មន្ដ្រីនគរបាលស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកមនុស្សស្លាប់ ត្រូវបណ្ដេញពីក្របខ័ណ្ឌ និងបញ្ជូនទៅតុលាការផ្ដន្ទាទោស!

រាជធានីភ្នំពេញ ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ថា បុរសជាមន្ដ្រីនគរបាល ដែលបើកបរស្រវឹង រួចបង្កគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រសួងមហាផ្ទៃ ត្រូវអនុវត្ដបទវិន័យនគរបាលជាតិ ដោយត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងបញ្ជូនសំណុំរឿង ទៅកាន់តុលាការផ្តន្ទាទោស នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ។

លោកស្នងការ បញ្ជាក់បន្តថា “ច្បាប់ គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា” ហើយ លោកមិនដែលលើកលែងទេ អ្នកប្រព្រឹត្តបទល្មើស។

ត្រង់ចំណុចនេះ លោកបានសំណូមពរដល់ អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរច្បាប់ ដាច់ខាត ទាំងអស់គ្នា បើស្រវឹងកុំបើកបរ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ៥នាក់៕

អត្ថបទដែលជាប់ទាក់ទង