សមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ នៅកាស៉ីណូជិតច្រកត្រពាំងផ្លុង ឃាត់ខ្លួនមនុស្ស៤៤៥នាក់
ខេត្តត្បូងឃ្មុំ ៖ ជម្រកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង ស្ថិតក្នុងកាស៉ីណូ XAMAT មានទីតាំងក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវកម្លាំងសមត្ថកិច្ចចំរុះ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាប នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
របាយការណ៍ របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត ត្បូងឃ្មុំ បញ្ជាក់ថា ប្រតិបត្តិការនេះ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ផងដែរ។
របាយការណ៍ដដែល បញ្ជាក់ថា កាស៊ីណូខាងលើនេះ មានបុគ្គលិកសរុបរួម ៤៤៨នាក់ (ស្រី១៤៤នាក់)។ ក្នុងនោះមាន ជនជាតិវៀតណាម ៣៥០នាក់ (ស្រី១០៤នាក់) និងជនជាតិខ្មែរ ៩៨នាក់ (ស្រី៤០នាក់) រួមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam មួយចំនួនទៀត។
របាយការណ៍ បញ្ជាក់បន្តថា ចំពោះ បុគ្គលិកជនជាតិវៀតណាម និងខ្មែរ ត្រូវឃាត់ខ្លួនន ដោយកម្លាំងចម្រុះ ក្រោមសម្របសម្រួលពី ព្រះរាជអាជ្ញា ដោយនាំយកមកសាកសួរ និងបន្តឃាត់ខ្លួនទុក នៅទីតាំងខាងលើ ព្រោះមានចំនួនច្រើន។
លុះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី សួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម និងជនជាតិខ្មែរទាំងអស់៕