ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលានេះ ក្រុមជ្រុលនិយមថៃ បន្តចាក់សំឡេងមេក្រូរំខាន៤ឡានធំៗនិងឭខ្លាំង នៅទល់មុខភូមិជោគជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីអ្នកសារព័ត៌មាន ដែលប្រចាំការ នៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមជ្រុលនិយមថៃ បានបន្តចាក់សំឡេងមេក្រូរំខាន ចំនួន ៤ឡានធំៗ ដោយដាក់តម្រៀបគ្នា ហើយមានសំឡេងឭខ្លាំង នៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តរំខានដល់ ប្រជាពលរដ្ឋ សារជាថ្មីទៀត។

ប្រភពព័ត៌មាន ពីព្រំដែន បញ្ជាក់ថា កម្រិតទំហំសំឡេង ដែលចេញពីឧបករណ៍នេះ អាចឭខ្លាំងជាងឧបករណ៍បំពងសំឡេង ដែលគេបានប្រើប្រាស់កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ហើយដែលបង្ក ឱ្យមានការរិះគន់ជុំទិសលើទម្រង់ នៃការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត ដែលជាទម្រង់ នៃការធ្វើទារុណកម្មមួយ ត្រូវបានពិភពលោក ប្រឆាំងតាមរយៈអនុសញ្ញា ប្រឆាំងនឹងការធ្វើទារុណកម្ម ។

ទោះជាបែបនេះក្តី ក្រុមជ្រុលនិយមថៃ ក្រោយពេលនាំគ្នាចាក់សំឡេងទាំងនោះ បានជិតមួយម៉ោង (៥:៣០ ដល់ ៦:១៨នាទី) ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពួកគេក៏បានបិទសំឡេងទាំងនោះវិញ ដោយមុនដឹងមូលហេតុ។ ហើយបើគិតត្រឹមម៉ោង ៩យប់ ថ្ងៃដដែលនេះ មិនឭសំឡេងចាក់រំខានទៀតឡើយ ។

ដោយឡែក កាសែត Khaosod English បានរាយការណ៍ថា​ រថយន្ត​មួយ​ក្រុម ​ដែល​មាន​ប្រព័ន្ធ​សំឡេង​ធំ​ឬឭខ្លាំង បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ភូមិ​ណងចាន់ ខេត្ត​ស្រះកែវ នៅ​រសៀល​ថ្ងៃ​សុក្រនេះ។

ពួកគេ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្សាយ​ភាពយន្ត​ឯកសារ និងចាក់សំឡេងដាក់ ពលរដ្ឋកម្ពុជា​ ពេញ​មួយថ្ងៃ។ សកម្មភាព​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង