អាវុធហត្ថភ្នំពេញ ចុះបង្ក្រាបទីតាំងផលិតចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយ នូវវីដេអូអាសអាភាសមួយកន្លែង ឃាត់ខ្លួនមនុស្ស១២នាក់..
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១២នាក់ ទៅតុលាការពាក់ព័ន្ធករណីផលិតចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយ នូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សកម្មភាពខាងលើនេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យជាក់ស្តែងចំនួន ១២នាក់។ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់។
យុទ្ធនាការនេះ កម្លាំងកងរាជអាវុធហត្ថ ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនមានដូចជា៖ កុំព្យួទ័រ លិង្គ និងយោនី សិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិច រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ៕