គណៈកម្មការទី៦នៃរដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនៈភាពការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ គណៈប្រតិភូ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍនា បានអញ្ជើញចុះសិក្សាឈ្វេងយល់ពីវឌ្ឍនៈភាពការងារ ការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ច របស់គណ:កម្មការទី៦ នៃរដ្ឋសភា។
នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូន គណៈប្រតិភូរដ្ឋសភា ស្ដីពីស្ថានភាពទូទៅក្នុងខេត្ត ពីការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការរីកចម្រើននានា នៅក្នុងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យធ្វើការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តន៍ច្បាប់នានា ។ កន្លងមករដ្ឋបាលខេត្តបានដោះ ស្រាយ វិវាទដីធ្លី ពង្រឹង ពង្រីកយន្តការគណ:កម្មការដោះស្រាយទំនាស់ដីធ្លីតាមថ្នាក់ ស្រុក, ឃុំ/សង្កាត់ ដោយប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុក ដោះស្រាយនៅតាមការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត បានបន្តថាការងារលើកកម្ពស់ ការយល់ដឹងជាសាធារណៈ និងការអនុវត្តកំណែ ទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយតាម រយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការផ្តល់សេវាសាធារណៈ ការរៀបចំវេទិកា សាធារណៈ និងសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់រាល់សំណូមពរ តម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងបានដោះស្រាយបញ្ហា ប្រឈម និងកែលម្អចំណុចខ្វះខាតជាបណ្តើរៗ ដោយឈរលើមូលដ្ឋានច្បាប់ ជាគ្រឹះ និងលិខិតបទដ្ឋាគតិយុត្តិ របស់ព្រះរាជាណាចក្រកម្ពុជា ។
ជាមួយរបាយការណ៍ របស់លោក អភិបាលខេត្តត្បូងឃ្មុំ លោក អង្គ វង្ស វឌ្ឍា បានកោតសរសើរ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំទាំងមូលដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិ ឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។
ជាមួយគ្នានោះ លោក ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព៕