ឥទ្ធិពលគ្រឿងញៀន ប្អូនថ្លៃប្រុសកាប់បងថ្លៃស្រី ស្លាប់ក្នុងបន្ទប់គេង..
រាជធានីភ្នំពេញ ៖ នៅម៉ោង ២០ និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មានករណីឃាតកម្មមួយកើតឡើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ចំណែក ជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ)។
សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ (សព) បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះ ក៏បានយកកូនឲ្យទៅម្ដាយក្មេកមើល ហើយក៏ដើរចូលទៅក្នុងបន្ទប់ របស់ខ្លួន នៅជាន់ទី១។
ភ្លាមៗនោះ ក៏ស្រាប់តែជនសង្ស័យ ត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោ ចូលទៅក្នុងបន្ទប់ របស់ស្ត្រីរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួន ពីកន្លែងកើតហេតុ ប៉ុនែ្តក្រោយមក ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបាន។
តាមការបំភ្លឺពីម្ដាយបង្កើត របស់ជនសង្ស័យ ឲ្យដឹងថា ជនសង្ស័យ ធ្លាប់បាននាំយកទៅដាក់ មណ្ឌលបន្សាបគ្រឿងញៀន ចំនួន ៣ដងរួចមកហើយ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នាំយកមកសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការបន្តនីតិវិធី៕