ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយគាស់គ្លីនិក លួចលុយនិងគ្រឿងអលង្ការ ជាង១០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់(គ្លីនិក) បំបែកទូរដែក លួចយកប្រាក់ និងគ្រឿងអលង្ការ សរុបជាទឹកប្រាក់ចំនួន ១១២៤៥០ ដុល្លារអាមេរិក ហើយគេចខ្លួនបានតែ ២ថ្ងៃ ប៉ុណ្ណោះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែក ជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះ បានធ្វើដំណើរកម្សាន្តទៅខេត្តមណ្ឌលគីរី និងសម្រាកនៅទីនោះ ១យប់ ។ លុះនៅវេលាម៉ោងប្រហែល០៤ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរងគ្រោះ វិលត្រឡប់មកដល់ផ្ទះវិញ ក៏ស្រាប់តែ ឃើញផ្ទះរបស់ខ្លួន បើកទ្វាចំហ ត្រូវចោរ រើរុះ និងឃើញ ទូដែកដែលដាក់គ្រឿង អលង្ការផ្សេងៗ ត្រូវបានគាស់បំបែកយកលុយ និងសម្ភារៈ ក្នុងទូកដែកទាំងអស់ ។

លោក ម៉ន វុធី បានបន្តទៀតថា នៅក្នុងសកម្មភាព ជនសង្ស័យ បានគាស់យកលុយ និងគ្រឿងអលង្ការ រួមមាន ៖ ប្រាក់ដុល្លារ ៤៥០០០ដុល្លារអាមេរិក, ចិញ្ចៀន ពេជ្រ ០៣វង់ គិតជាប្រាក់ ១១៥០០ដុល្លារ, ខ្សែដៃពេជ្រ ០២ខ្សែ គិតជាប្រាក់ ១១០០០ដុល្លារ, ខ្សែដៃមាស ០២ខ្សែ (ទម្ងន់០១តម្លឹង) គិតជាប្រាក់ ៥៥០០ដុល្លារ, ខ្សែកមាស ០៤ខ្សែ (ទម្ងន់០១តម្លឹងគន្លះ) គិតជាប្រាក់ ៨២៥០ដុល្លារ, ខ្សែកផ្លាកទីន ០២ ខ្សែ (ទម្ងន់០៤តម្លឹង) គិតជាប្រាក់ ១៦០០០ដុល្លារ, ចិញ្ចៀនមាស ០១វង់ (ទម្ងន់០៥ជី) គិតជាប្រាក់ ២៣០០ដុល្លារ, ចិញ្ចៀនផ្លាកទីន ០៣វង់ (ទម្ងន់០៨ជី) គិតជាប្រាក់ ២៥០០ដុល្លារ, ចិញ្ចៀន ត្បូងទន្ទឹម ០១វង់ គិតជាប្រាក់ ៦០០ដុល្លារ, កងដៃមាស ០១កង (ទម្ងន់០៨៨) គិតជាប្រាក់ ២៣០០ដុល្លារ, ក្រវិពេជ្រ ០១គូ គិតជាប្រាក់ ៥៥០០ដុល្លារ និងកងដៃផ្លាក ទីន ០២កង គិតជាប្រាក់ ២០០០ដុល្លារ សរុបជាទឹកប្រាក់ ចំនួន ១១២៤៥០ដុល្លារអាមេរិក ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទី កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំដោយ លោក ម៉ន វុធី អធិការ បានសហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ រួម លោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួន ជនសង្ស័យជនជាតិចិនខាងលើ ដែលស្នាក់នៅជាប់គ្នា ។
នៅចំពោះមុខជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ ខាងក្រោយផ្ទះ របស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការ ពិតប្រាកដមែន ។
ក្នុងនោះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែល យកសម្ភារៈដែល លួចបានទៅលាក់ទុក នៅក្នុងផ្ទះនិង រួមវត្ថុតាងមួយចំនួនផ្សេងទៀត ដែលជនសង្ស័យ ខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយក ទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាន កម្លាំង ជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅ តុលាការអនុវត្តន៍តាមនីតិវិធី ៕


















