ថ្ងៃអាទិត្យនេះ មានពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ សម្រុកចេញពីថៃ ចូលកម្ពុជាវិញ តាមច្រកព្រំដែនដូង ខេត្តបាត់ដំបង..
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាណ២០២៥នេះ មានពលករខ្មែរ ដែលរស់នៅនិងធ្វើការក្នុងប្រទេសថៃ បានបន្តសម្រុកវិលត្រលប់មក្នប្រទេសកម្ពុជាវិញ មានចំនួន រាប់ម៉ឺននាក់ តាមច្រកព្រំដែនអន្តរជាតិនានា របស់កម្ពុជា ជាមួយប្រទេសថៃ ជាពិសេសច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ដើម្បីភាសខ្លួន ចេញពីសិកសង្គ្រាម ដែលបង្កឡើងដោយប្រទេសថៃ។
ប្រភពព័ត៌មានពី ប៉ុស្ដិ៍នគរបាលព្រំដែនអន្តរជាតិដូង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ មានប្រជាពលរដ្ឋខ្មែរ វិលមកពីប្រទេសថៃ តាមច្រកអន្តរជាតិនេះ ប្រមាណ ១០ម៉ឺននាក់ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ។
ចំណែក សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន ក៏បានចុះផ្សាយថា នៅព្រឹកថ្ងៃទី២៧ កក្កដានេះ មានប្រជាពលរដ្ឋខ្មែរ ឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកទ្វារដូង មានប្រមាណ ១០ម៉ឺននាក់។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក៏មានពលករខ្នែរ វិលពីប្រទេសថៃ តាមច្រកដូងនេះ មានប្រមាណ ៦ម៉ឺន ៥ពាន់នាក់។
ដោយឡែក នៅច្រកព្រំដែនអន្តរជាតិផ្សេងៗទៀត ក្នុងខេត្តជាប់ព្រំដែន ជាមួយថៃ ក៏មានប្រជាពលរដ្ឋខ្មែរ សម្រុកវិលត្រលប់មកកម្ពុជា វិញដែររួមមាន ៖ ច្រកចាំយាម ក្នុងខេត្តកោះកុង, ច្រកព្រំ ក្នុងខេត្តប៉ៃលិន និង ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាដើម។ យ៉ាងណា នៅមិនទាន់មានតួលេខផ្លូវការជាក់លាក់ណាមួយពីអាធរ បង្ហាញឱ្យដឹងច្បាស់នៅឡើយទេ ៕