ទីតាំងហ្គែមបាញ់ត្រី១កន្លែង ក្នុងក្រុងព្រះសីហនុ យកស្លាកសណ្ឋាគារ ហ៊ូហ្សិន មកបិតបាំងបំភាន់ភ្នែកសមត្ថកិច្ច..

ខេត្តព្រះសីហនុ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា ទីតាំងល្បែងហ្គែមបាញ់ត្រី ១កន្លែង បានយកស្លាកសណ្ឋាគារ ហ៊្វូហ្សិន ហូថែល (FUSION HOTEL) មកបិតបាំង ដើម្បីបំភាន់ភ្នែក សមត្ថកិច្ច ហើយមនុស្ស ចូលលេងភាគច្រើន គឺជាជនជាតិខ្មែរ ដែលអនុវត្តផ្ទុយបម្រាម របស់គណៈកម្មការជាតិ គ្រប់គ្រងល្បែងពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រភព មិនបង្ហាញអត្តសញ្ញាណ ដែលធ្លាប់ចាញ់ល្បែង​ហ្គេម នៅទីនោះបានឲ្យដឹងថា ទីតាំងសណ្ឋាគារយីហោ ហ៊្វូហ្សិន  (FUSION HOTEL) នេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺបានដាក់ល្បែងហ្គេមបាញ់ត្រី ជាយូរខែឆ្នាំមកហើយ ដោយប្រើរូបភាព ជាសណ្ឋាគារ ដើម្បីបំភាន់ភ្នែក សមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំ គេតែងប្រាប់ថា អ្នកទាំងនេះ សុទ្ធជាភ្ញៀវ ដែលមកស្នាក់ ក្នុងសណ្ឋាគារ តែប៉ុណ្ណោះ។

យ៉ាងណា តំណាងសណ្ឋាគារ FUSION HOTEL ដែលរងការចោទប្រកាន់ បានចេញមកបំភ្លឺថា ក្នុងសណ្ឋាគារនេះ ពិតជាមានទូរហ្គេមបាញ់ត្រី ពិតមែនប៉ុន្តែមានតែមួយទូរទេ ទុកសម្រាប់ភ្ញៀវ ចូលមកស្នាក់នៅក្នុងសណ្ឋាគារនេះ លេងកម្សាន្តប៉ុណ្ណោះ។

ចំណែក លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី២៩ ខែមេសាថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកនឹងបញ្ជូនកម្លាំងចុះមកដល់ទីតាំង ដើម្បីពិនិត្យឲ្យច្បាស់ថាតើ ទីតាំងនេះពិត ជាបានបង្កប់ល្បែងខុសច្បាប់ ឬបែបណា?។

ទាក់ទិនទីតាំងល្បែងហ្គេម បង្កប់នៅក្នុងសណ្ឋាគារនេះដែរ បើយោងតាមប្រភព មួយចំនួនបានអះអាងថា នៅមានទីតាំងល្បែងខុសច្បាប់ ជាច្រើនកន្លែងទៀត បានយកស្លាក យីហោសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងអាជីវកម្ម មួយចំនួនផ្សេងទៀត មកបិទបាំង នៅអំពើល្មើសច្បាប់ របស់ខ្លួន។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ ស្នើរដល់ សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ សូមចុះស៊ើបអង្កេត និងស្រាវជ្រាវ ករណីខាងលើនេះ ឲ្យមានប្រសិទ្ធភាពផង៕

អត្ថបទដែលជាប់ទាក់ទង