រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើ “ទិវាមច្ឆជាតិ ១កក្កដា” ឆ្នាំ២០២៥ លែងកូនត្រីជាង ២ម៉ឺនក្បាល
ខេត្តត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ បានដឹកនាំមន្ត្រីរាជការ មន្ទីអង្គភាពជុំវិញ ប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ ដោយលែងកូនត្រី ជាង ២ ម៉ឺនក្បាល ។
នាឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ បានសហការជាមួយ រដ្ឋបាលស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំគរ និងអ្នកពាក់ព័ន្ធទាំងអស់ រៀបចំពិធី “ទិវាមច្ឆជាតិ ១ កក្កដា” ដ៏មានសារៈសំខាន់នេះឡើង ដោយបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ ចំពោះការបន្តចូលរួមថែរក្សា ការពារ បង្កបង្កើនធនធានមច្ឆជាតិ និងបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណៈជន អំពីអត្ថប្រយោជន៍ នៃមច្ឆជាតិ និងវារីសត្វ ចំពោះមជ្ឈដ្ឋានជីវៈចម្រុះ និងរបបអាហារប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
ទិវានេះ មានគោលបំណងបង្ហាញឱ្យឃើញអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា ការពារ បង្កបង្កើនការយកចិត្តទុកដាក់លើសម្បត្តិធម្មជាតិ ឱ្យស្ថិតស្ថេរ ចិរកាល រក្សាបានភាពគង់វង្សយូរអង្វែង ដើម្បីចូលរួមសម្រេចនូវគោលដៅអភិវឌ្ឍសហសវត្សរ៍ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ហើយការប្រលែងត្រីទាំងតូច ទាំងធំ មិនមែនសម្រាប់តែក្នុងអង្គពិធីនោះទេ គ្រប់គ្នាអាចធ្វើការលែងត្រីបានគ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពមជ្ឈដ្ឋានជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងសុខមាលភាពរបស់ប្រជាជន។
លោកអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។
បន្ថែមលើនេះ សូមគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវផ្តល់ក្តីស្រឡាញ់ ថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងចូលរួមប្រលែងត្រី ឬវារីសត្វកម្រៗគ្រប់ប្រភេទនៅតាមអាងទឹក តាមស្រះសហគមន៍ តាមស្រះវត្ត តាមកន្លែងអភិរក្ស និងតាមដែននេសាទនានា ឲ្យបានច្រើនកុះករ ។ ជាងនេះទៀត សូមរដ្ឋបាលស្រុក ក្រុង រដ្ឋបាលឃុំ សង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេសឧបករណ៍ លូស្បៃមុង និងឧបករណ៍ឆក់ត្រី ស្តែងឲ្យឃើញពីការចូលរួមរបស់បងប្អូន នឹងបង្ហាញពីស្មារតីទទួលខុសត្រូវលើធនធានជលផលរបស់យើង។
តាមរបាយការ របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរ ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការ និងពង្រឹង កិច្ចការងារផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជូនដល់ប្រជាសហគមន៍ ។ ខណៈនៅថ្ងៃនេះកូនត្រីប្រមាណ ២១,០០០ ក្បាល ត្រូវបានប្រលែង ក្នុងទិវាមច្ឆជាតិ ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ ហើយការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕