លោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ៖ សមត្ថកិច្ចផាកពិន័យ ជនជាតិចិន ដោយសារបើករថយន្តគ្មានបណ្ណបើកបរ..!
ខេត្តព្រះសីហនុ៖ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និង ជាស្នងការខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែកក្កដានេះថា ចំពោះការផុសព័ត៌មាន ក្នុងគ្រុប Telegram របស់ជនជាតិចិនចំនួន ២នាក់ ដែលប្រើពាក្យប្រមាថដល់ កម្លាំងសមត្ថកិច្ច នគរបាលចរាចរណ៍ថា ឃាត់រថយន្តពួកគេទារលុយ ៣០០ដុល្លារ នៅតាមផ្លូវក្នុងក្រុងព្រះសីហនុ គឺជាការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះជនជាតិចិនខាងលើ បើកបររថយន្ត ដោយគ្មានបណ្ណបើកបរទេ។
កាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចជំនាញការរិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានដាក់គោលដៅ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ហើយបានផាកពិន័យអន្តរការណ៍ជនជាតិចិន ចំនួន២នាក់ គ្មានបណ្ណបើកបរ..។
យោងទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្ត ដោយគ្មានបណ្ណបើកបរ មិនថាជនជាតិខ្មែ ឬ ជនជាតិបរទេសនោះទេ គឺត្រូវផាកពិន័យតាមច្បាប់ ជាទឹកប្រាក់ ចំនួន ១ ២០០ ០០០ រៀល សម្រាប់ យានយន្តធុនស្រាល ។ ហើយ សម្រាប់ យានយន្តធុនធ្ងន់ ពិន័យជាទឹកប្រាក់ ចំនួន ២ ៤០០ ០០០ រៀល។
បន្ថែមលើនេះ ក្នុងករណីជនល្មើស ធ្លាប់ទទួលរង នូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត គឺក្នុងរយៈពេល ៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ។
អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណជន និង ភ្ញៀវទេសចរ ព្រមទាំងជនជាតិបរទេសទាំងអស់ ជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រឡំ ចំពោះការអនុវត្តន៍ច្បាប់ របស់សមត្ថកិច្ចជំនាញ។
លោក ស រដ្ឋា សំណូមពរដល់អ្នកបើកបរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទាំងអស់គ្នា មិនថាជនជាតិខ្មែរ ឬបរទេសនោះទេ។ លោកថា ក្នុងករណី អ្នកបើកបរទាំងអស់ គោរពច្បាប់ត្រឹមត្រូវហើយ គឺសមត្ថកិច្ចនមិនហៅ ឬឃាត់ ផាកពិន័យយានយន្ត ទាំងនោះទេ៕