ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតកើនឡើងខ្លាំង ទោះបីជាមានការវាយប្រហារឥតឈប់ឈរពីក្រុមហ៊ូទីក៏ដោយ

យោងតាមក្រុមហ៊ុនតាមដានសកម្មភាពដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្របានឱ្យដឹងថា ការនាំចេញប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅតែបន្តដំណើរការយ៉ាងសកម្ម​ និងក្នុង​បរិមាណ​ខ្ពស់ជិតស្មើនឹងកម្រិត​ខ្ពស់បំផុត អំឡុងពេលមានសង្គ្រាម ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំ​ណាក់ក្រុមសកម្មប្រយុទ្ធ​ហ៊ូទី (Houthi) ដែលគាំទ្រដោយ​ប្រទេសអ៊ីរ៉ង់ក៏ដោយ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញព័ត៌មាន New York Post កាលពីថ្ងៃ​ពុធ។​

យោងតាមក្រុមហ៊ុន Vortexa ជាក្រុមហ៊ុន​វិភាគ​ទិន្នន័យ​បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេស​នាំចេញប្រេងធំជាងគេនៅក្នុងតំបន់ បាននាំចេញប្រេងប្រហែល ៦,៥លានបារ៉ែលក្នុងមួយថ្ងៃ គិតមកទល់ពេលនេះ នៅក្នុងខែតុលា ដែលជាបរិមាណប្រហាក់ប្រហែលនឹងចំនួន ដែលបាននាំចេញកាលពីខែមុនដែរ។

ការប៉ាន់ប្រមាណអំពីចរាចរណ៍ប្រេងក្នុង​​បរិមាណ​ច្រើន​នេះ ក៏ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន​ខេភ្លើ (Kpler) និងក្រុមហ៊ុន​ ថែងឃ័រ ត្រេកឃ័រ (TankerTrackers.com) ផងដែរ ដែលបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ព្រះរាជា​ណា​ចក្រ​នេះ ក្នុងការសម្របខ្លួនទៅនឹងស្ថានការណ៍ នៅចំពោះមុខនៃ​ការវាយប្រហារដោយមីស៊ីល និងដ្រូនឥតឈប់​ឈរ​ពី​សំណាក់​ក្រុមហ៊ូទី​ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង​របស់ខ្លួន។

បន្ទាប់ពីមាន​ការវាយប្រហារមួយដោយក្រុមហ៊ូទី​​ ដែល​បានបណ្តាលឱ្យបំពង់បង្ហូរប្រេងអ៊ីសវ៉េស «East-West» របស់​អារ៉ាប៊ីសាអូឌីតត្រូវផ្អាកដំណើរការកាលពីខែមុនមក​ ទីក្រុងរីយ៉ាដបានចាប់ផ្តើមបង្កើនការដឹកជញ្ជូនប្រេងត្រឡប់​ទៅកាន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) វិញ​។ នៅទីនោះ សកម្មភាពដឹកជញ្ជូនកំពុងកើនឡើងជិតដល់​កម្រិតមុនពេលមានសង្គ្រាម ដោយមានការអមដំណើរការពារ​ពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនមួយ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ថាមពលដ៏ធំបំផុតនៅលើពិភពលោក បានបង្កើនការនាំចេញតាមសមុទ្រក្រហម (Red Sea) រហូត​ដល់ចំនួន ២,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលកើនឡើង ១០០.០០០ បារ៉ែល បើធៀបនឹងខែកញ្ញាកន្លងទៅ​។

យោងតាមការប៉ាន់ប្រមាណពីសំណាក់ក្រុមហ៊ុនទាំងនោះ​បាន​ឱ្យ​ដឹងថា​ ខណៈដែលបំពង់បង្ហូរប្រេងបានចាប់ផ្តើមដំណើរការ ព្រះរាជាណាចក្រអារ៉ាប់​មួយ​នេះ ត្រូវ​បានមើល​ឃើញពី​កំណើននៃ​ការ​ដឹកជញ្ជូន​ប្រេង​នៅក្នុងខែតុលា ដែលបានជួយទូទាត់ចំពោះការធ្លាក់​ចុះនៃលំហូរប្រេង ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហ៊ូទី។

ការកើនឡើងនៃការ​នាំចេញ​ប្រេង​នេះ ក៏បានជួយ​ឱ្យប្រទេសអារ៉ាប៊ីសាអូឌីតអាចឆ្លៀតយកប្រយោជន៍ពីតម្លៃប្រេង ដែលឡើងខ្ពស់កប់ពពកដោយសារសង្គ្រាមផងដែរ​ ដើម្បីទូទាត់បន្ថែមទៅនឹងការបាត់បង់ចំណូល ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើព្រលានយន្តហោះនានារបស់ខ្លួន។

ទោះបីជាមានសកម្មភាពដឹកជញ្ជូន​ប្រេង​កើន​ឡើង​នៅក្នុងខែតុលាក៏ដោយ ក៏ក្រុមហ៊ូទីនៅតែបន្តវាយប្រហារលើព្រះរាជាណាចក្រអារ៉ាប់​នេះ ដោយកាលពីថ្ងៃអង្គារ ក្រុមឧទ្ទាមបានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍អគ្គិ​ភ័យ​មួយ​ ដែលបានកើតឡើងនៅរោងចក្រចម្រាញ់ប្រេងរ៉ាស តានូរ៉ា (Ras Tanura)។

ទីតាំងនេះចម្រាញ់ប្រេងនេះ គឺជាទីតាំង​ចម្រាញ់​ប្រេង​ធំបំផុតមួយ​ក្នុងចំណោម​រោងចក្រ​ចម្រាញ់​ប្រេង​ធំបំផុត​របស់អារ៉ាប៊ីសាអូឌីត​ ហើយមានសមត្ថភាពចម្រាញ់ប្រេងបាន ៥៥០.០០០បារ៉ែលក្នុងមួយ​ថ្ងៃ។

លោក យ៉ាយ៉ា សារី (Yahya Saree) អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី បានអះអាងថា ក្រុមឧទ្ទាមនេះ តាម​ចោទថា បានបាញ់មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​ (ballistic missile) មួយគ្រាប់ទៅលើរោង​ចក្រ​ចម្រាញ់​ប្រេង​នោះ ព្រមទាំងមានការវាយប្រហារបន្ថែមទៀតនៅឯព្រលានយន្តហោះណារ៉ាន (Najran) និងមូលដ្ឋានទ័ពអាកាសមួយកន្លែងទៀត​ក្នុង​តំបន់ខាមីសមូសេ​ (Khamis Mushait)។ ក្រុម​មន្ត្រី​អារ៉ាប៊ីសាអូឌីតនៅមិនទាន់​ឆ្លើយ​តបនឹង​ការ​វាយ​ប្រហារ​នេះ​ទេ។​

សកម្មភាព​វាយ​ប្រហារ ​ដែលកំពុងបន្តកើតមាន បានធ្វើឱ្យតម្លៃប្រេងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយតម្លៃប្រេង​ឆៅ​សម្រាប់ការចែកចាយនៅពេលអនាគត បានកើនឡើងដល់ ១១៥ដុល្លារក្នុងមួយបារ៉ែល​ កាលពីថ្ងៃពុធ។

ក្រុមពាណិជ្ជករ និងអ្នកវិនិយោគ ក៏កំពុងជួបប្រទះនឹងការលំបាកក្នុងការគណនាផងដែរ ដោយ​សារនាវាជាច្រើន ដែល​ដឹកប្រេងចេញពីឈូងសមុទ្រពែក្ស​ បានបិទឧបករណ៍បញ្ជូនសញ្ញា (transponders) របស់ខ្លួន ដើម្បីលាក់បាំងទីតាំង ដែលធ្វើឱ្យការតាមដានទំនិញនៅលើនាវាទាំងនោះមានការលំបាក៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង