អភិបាលខេត្តត្បូងឃ្មុំ ចុះជួបកម្មករ កម្មការីនី ក្រុមហ៊ុនចំការកៅស៊ូមេមត់
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ សារាចរណែនាំ និងសារលិខិតស្តីពី ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្ម អន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយ កម្មករ កម្មការីនី ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅបរិវេណក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥។
ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាល រាប់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំ របស់សម្ដេចតេជោ និងអាណត្តិទី៧នេះ បានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត សហគ្រាស គ្រឹះស្ថាននានា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលមានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្ត សប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិក។
ជាមួយគ្នានេះ លោកអភិបាល ក៏បានអំពាវនាវដល់ ម្ចាស់រោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមអនុវត្តសារាចរណែនាំ របស់រាជរដ្ឋាភិបាល ឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិតបដាពាក្យស្លោក តាមខ្លឹមសារសារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ៖ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករ និយោជិក”។
ព្រមជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានស្នើដល់និយោជិក កម្មករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឱ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងរួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវ យន្តការនានា ដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនា រវាងនិយោជក និងកម្មករ និយោជិក ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលត្រូវចូលរួមថែរក្សាការពារ។ ក្នុងនោះបងប្អូនកម្មករ កម្មការិនីទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យបានល្អ ដោយមិនត្រូវខ្ជិល ឬបង្ករភាពអណាធិបតេយ្យនោះទេ។ ដូចគ្នានេះ ខាងរោងចក្រ ក៏មិនត្រូវគៀបសង្កត់ កម្មករ កម្មការិនី ខុសពីច្បាប់ការងារនោះដែរ ពោលគឺខាងកម្មករ ត្រូវខិតប្រឹងធ្វើការឱ្យបានល្អ ចំណែកខាងរោងចក្រ ត្រូវអនុវត្តតាមច្បាប់ការងារ អោយបានត្រឹមត្រូវ ចំណែកអាជ្ញាធរខេត្ត មន្ទីពាក់ព័ន្ធ និងចាំជួយគាំពាទាំងខាងកម្មករ កម្មការិនី និងខាងរោងចក្រ ដើម្បីធ្វើយ៉ាងណា អោយដំណើការបានល្អ ប្រយោជន៍ទទួលបានទាំងសងខាង។
តាមរបាយការណ៍ របស់លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ សហគ្រាស គ្រឹះស្ថានក្នុងខេត្តត្បូងឃ្មុំសរុបចំនួន ២៨០ ទីតាំង មានកម្មករនិយោជិតសរុបចំនួន ១៧.៥១៨នាក់ ស្រី ៧.៩៥៩នាក់ ចែកជា២វិស័យធំៗ ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៣សហគ្រាស កម្មករនិយោជិតសរុបចំនួន ១.៥៧០នាក់ ស្រី ១.៣៦៨នាក់ វិស័យក្រៅកាត់ដេរមានចំនួន ២៧៧ទីតាំង មានកម្មករនិយោជិតសរុបចំនួន ១៥.៩៤៨នាក់ ស្រី ៦.៥៩១នាក់ ៕