លោកស្រី ម៉ែន សំអន ចូលរួមពិធីបុណ្យវិសាខបូជា ជាមួយពលរដ្ឋខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ  នៅថ្ងៃ១៥កើត ខែពិសាខ ព.ស ២៥៦៩ ជាថ្ងៃវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយនៃព្រះពុទ្ធសាសនា។

ពិធីបុណ្យពិសាខបូជានេះ បានរៀបចំធ្វើនៅបរិវេណរូបសំណាកនាគ ដែលជាបូជនីយដ្ឋាន នៅលើទឹកដីកោះពីរ ដោយមានរៀបចំពិធីនមសក្ការព្រះរតនត្រៃ និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ ព្រមទាំងបណ្តែតប្រទីពផងដែរ ។

សូមជម្រាបថា បុណ្យពិសាខបូជាគឺ ជាបុណ្យធំមួយ ក្នុងព្រះពុទ្ធសាសនា អាចរាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ អាស្រ័យដោយលោកអ្នកប្រាជ្ញចាងព្រះពុទ្ធសាសនា បានកំណត់ទុក ក្នុងគម្ពីបឋមសម្ភោធិថា នោះគឺថ្ងៃ ទ្រង់ប្រសូតចាកឧទរមាតា , ថ្ងៃទ្រង់ត្រាសដឹងអនុត្តរ សម្មាសម្ភោធិញ្ញាណ និងថ្ងៃទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន៕

អត្ថបទដែលជាប់ទាក់ទង