រដ្ឋមន្ត្រីក្រសួងធម្មការ បើកពិធីសូត្រលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គម្ពីរអាល់គួអាន
ខេត្តត្បូងឃ្មុំ ៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីបើកពិធីសូត្រលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គម្ពីរអាល់គួអានក្រោមប្រធានបទ “ឥស្លាម និងបច្ចេកវិទ្យា” នៅវិហារធំឥស្លាមជំនីក ស្ថិតនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ចាយ បូរិន មានប្រសាសន៍ថា ពិធីសូត្រគម្ពីរអាលគួរអានុលការីមលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គឺជាសក្ខីភាពបញ្ជាក់ពីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បាននឹងកំពុងខិតខំយ៉ាងសកម្ម ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងធ្វើឲ្យ មានវឌ្ឍនៈភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្ករបរិយាកាស យោគយល់ចុះសម្រុងគ្នា និងភាពសុខដុមរម្យនា រវាងសាសនិក នៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍន៍សង្គមជាតិ។
លោកបន្តថា ក្រោមប្រធានបទនៅថ្ងៃនេះ ប្រជាជនកាន់សាសនាមូស្លីម រំពឹងថា និងប្រើប្រាសបច្ចេកវិទ្យាសម្រាប់គោលបំណងល្អ និងមានប្រយោជន៍ ហើយជៀសវាងការអនុវត្តណា ដែលនាំឲ្យខូចប្រយោជន៍ ឬបំផ្លិចបំផ្លាញ ។
សាសានាឥស្លាមបានអនុញ្ញាតិឲ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រយោជន៍ប្រចាំថ្ងៃ តែការប្រើប្រាស់ ដែលផ្ទុយពីការនែនាំ របស់សាសនា ដូចជាបញ្ហា៖ អាសអាភាស បោកបញ្ឆោត និងឧក្រិដ្ឋកម្ម តាមអីនធើណែត គឺជាបញ្ហាប្រឈមធ្វើឲ្យខូច ចរិយាមាយាទ និងតម្លៃសិលធម៌ ប្រជាជនម៉ូស្លីម។
អាស្រ័យហេតុនេះ ឥស្លាមសាសនា ត្រូវចូលរួមប្រយុទ្ធប្រឆាំងការប្រើប្រាសបច្ចេកវិទ្យា ដែលខុសពីគោលការណ៍ឥស្លាម នូវគ្រប់ទម្រង់រូបភាពទាំងអស់។
ចំណែក លោក យោប អះស្ការី រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសូត្រគម្ពីរអាលគូរអានុលការីម ថ្នាក់ជាតិឆ្នាំ២០២៥ បានឲ្យដឹងថា គម្ពីអាលកួអាន ជាប្រភពដ៏ចម្បង ដែលបានដោះស្រាយនូវ គ្រប់បញ្ហា នៃការរស់នៅរបស់មនុស្សជាតិ នៅក្នុងលោកីយ៍ និងបរលោក មានវិសាលភាពទៅលើគោលជំនឿ ធម៌វិន័យ ក្បួនច្បាប់ អត្តចរិក សីលធម៌ សុជីវធម៌ ទំនៀមទម្លាបប្រពៃណី មុខរបរ និងសេដ្ឋកិច្ចជាដើម។ ការសូត្រគម្ពីរ នៅថ្ងៃនេះ គឺជាផ្នែកមួយនៃការថែរក្សានូវ ប្រពៃណីវប្បធម៌ និងផ្តល់ចំណេះដឹង ផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទិនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពីតម្លៃឥស្លាម ក្នុងការរស់នៅក្នុងសម័យទំនើប ដែលទាមទារឲ្យយើងឈ្វេងយល់ និងសិក្សាបន្តទៅមុខទៀត។
សូមជម្រាបថា ពិធីសូត្រគម្ពីរអាលគួអាន លើកទី៣២ និងប្រឡងចាំមាត់លើកទី៦ មានការចូលរួមពីបេក្ខជន បេក្ខនារី ជាការី ការីអះ ចំនួន ៣៥នាក់ ស្ត្រី ១៥នាក់ និងបេក្ខជនបេក្ខនារីសូត្រចាំមាត់ ចំនួន៩ រូប ស្ត្រី ២រូប តំណាងមកពីរាជធានី ខេត្ត ទូទាំងប្រទេស៕