កាណាដា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយគ្នា ខណៈកំពុងមានបញ្ហាជាមួយ សហរដ្ឋអាមេរិក..

កាណាដា ៖ រដ្ឋាភិបាលនៃប្រទេសកាណាដា និងអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយមួយកាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយរបាំងរារាំងរវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងជំរុញការវិនិយោគ។ វិធានការនេះកើតឡើងក្នុងពេល ដែលនាយករដ្ឋមន្ត្រី ម៉ាក ខានី (Mark Carney) កំពុងព្យាយាមពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

លោក ម៉ាក ខានី និងព្រះអង្គម្ចាស់ សេក ខាលីដ ប៊ីន ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន (Sheikh Khaled bin Mohamed bin Zayed Al Nahyan) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលមានគោលបំណងកាត់បន្ថយពន្ធគយ សម្រួលនីតិវិធីរដ្ឋបាល និងពង្រីកលទ្ធភាពចូលទីផ្សារសម្រាប់ធុរកិច្ចនៅក្នុងប្រទេសទាំងពីរ។

លោក ខានី បានប្តេជ្ញាថា នឹងបង្កើនទំហំពាណិជ្ជកម្មរបស់កាណាដាជាមួយបណ្តាប្រទេសក្រៅពីសហរដ្ឋអាមេរិកឱ្យកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈការដំឡើងពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកាណាដា។

គួររំលឹកថា ការប៉ុនប៉ងនានា ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនបានបរាជ័យ ដែលជំរុញឱ្យលោក ខានី ខិតខំយ៉ាងសកម្មក្នុងការស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា ចាប់ពីតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់អឺរ៉ុប និងមជ្ឈិមបូព៌ា។

ការិយាល័យនាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលកិច្ចព្រមព្រៀង CEPA ត្រូវបានអនុវត្តពេញលេញ វានឹងកាត់បន្ថយ ឬលុបបំបាត់ពន្ធគយលើទំនិញជាង ៩៩% ដែលកាណាដាកំពុងនាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។

នេះមានន័យថា កិច្ចព្រមព្រៀងនេះ នឹងបើកទីផ្សារថ្មីៗសម្រាប់កសិករកាណាដា ដែលដាំដុះដំណាំគ្រាប់ធញ្ញជាតិ និងដំណាំកាណូឡា សម្រាប់ក្រុមហ៊ុនផលិតគ្រឿងចក្រឧស្សាហកម្ម និងឧបករណ៍ផលិតថាមពល សម្រាប់វិស័យអាកាសចរណ៍ ព្រមទាំងសម្រាប់ពលរដ្ឋកាណាដាដែលមានគំនិតច្នៃប្រឌិតផ្សេងទៀត។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា កិច្ចព្រមព្រៀងនេះក៏នឹងដោះស្រាយរបាំងមិនមែនពន្ធគយ បង្កើតបរិយាកាសដែលកាន់តែអាចប៉ាន់ប្រមាណបានសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្មរបស់កាណាដា រួមទាំងនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម ព្រៃឈើ ជលផល និងអាហារសមុទ្រ បរិស្ថាន និងវិស្វកម្មផងដែរ។ លើសពីនេះ កិច្ចព្រមព្រៀង CEPA នេះ ត្រូវបានរំពឹងថា នឹងចូលជាធរមាននៅឆ្នាំ២០២៧។

ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការទូត និងការពារជាតិផងដែរ។

លោក ថានី អាល់ ហ្សេយូឌី (Thani Al Zeyoudi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសនៃប្រទេសអារ៉ាប់រួម (UAE) បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា អារ៉ាប់រួមមើលឃើញសក្តានុពលយ៉ាងច្រើនសម្រាប់វិស័យឯកជនរបស់ខ្លួន មិនថាតាមរយៈការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកនាំចេញរបស់អារ៉ាប់រួម ឬតាមរយៈឱកាសវិនិយោគនៅក្នុងវិស័យដែលមានការរីកចម្រើនខ្ពស់ ដូចជា វិស័យភស្តុភារកម្ម ទូរគមនាគមន៍ បច្ចេកវិទ្យាជឿនលឿន និងវិស័យផលិតកម្មនោះទេ។ វិស័យទាំងអស់នេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសេដ្ឋកិច្ចមួយដែលមានភាពធន់ មានភាពចម្រុះ និងមានទំនាក់ទំនងជាមួយពិភពលោក។

លោក ថានី អាល់ ហ្សេយូឌី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA ជាមួយសមភាគីកាណាដា គឺលោក ម៉ានីនឌ័រ ស៊ីឌូ (Maninder Sidhu)។

ប្រទេសអារ៉ាប់រួម (UAE) គឺជាទីផ្សារធំបំផុតនៅតំបន់មជ្ឈិមបូព៌ាសម្រាប់ទំនិញនាំចេញរបស់ប្រទេសកាណាដា ហើយក៏ជាអ្នកទិញដ៏សំខាន់នូវយានយន្ត គ្រឿងបន្លាស់យានយន្ត និងគ្រឿងចក្រពីប្រទេសកាណាដាផងដែរ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ ៣,៥ ពាន់លានដុល្លារកាណាដា (ស្មើនឹង ២,៤៨ ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។ តួលេខនេះបានកើនឡើងក្នុងអត្រា ១០% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន អារ៉ាប់រួម (UAE) ក៏បានធ្វើការប្តេជ្ញាចិត្តបង្កើនទឹកប្រាក់វិនិយោគនៅ ក្នុងប្រទេសកាណាដាផងដែរ។

ប្រភពព័ត៌មានម្នាក់នៅក្នុងជួររដ្ឋាភិបាលកាណាដាបានឱ្យដឹងថា ការចុះហត្ថលេខានេះ គឺជាជំហានចុងក្រោយ មុនពេលសភាកាណាដាអាចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

 

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង