ប៉ូលីសថៃឃាត់ខ្លួន អ្នកឆបោកជនជាតិចិន៤នាក់ និងស្វែងរកចាប់ខ្លួន សមាជិកព្រឹទ្ធសភាកម្ពុជា អ្នកឧកញ៉ា លីយ៉ុងផាត់

បាងកក ៖ មន្ត្រី​បាន​និយាយ​កាលពីថ្ងៃអាទិត្យថា ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន ​ជនជាតិ​ចិន​បួននាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ប្រតិបត្តិការ ​ឆបោក​តាម​អ៊ីនធឺណិត ​នៅ​ទីក្រុង​បាងកក ហើយ​កំពុង​ស្វែងរក​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក លី យ៉ុងផាត់ ក្នុង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ នឹង​ការលាងលុយកខ្វក់។

លោក​ឧត្តមសេនីយ៍ឯក ជីរ៉ាភុប ភូរីដេជ អនុប្រធាន​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ធីរ៉ាដេជ ថាមសុធី អនុប្រធាន​ស្នងការ​នគរបាល​រាជធានី បាន​ដឹកនាំ​ការឆ្មក់​ចូល​នៅ ​អគារ​ខុនដូ City Lake Tower នៅ​លើ​ផ្លូវ​សុខុមវីក លេខ ១៦ ក្នុង​ស្រុក​ខ្លងតឿ។ មន្ត្រី​មកពី​នគរបាល​រាជធានី នាយកដ្ឋាន​បង្ក្រាប​បទល្មើស និង​ប៉ុស្តិ៍​នគរបាល​ថុងឡរ បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ។

ជនសង្ស័យ​ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា ស៊ីហ៊ូ ស៊ីន អាយុ ២៩ឆ្នាំ លីវ មីង អាយុ ២៨ឆ្នាំ លី ឡៃ អាយុ ២២ឆ្នាំ និង ហ្សេង លីងក្វាន អាយុ ២១ឆ្នាំ ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ ដែល​ទើប​ចូល​ប្រទេស​ថៃ ​ពី​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ។

ប៉ូលិស​រឹបអូស​បាន​កុំព្យូទ័រ​យួរដៃ​ពីរ​គ្រឿង​ ដែល​គេ​ចោទ​ថា​ ប្រើ​សម្រាប់​កាត់ត​វីដេអូ និង​ប្រើ​លើ​ផ្ទៃមុខ កុំព្យូទ័រ​យួរដៃ​ពីរ​ ដែល​ផ្ទុក​ឯកសារ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ កម្ពុជា ទូរស័ព្ទ​ដៃ ​៦០​គ្រឿង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​ ២​ថង់​តូច និង​ឧបករណ៍​ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​..។

លោក Jiraphop បាននិយាយថា ការឆ្មក់ចូលចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយ ដែលបានតាមដានជនសង្ស័យ ទៅកាន់បណ្តាញឆបោកជនជាតិចិន។ ហើយ ក្រុមនេះត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ខុនដូនេះ ជាមូលដ្ឋានសម្រាប់ផលិតវីដេអូឃ្លីបក្លែងក្លាយ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្លែងបន្លំ ។

ក្នុងអំឡុងពេលសួរចម្លើយ ជនសង្ស័យ បានសារភាពថាពួកគេត្រូវបានជួលតាមរយៈកម្មវិធីផ្ញើសារ Telegram ដើម្បីកែប្រែវីដេអូ និងដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ក្រុមឆបោក ដែលដំណើរការដោយជនជាតិចិន ។ ពួកគេ បាននិយាយថា ពួកគេរកបានចន្លោះពី 20,000 ទៅ 30,000 យន់ (2,800-4,200 ដុល្លារ) ក្នុងមួយខែ ហើយជួនកាលទទួលបានប្រាក់រង្វាន់ សម្រាប់ការសម្រេចគោលដៅ ។

អ្នកស៊ើបអង្កេតជឿថា ក្រុមនេះធ្លាប់បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ហើយថា មេដឹកនាំជាន់ខ្ពស់ជនជាតិចិនជាច្រើននាក់ បានរត់គេចខ្លួនពីប្រទេសកម្ពុជា ហើយឥឡូវនេះ កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ។

អ្នកទាំងបួននាក់ ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុង អង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលជាកម្មសិទ្ធិ របស់សមាគមសម្ងាត់ និងកាន់កាប់គ្រឿងញៀនប្រភេទទី១ ។ ប៉ូលីសកំពុងបន្តតាមដានបណ្តាញ របស់ពួកគេ និងពិនិត្យភស្តុតាងឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង