ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រកាសថាភារកិច្ចបន្ទាន់ គឺកម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា និងចាប់ផ្តើមសន្ទនាឡើងវិញ ដោយសន្តិវិធី!
រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ភារកិច្ចបន្ទាន់ គឺ កម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។
បង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលលេខាធិការដ្ឋានកិច្ចការព្រុំដែនទូទៅ (GBC) កម្ពុជា-ថៃ ជួបគ្នា លោក វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ឱ្យបានឆាប់ ហើយចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។
ភាគីចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួល របស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់ របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចាវាងភាគីទាំងពីរ។
លោក វ៉ាង វីនប៊ីន សង្ឃឹមថា កម្ពុជា និងថៃ នឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងដូច្នេះ ធ្វើឡើង ក្នុងអំឡុងពេល លោក Deng Xijun មន្ត្រីបេសកជនពិសេស ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួល ឱ្យមានការឈប់បាញ់ ក្នុងជម្លោះព្រំដែនកម្ពុជាថៃ៕


















