ទស្សន៍​ប្រេន (Brent) ដែល​ផុតកំ​ណត់​នៅថ្ងៃសុក្រ បានបិទបញ្ចប់​ក្នុងតម្លៃមួយ ដោយ​​​កើនឡើង ២,៧៦ដុល្លារ ឬ ២,៤% គឺ​ស្មើ​នឹង​​ ១១៧,៦៤ដុល្លារក្នុងមួយបារ៉ែ​ល​ បន្ទាប់ពីឡើង​ដល់កម្រិតខ្ពស់បំផុត ១១៨ដុល្លារ។ ចំ​ណែក​កិច្ច​ព្រមព្រៀង​ទិញលក់​​ប្រេង​សម្រាប់ខែមករា បានកើនឡើង ២,៦៣ដុល្លារ ដល់១១៣,៤៣ដុល្លារក្នុង​មួយ​បារ៉ែល​​។

កិច្ច​ព្រមព្រៀង​ទិញលក់​ប្រេងឆៅលើ​​សន្ទស្សន៍ប្រេងឆៅ​​ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានបិទការ​ជួញដូរ​ក្នុង​តម្លៃ ១០៤,១២ដុល្លារ ដែលកើនឡើង ២,១២ដុល្លារ ឬ ២,០៨%។

សម្រាប់រយៈ​ពេល​ពេញ​មួយ​ខែនេះ តម្លៃប្រេងលើ​​សន្ទស្សន៍​ Brent បានបិទការជួញដូរ​ក្នុង​កម្រិត​កើនឡើង ១៣,៦% ខណៈ​តម្លៃប្រេងតាម​សន្ទស្សន៍​ WTI បានកើនឡើង ១៥,២%។

លោក ដេននីស ឃីស្ល័រ (Dennis Kissler) អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម​នៅក្រុមហ៊ុនផ្តល់​​សេវ៉ា​ហិរញ្ញវត្ថុ​ BOK Financial បាននិយាយ​ថា ពាណិជ្ជករ​នឹងបន្តតាមដានយ៉ាងយកចិត្តទុក​ដាក់ទៅ​លើលំហូរប្រេងចេញពីតំបន់មជ្ឈឹម​បូព៌ា ក៏ដូចជាលទ្ធភាពនៃការកើនឡើងភាពតាន​​តឹង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។

អង្គការ UKMTO ជាស្ថាប័នផ្តល់ការ​គាំទ្រ​ផ្នែក​សុវត្ថិភាព​តាម​សមុទ្រដែល​មាន​មូលដ្ឋាន​នៅ​អង់​​គ្លេស បានឱ្យដឹង​ថា កាល​ពី​ថ្ងៃសុក្រនេះ នាវាដឹកប្រេងមួយគ្រឿងនៅច្រកសមុទ្រហ័រមូស បាន​រង​ការ​​វាយប្រហារដោយគ្រឿងផ្ទុះ ដែល​គេ​ចងដាក់​ភ្ជាប់នឹង​ទូកតូចមួយ។ គេនៅមិនទាន់ដឹងច្បាស់នៅ​ឡើយថា តើអ្នកណាជាអ្នកនៅពីក្រោយការវាយ​ប្រហារនៅច្រកសមុទ្រនេះ ដែល​ជាច្រកសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅ និងប្រេងឥន្ធនៈចេញ​ពី​តំបន់​ឈូង​​សមុទ្រ​។

ប្រភពដែល​ធ្វើ​ការ​លើផ្នែក​ដែនសមុទ្របានឱ្យដឹងថា នេះគឺជាការវាយប្រហារដោយជោគជ័យលើកដំបូង ដោយប្រើប្រាស់មីនបិទជាប់នឹងទូកតូចមួយ ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ។

គួររំលឹកថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងរីយ៉ាដ (Riyadh) បានប្រកាស​កាលពីថ្ងៃសុក្រ​ថា សហរដ្ឋអាមេរិកបាន​បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល ដែលមិនមែនជាបុគ្គលិកសម្រាប់បេសសកម្ម​បន្ទាន់ រួមទាំងសមាជិកគ្រួសាររបស់ពួក​គេ ត្រូវ​ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយចាប់ផ្តើម​អនុវត្តចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ។ ការសម្រេច​ចិត្តនេះ ធ្វើឡើងដោយ​​សារតែហានិភ័យផ្នែកសុវត្ថិភាព ខណៈក្រុមហ៊ូទីបន្តការ​វាយ​ប្រហារ​ទៅលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។

ក្រុមសកម្មប្រយុទ្ធហ៊ូទីក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារទីតាំងមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមមានរោងចក្រចម្រាញ់ប្រេងដ៏ធំមួយចំនួន​ រួមទាំង​ទីតាំងផលិតប្រេង​មួយទៀត​នៅក្រុង​អ៊ែ​បកៃ​ (Abqaiq) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ សាអូឌី អារាំ​កូ​ (Saudi Aramco)។

សម្ព័ន្ធភាព ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក៏បានឱ្យដឹងដែរថា ខ្លួនបានស្ទាក់ចាប់មីស៊ីល​មួយ​គ្រាប់ ដែលក្រុមសកម្ម​ប្រយុទ្ធ​ហ៊ូទីបាន​បាញ់​ឆ្ពោះទៅកាន់តំបន់ភាគខាងលិចនៃព្រះរាជាណា​ចក្រនេះ។

ស្របពេល​ជាមួយគ្នា​នេះដែរ​ ក្រុម​អ្នកសម្របសម្រួលមកពីប្រទេសកាតាបានត្រឡប់ទៅទីក្រុង​តេហេ​រ៉ង់វិញ កាលពីថ្ងៃសុក្រ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋ​អាមេ​រិក និង​អ៊ីរ៉ង់។ នេះ​បើតាមការបញ្ជាក់របស់​មន្ត្រីម្នាក់ ដែលបានដឹងអំពីកិច្ចពិភាក្សានេះ។

ជុំវិញ​បញ្ហា​ប្រេងនេះ ធនាគារ Saxo Bank កាលពីថ្ងៃព្រហស្បតិ៍បាន​ព្យាករ​ថា តម្លៃប្រេង​អាចនឹង​មានភាពប្រែប្រួល​ខ្លាំងជាងមុនទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែការបោះឆ្នោតថ្មីៗនេះនៅអ៊ីស្រា​អែល និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។

រីឯ​ធនាគារដាណឺម៉ាកក៏បានលើកឡើងថា តម្លៃប្រេងឆៅត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាងមុន ពោល​គឺចន្លោះពី៧០ ទៅ៩០ដុល្លារក្នុងមួយបារ៉ែល​ ទោះបីជា​ជម្លោះនេះ​បបញ្ចប់ទៅវិញ​ក៏ដោយ បើធៀបនឹងកម្រិតមុនពេលមានសង្គ្រាម ដែលមានតម្លៃចន្លោះពី ៦០ទៅ ៧០ដុល្លារ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនតាមដានចរាចរណ៍​នាវាចរណ៍ចំនួន២ ក្នុងចំណោម៣ បានឱ្យដឹងថា ការនាំចេញប្រេង​ឆៅ​របស់​ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែតុលា បានកើនឡើង បើធៀបនឹងខែកញ្ញា ទោះ​បីជាមានការវាយប្រហាររបស់​អ៊ីរ៉ង់លើនាវាចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ និងការអះអាងពីសំ​ណាក់ក្រុមហ៊ូទីនៅ​យេម៉ែន ដែលមានទំនាក់​ទំនង​ជាមួយអ៊ីរ៉ង់ថា បានវាយប្រហារលើហេដ្ឋារចនា​សម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីតក៏ដោយ។

ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានឱ្យដឹងតាម​រយៈ​របាយការណ៍ប្រចាំខែស្តីពីការផ្គត់ផ្គង់ប្រេង (Petroleum Supply Monthly) កាលពីថ្ងៃសុក្រថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែសីហា ខណៈតម្រូវការប្រេងឆៅ និងផលិតកម្ម​ប្រេងបានធ្លាក់ចុះ។

ស្របពេល​ជាមួយគ្នា​នេះដែរ ក្រុមហ៊ុនប្រេងជាតិ (National Oil Corporation) របស់​ប្រទេសលីប៊ី​បានឱ្យដឹងថា មាន​ជន​ប្រដាប់អាវុធមួយក្រុមបានបិទសន្ទះបិទបើកនៅលើបំពង់បង្ហូរប្រេងឆៅសំខាន់មួយ​នៅអណ្តូង​ប្រេង Hamada កាលពីថ្ងៃសុក្រ ដែលបំពង់នេះតភ្ជាប់ពីតំបន់អណ្តូង​ប្រេង Hamada ទៅកាន់​រោងចក្រចម្រាញ់ប្រេងហ្សាវីយ៉ា (Zawiya)។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ការបិទសន្ទះបិទបើក​នេះបានធ្វើឱ្យរាំស្ទះ​លំ​ហូរប្រេងប្រមាណ ១៥.០០០បារ៉ែល​ក្នុង​មួយថ្ងៃ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង