ស្ថាប័នសារព័ត៌មានឥណ្ឌាចំនួន ២១ តវ៉ាជំទាស់នឹងច្បាប់ស្តីពីឯកជនភាពរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី
ស្ថាប័នសារព័ត៌មានចំនួន២១ រួមទាំងស្ថាប័នដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់មហាសេដ្ឋី មូកេស អាំបានី (Mukesh Ambani) និងមហាសេដ្ឋី ហ្គូតាំ អាដានី (Gautam Adani) ផងនោះ បានតវ៉ាជំទាស់នឹងច្បាប់ស្តីពីឯកជនភាពរបស់ប្រទេសឥណ្ឌាតាមផ្លូវតុលាការ ដោយលើកឡើងថា ច្បាប់នេះនឹងរារាំងដល់ការងារស៊ើបអង្កេត និងអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងញូវដេលី (New Delhi) កំណត់បានប្រភពព័ត៌មានរបស់អ្នកសារព័ត៌មាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ។
កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសដាក់ឱ្យអនុវត្តច្បាប់ស្តីពីឯកជនភាព ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនតាមប្រព័ន្ធឌីជីថលរបស់អ្នកប្រើប្រាស់ ដោយលើកឡើងពីតម្រូវការ នៃការអនុវត្តតាមច្បាប់សម្រាប់ក្រុមហ៊ុនដូចជា Meta និង Google។ ស្ថាប័នសារព័ត៌មានទាំងនោះបានលើកឡើងថា ដោយសារស្ថាប័នព័ត៌មានមិនត្រូវបានលើកលែងពីច្បាប់នេះ ដូច្នេះច្បាប់នេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើសេរីភាពសារព័ត៌មាន។
សមាគមស្ថាប័នព័ត៌មានឌីជីថលនៅប្រទេសឥណ្ឌា (DNPA) បានលើកឡើងនៅក្នុងឯកសារសម្ងាត់មួយ ដែលដាក់ជូនតុលាការកំពូលថា ទោះបីជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានាទទួលបានការធានាពីសំណាក់រដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំមួយកាលពីខែសីហា ថា ច្បាប់នេះនឹងការពារសេរីភាពសារព័ត៌មានក៏ដោយ ប៉ុន្តែការដែលមិនមានការចែងការលើកលែងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកសារព័ត៌មាន ដូចជានៅសហភាពអឺរ៉ុប សិង្ហបុរី និងចក្រភពអង់គ្លេស គឺជាចំណុចមួយ ដែលគួរឱ្យព្រួយបារម្ភ។
បណ្តឹងដែលបានដាក់នៅថ្ងៃទី៦ ខែតុលា និងត្រូវបានរាយការណ៍ជាលើកដំបូង គ្រោងនឹងលើកយកមកជំនុំជម្រះនៅថ្ងៃអង្គារនេះ។ បណ្តឹងនេះ គឺជាការតវ៉ាដ៏លេចធ្លោបំផុតចំពោះច្បាប់ស្តីពីឯកជនភាពរបស់រដ្ឋាភិបាលលោក ម៉ូឌី។ រហូតមកដល់ពេលនេះ មានតែក្រុមអ្នកតស៊ូមតិ ដើម្បីសេរីភាពនៃការបញ្ចេញមតិ និងស្ថាប័នព័ត៌មានតូចៗមួយចំនួនប៉ុណ្ណោះ ដែលបានជំទាស់នឹងច្បាប់នេះ។
ការជំទាស់នេះក៏បង្ហាញផងដែរនូវបញ្ហាប្រឈមមិនធម្មតាមួយចំពោះរដ្ឋាភិបាល ដែលផ្តើមចេញពីជំនួញ ដែលដឹកនាំដោយលោក អាំបានី និងលោក អាដានី។ គណបក្សប្រឆាំងបានចោទប្រកាន់ថា បុគ្គលទាំងពីរនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ម៉ូឌី និងទទួលបានការអនុគ្រោះពិសេស ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាល បដិសេធយ៉ាងដាច់អហង្ការ។
សមាគមស្ថាប័នព័ត៌មានឌីជីថលនៅប្រទេសឥណ្ឌា (DNPA) និងអង្គការសារព័ត៌មាននានា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនោះទេ ហើយក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាក៏មិនបានឆ្លើយតបដែរ។
ស្ថាប័នព័ត៌មានទាំងនោះ កំពុងទាមទារឱ្យលុបចោលនូវបទប្បញ្ញត្តិ ដែលមានភាពចម្រូងចម្រាសភាគច្រើននៅក្នុងច្បាប់នេះ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៧ តទៅ។
ពួកគេលើកឡើងថា ច្បាប់នេះអាចបង្ខំឱ្យអ្នកសារព័ត៌មានត្រូវសុំការយល់ព្រមជាមុនពីបុគ្គល ដែលពួកគេចង់ធ្វើការស៊ើបអង្កេត ហើយថែមទាំងបង្ខំឱ្យស្ថាប័នព័ត៌មានទាំងនោះលុបអត្ថបទព័ត៌មានចោលទៀតផង។ ពួកគេក៏បានលើកឡើងដែរថា អំណាចដែលច្បាប់នេះផ្តល់ឱ្យបុគ្គលក្នុងការទាមទារព័ត៌មាននោះ អាចធ្វើឱ្យប្រភពព័ត៌មានរបស់អ្នកសារព័ត៌មានត្រូវបានលាតត្រដាងជាសាធារណៈ។
ឯកសារដែលមានកម្រាស់ ៦៩៨ទំព័រនោះ បានលើកឡើងថា ច្បាប់នេះនឹងប្រែក្លាយសារព័ត៌មានស៊ើបអង្កេត ទៅជាត្រឹមអ្នកកត់ត្រាព្រឹត្តិការណ៍មួយដែលគ្មានឥទ្ធិពលអ្វីឡើយ ហើយថា បទប្បញ្ញត្តិដែលចែងក្នុងច្បាប់នេះ គឺជាទម្រង់ នៃការត្រួតពិនិត្យមាតិកាជាមុន ដែលជារឿងផ្ទុយស្រឡះទាំងស្រុងពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
បណ្តឹងនេះកើតឡើងចំពេលដែលមានការចោទប្រកាន់ថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះ ចាប់តាំងពីលោក ម៉ូឌី ឡើងកាន់តំណែងក្នុងឆ្នាំ២០១៤។ អ្នករិះគន់លើកឡើងថា ស្ថាប័នសារព័ត៌មានធំៗជាច្រើនមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យរដ្ឋាភិបាលរបស់លោក ម៉ូឌី នោះទេ។
ចំណាត់ថ្នាក់របស់ប្រទេសឥណ្ឌានៅលើសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានធ្លាក់ចុះមកនៅលេខរៀងទី១៥៧ ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំនេះ បើធៀបនឹងលេខរៀងទី១៤០ កាលពីឆ្នាំ២០១៤ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធការចាត់ថ្នាក់នេះ។
រដ្ឋាភិបាលរបស់លោក ម៉ូឌី លើកឡើងថា ខ្លួនគោរពសេរីភាពសារព័ត៌មាន ហើយថា ប្រទេសឥណ្ឌា ដែលមានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដ៏រស់រវើក រួមមានកាសែត និងទូរទស្សន៍រាប់រយនោះ មិនចាំបាច់ត្រូវការការទទួលស្គាល់ពីស្ថាប័នបរទេសឡើយ៕
បច្ចុប្បន្ន សមាជិករបស់សមាគមស្ថាប័នព័ត៌មានឌីជីថល (DNPA) រួមមានបណ្តាញព័ត៌មាន Network18 របស់លោក អាំបានីដែលមានវេទិកាព័ត៌មានឌីជីថលចំនួន៧ បណ្តាញព័ត៌មាន NDTV របស់លោក អាដានី និងក្រុមប្រព័ន្ធផ្សព្វផ្សាយល្បីៗផ្សេងទៀត ដូចជា Indian Express និង Times Internet (ដែលជាផ្នែកមួយនៃក្រុមហ៊ុន Times of India Group ដែលជាអ្នកបោះពុម្ពផ្សាយកាសែតប្រចាំថ្ងៃជាភាសាអង់គ្លេស ដែលមានចំនួនលក់ដាច់បំផុតនៅក្នុងប្រទេសឥណ្ឌា។
យោងតាមឯកសារ ដែលសមាគមស្ថាប័នព័ត៌មានឌីជីថលបានដាក់ជូន គឺកង្វល់សំខាន់មួយនៅក្នុងច្បាប់នេះ គឺការតម្រូវឱ្យមានការយល់ព្រម។
វេទិកាបណ្តាញសង្គម ឬអ្នកលក់រាយតាមអនឡាញ អាចស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់នៅពេលពួកគេចុះឈ្មោះ ប៉ុន្តែ DNPA បានលើកឡើងថា ការតម្រូវឱ្យអ្នកសារព័ត៌មានជូនដំណឹងដល់បុគ្គល ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត និងស្នើសុំការយល់ព្រមពីបុគ្គលនោះ ជាមុន គឺនឹងបើកឱកាសឱ្យបុគ្គលនោះអាចបំផ្លាញភស្តុតាង ឬគំរាមកំហែងសាក្សីបាន។
ច្បាប់នេះក៏អនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចដកហូតការយល់ព្រមរបស់ខ្លួននៅពេលណាក៏បាន និងទាមទារឱ្យលុបទិន្នន័យរបស់ពួកគេចោល ដោយមិនមានយន្តការការពារសម្រាប់ផលប្រយោជន៍សាធារណៈឡើយ។ DNPA បានលើកឡើងថា ចំណុចនេះអាចបង្ខំឱ្យសមាជិករបស់ខ្លួនត្រូវដកចេញនូវសេចក្តីរាយការណ៍ព័ត៌មាន ដែលផ្អែកលើការពិត ឬកែសម្រួលអត្ថបទនោះយ៉ាងច្រើន។
DNPA បានបន្តថា ស្ថាប័នព័ត៌មាបារម្ភថា អំណាចដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នេះ អាចដាក់ពិន័យជាប្រាក់ចំពោះការមិនអនុវត្តតាមច្បាប់ ហើយថែមទាំងផ្តល់អំណាចដល់អាជ្ញាធរក្រុងញូវដេលី ក្នុងការរារាំងការទទួលបានព័ត៌មាននានា ដែលជាប្រយោជន៍សាធារណៈហើយចំណុចនេះ នឹងរឹតត្បិតសេរីភាពសារព័ត៌មាន៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


