កំណត់ហេតុចារកម្មបានព្រមានថា អ៊ីរ៉ង់បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីកំណត់គោលដៅលើមន្ត្រីអាមេរិក

មន្ត្រី​ចារម្មជាន់ខ្ពស់​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ព្រមាន​ថា អ៊ីរ៉ង់បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់គោលដៅលើ​ពលរដ្ឋ​​​អាមេរិក ហើយ​​ផែន​ការ ដែលរៀបចំដោយទីក្រុងតេហេ​រ៉ង់ប្រឆាំងនឹងពលរដ្ឋអាមេរិក បានឈានដល់​កម្រិតខ្ពស់ហើយ។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មានរ៉យ​​ទ័រ​កាល​ពី​ថ្ងៃ​សៅរ៍​។

ការព្រមានរបស់​លោក ជេ ក្លេតុន (Jay Clayton) នាយកទីភ្នាក់ងារស៊ើបការណ៍​អាមេរិក​ បាន​ធ្វើ​ឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយចំនួនបុគ្គលិកនៅ​​ស្ថាន​ទូត​របស់ខ្លួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីដើមសប្តាហ៍នេះ ជា​ការ​ឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់កងកម្លាំងហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។

ការវាយប្រហារទាំងនោះទៅ​​លើសមរភូមិមួយនៃជម្លោះក្នុងតំបន់ ដែលបានអូសបន្លាយជិត ៨ខែមកនេះ​ ដោយ​សារ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ បានកើតឡើងស្របពេល​ ដែល​​ការកើនឡើងនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz)។

កាលពីដើមខែនេះ ប្រភពមួយ​ចំនួន​បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​ថា ប្រទេសអ៊ីរ៉ង់កំពុងត្រៀមឆ្លើយ​តប​ក្នុងកម្រិតដ៏ខ្លាំងក្លាជាងមុន ប្រសិនបើសហ​រដ្ឋអាមេរិកបន្តការវាយប្រហារផ្នែកយោធាទ្រង់ទ្រាយធំមកលើ​ទឹក​ដី​របស់​ខ្លួន​។

តាម​រយៈ​កំណត់​ហេតុ​នេះ​ លោក ជេ ក្លេតុន នាយកទីភ្នាក់ងារស៊ើបការ​ណ៍​​​អាមេរិក​ផ្ញើ​ជូនរដ្ឋមន្ត្រីការបរទេសអាមេ​រិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ចុះថ្ងៃទី ២៣ ខែតុលា បាន​ឱ្យ​ដឹង​ថា មាន​ព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់បានបង្កើន​កិច្ចប្រឹ​ង​ប្រែង​យ៉ាងខ្លាំងក្នុងការកំណត់គោលដៅលើបុគ្គលិកជនជាតិ​អាមេរិក។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរៀបចំផែនការដ៏សាហាវរបស់អ៊ីរ៉ង់ ប្រ​ឆាំង​នឹងពលរដ្ឋអាមេរិក បាន​ឈាន​ដល់​កម្រិតខ្ពស់រួចទៅហើយ ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅតាម​ប្រទេសមួយចំនួនផ្សេងទៀត។

ក្រុម​មន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា កាល​ពី​ថ្ងៃពុធ ក្រសួងការ​បរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិករដ្ឋ ដែលមិនមែនជាបុគ្គលិកសម្រាប់កិច្ចការបន្ទាន់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីស្ថាន​បេស​ក​កម្មការ​ទូតអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏មានគម្រោងដកសមាជិកគ្រួសារចេញពីបេសក​កម្ម​ការទូតមួយចំនួនទៀតនៅក្នុងតំបន់ផង​ដែរ។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពការណែ​នាំ​អំពីការធ្វើដំណើរសម្រាប់ប្រទេស​ជាងដប់នៅក្នុងតំបន់ឈូងសមុទ្រ និងមជ្ឈិម​បូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ និងអ៊ីស្រាអែល ដោយលើកឡើងពីការកើនឡើង នៃហានិភ័យបង្កឡើងដោយក្រុមហ៊ូទី ដែលមាន​ទំនាក់ទំនង​ជាមួយអ៊ីរ៉ង់។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទាក់ទងនឹងការរៀបចំបុគ្គលិកនៅតាមស្ថានទូត​នានា អាមេរិក​តែងតែវាយតម្លៃព័ត៌មានថ្មីៗជានិច្ច អំពីស្ថានភាពសន្តិសុខ។

មន្ត្រីរូបនោះបានបន្ត​ថា ការគំរាមកំហែងពីការវាយប្រហាររបស់ក្រុមហ៊ូទី​ និងផែនការភេរវកម្មរបស់អ៊ីរ៉ង់ ដែលកំណត់​គោលដៅលើមន្ត្រីអាមេរិក គឺជាកត្តាដែលអាមេរិក​ត្រូវ​យកមកពិចារណាក្នុងការសម្រេចចិត្តកែសម្រួលចំនួន​បុគ្គលិកនៅតាមស្ថានទូតនានាក្នុងតំបន់។

ស្ថានភាពប្រតិបត្តិការ ដែលមានកម្រិតនេះ​ (Restricted Operations Status) ផ្តល់​ឱ្យក្រសួងការបរទេសអាមេរិក​នូវភាពបត់បែនកាន់តែច្រើនក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបុគ្គលិក ដោយមិនចាំបាច់ប្រកាសជាសាធារណៈអំពី​ការផ្លាស់ប្តូរស្ថានភាពនៃបេសកកម្មនោះឡើយ។

សង្គ្រាមនៅអ៊ីរ៉ង់នឹងឈានចូលដល់ខែទី៩ ក្នុងរយៈពេលមួយសប្តាហ៍ទៀត ហើយ​វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្រិតនៃការគាំទ្រចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង