តំណាងក្រសួងព័ត៌មានកម្ពុជា ចូលរួមសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយសកល នៅរាជធានី Abu Dhabi

អេមីរ៉ាត្សរួម ៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកក្រុមការងារបច្ចេកទេស នៃគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទៅចូលរួមព្រឹត្តិការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយចំនួនពីរ ក្នុងពេលតែមួយ នៅឯមជ្ឈមណ្ឌលវប្បធម៌ ក្នុងរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) ដែលបានប្រព្រឹត្តរយៈពេល ៣ថ្ងៃ,នៅក្នុងសប្តាហ៍នេះ។

តបការអញ្ជើញ ក្នុងនាមជាភ្ញៀវដ៏សំខាន់ (VIP) ពីលោកស្រី Zulayho Siddikova ប្រធានគ្រប់គ្រងទូទៅ នៃសារជីវកម្ម VIORY ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ក៏បានចាត់តាំងបណ្ឌិត ឆាយ សុផល ឱ្យទៅចូលរួមកម្មវិធីនេះ ដែលមានអ្នកជំនាញវិជ្ជាជីវៈ នាយកប្រតិបត្តិ និងអ្នកមានសិទ្ធិ ក្នុងការសម្រេចចិត្ត ដែលមានឥទ្ធិពល និងប្រតិបត្តិករមកពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងមិនមែនរដ្ឋ រាប់ពាន់នាក់ នៅជុំវិញពិភពលោក។

កម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២៥ រួមមាន ៖ ទី១ ‘ កម្មវិធីប្រគល់ពានរង្វាន់សារព័ត៌មាន ទូរទស្សន៍/វីដេអូ សកលខាងត្បូង (Global South Video News Awards) លើកដំបូង និងទី២ គឺសន្និសីទកំពូល នៃប្រព័ន្ធផ្សព្វផ្សាយ BRIDGE ២០២៥ (BRIDGE Media Summit 2025) ជាលើកទីមួយដែរ និងធំបំផុតនៅក្នុងពិភពលោក ដែលមានអ្នកអាជីពផ្នែកប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់នាក់ ទាំងក្នុងផ្នែករដ្ឋ និងឯកជន មកពីជិត ១០០ប្រទេសជុំវិញពិភពលោក។

សម្រាប់កម្មវិធីប្រគល់រង្វាន់សារព័ត៌មានទូរទស្សន៍/វីដេអូ សកលខាងត្បូង ដែលរាប់បញ្ចូលប្រទេស នៅមជ្ឈិមបូព៌ា អាហ្វ្រ៊ិក អាម៉េរិកឡាទីន ម៉ុងហ្គូលី ចិន អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដែលរៀបចំដោយជីវកម្ម VIORY មានប្រធានបទធំៗ ចំនួន៣ គឺ ៖ ទី១- ការស្រមៃឡើងវិញដល់ការិយាល័យព័ត៌មានមធ្យោបាយ/ឧបករណ៍ជំនាន់ក្រោយ និងការផ្លាស់ប្ដូរបច្ចេកវិទ្យា (Reimagining the Newsroom: Next-Generation Tools and the Technology Shift) ទី២- ពិធីប្រគល់រង្វាន់ព័ត៌មានទូរទស្សន៍សកលខាងត្បូង (Global South Video News Awards Ceremony) និងទី៣- ទេពកោសល្យប្រព័ន្ធផ្សព្វផ្សាយនាពេលអនាគត : ជំនាញដែលត្រូវតែមានសម្រាប់អ្នកសារព័ត៌មាននាពេលអនាគត (Tomorrow’s media talent: Must-have skills for future journalists)។

ចំពោះកម្មវិធីសន្និសីទកំពូល នៃប្រព័ន្ធផ្សព្វផ្សាយ BRIDGE ២០២៥ គឺជាព្រឹត្តិការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយលើកដំបូងដ៏ធំបំផុត របស់ពិភពលោក ដែលដើរតួជាសន្និសីទផង និងការតាំងពិព័រណ៍ដ៏ធំផង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀត។

សន្និសីទកំពូល នៃប្រព័ន្ធផ្សព្វផ្សាយ BRIDGE ២០២៥ បានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០០ពាន់នាក់ ដែលជាអ្នកដឹកនាំ អ្នករៀបចំគោលនយោបាយ សាស្ត្រាចារ្យ អ្នកមានសិទ្ធិសម្រេចចិត្ត អ្នកទំនាក់ទំនង អ្នកឃោសនា ផលិតករ អ្នកដឹកនាំរឿង តារាសម្ដែង និងអ្នកច្នៃប្រឌិត ព្រមទាំងប្រតិបត្តិករផ្នែកប្រព័ន្ធផ្សព្វផ្សាយទាំងផ្នែកវិទ្យាសាស្ត្រ (ដំណឹង) និងអក្សរសិល្ប៍ (ភាពយន្ត និងវីដេអូ) បានមកជួបជុំគ្នាកន្លែងតែមួយ ដើម្បីរួមគ្នាឆ្ពោះទៅរកអនាគត កាន់តែមានតម្លៃ មានទំនាក់ទំនង និងរីកចម្រើន។

ចំពោះកម្មវិធីសន្និសីទកំពូល នៃប្រព័ន្ធផ្សព្វផ្សាយ BRIDGE ២០២៥ គឺជាព្រឹត្តិការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយលើកដំបូងដ៏ធំបំផុត របស់ពិភពលោក ដែលដើរតួជាសន្និសីទផង និងការតាំងពិព័រណ៍ដ៏ធំផង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀត។

នៅក្នុងកម្មវិធីទាំងពីរ បញ្ហាសំខាន់គឺ ផ្តោតលើចំណេះដឹងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ទាំងសារព័ត៌មានសំណេរ វិទ្យុ ទូរទស្សន៍ អនឡាញ អ្នកផលវីដេអូ ភាពយន្ត និងស្បថផ្សេងៗ រួមទាំង អ្នកបង្កើតមាតិកាផងត្រូវតែបង្កើនសមត្ថភាព។

សន្និសីទកំពូល បានទទូចថា ប្រសិនបើប្រតិបត្តិករ នៃប្រព័ន្ធផ្សព្វផ្សាយគ្រប់ទិសទីយល់ដឹងពីបច្ចេកវិទ្យាហើយ នោះបញ្ញាសិប្បនិម្មិតមិនមានបញ្ហានោះទេ ព្រោះថាតាមរយៈការយល់ដឹងពីឧបករណ៍ ឬមធ្យោបាយមួយចំនួន របស់បច្ចេកវិទ្យា នោះពួកគេអាចយកមកប្រើប្រាស់រុករក ដើម្បីផ្ទៀងផ្ទាត់ថា តើអ្វីៗដែលមាននៅក្នុងបញ្ញាសិប្បនិម្មិត និងក្នុងបណ្តាញសង្គម ទាំងសំណេរ សំឡេង រូបថត និងរូបវីដេអូ ក៏ដូចជាមាតិកាផ្សេងៗ ពិត ឬក៏មិនពិត ហើយចេញពីប្រភពណា។

ជាងនេះទៅទៀត បញ្ហាប្រឈមមួយទៀតគឺការិយាល័យព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយនីមួយៗប្រឹងគិតពីដំណឹងបន្ទាន់ (Breaking News) គឺធ្វើយ៉ាងណាឱ្យបានមុនគេ ប៉ុន្តែកុំដោយសារតែការប្រកួតប្រជែង ក្នុងវិស័យព័ត៌មាន ជ្រុលហួសនិស្ស័យ សូមកុំប្រញាប់ប្រញ៉ាល់ពេក ពោលគឺ ត្រូវតែផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ មុននឹងបញ្ចេញដំណឹងបន្ទាន់នីមួយៗ កុំឱ្យបញ្ចេញហើយ ធ្វើការកែតម្រូវជាក្រោយ។

ព្រឹត្តិការណ៍ទាំងពីរ បានសន្និដ្ឋានប្រហាក់ប្រែងគ្នាថា ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយមិនត្រូវគិតតែថ្ងៃនេះនោះទេ ឬថា គិតតែពីស្ដាយ របស់ខ្លួននោះដែរ ប៉ុន្តែត្រូវគិតពីថ្ងៃស្អែក និងការជះឥទ្ធិពលលើសង្គម។

សូមរម្លឹកថា កាលពីថ្ងៃទី៣០-៣១ ខែតុលា កន្លងទៅ VIORY ក៏បានផ្តល់វគ្គបណ្ដុះបណ្ដាលមួយដល់ មន្រ្តីក្រសួងព័ត៌មាន នៅឯក្រសួងព័ត៌មាន លើប្រធានបទចំនួនពីរ គឺ៖ ទី១- ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ (Fake News Verification) និងទី២- ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការការពារការិយាល័យព័ត៌មាន (Using AI to Protect Newsroom) ៕ ប្រភព ៖ FN

 

អត្ថបទដែលជាប់ទាក់ទង