«តើនេះជាទីបញ្ចប់នៃដំណើររបស់យើងឬ?» នេះជាការលើកឡើង របស់អ្នកដំណើរនាវា Villa Vie Odyssey កំពុងជាប់គាំងនៅក្រុងព្រះសីហនុ..

«តើនេះជាទីបញ្ចប់នៃដំណើររបស់យើងឬ?» សំឡេងពិតពីអ្នកដំណើរនាវា Villa Vie Odyssey ដែលត្រូវជាប់គាំងនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ អ្នកដំណើរមុនាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ឈ្មោះ Villa Vie Odyssey បានបង្ហោះសារតាមរយៈ គណនីហ្វេសប៊ុក «Sailing Bliss» ដោយបានចែករំលែកនូវសំណេរ និងរូបភាពផ្ទាល់ខ្លួនយ៉ាងរំជួលចិត្ត ក្រោយពេលធ្វើដំណើរមកដល់ និងបាវាបានចូលចត នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា។

តាមការរៀបរាប់ របស់អ្នកដំណើររូបនេះ ពួកគេ បានធ្វើដំណើរយ៉ាងលំបាករយៈពេល ១០ ម៉ោង ចាប់ផ្តើមចេញពីកោះភូកុក ប្រទេសវៀតណាម ដែលមានចម្ងាយ ៦៩គីឡូម៉ែត្រ ដោយជិះ Grab, សាឡាងល្បឿនលឿន, រថយន្តឈ្នួល ៤ ជើង និងតាក់ស៊ី ព្រមទាំងឆ្លងកាត់ច្រកទ្វារព្រំដែន..។ ប៉ុនែ្តអ្វីដែលជារឿងរ៉ាវដ៏សោកសៅបំផុតនោះគឺថា នាវា Odyssey ដែលជាផ្ទះរបស់ពួកគេអស់រយៈពេល ១៧ ខែមកហើយនោះ បានប្រកាសផ្អាកប្រតិបត្តិការជាផ្លូវការ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ក្រុមហ៊ុន Villa Vie Residences បានជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយកិច្ចព្រមព្រៀងសង្គ្រោះជាមួយវិនិយោគិនត្រូវបរាជ័យ ដោយសារម្ចាស់បំណុលធំៗបដិសេធ។ មូលហេតុចម្បងនៃវិបត្តិនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុក នៃថ្លៃប្រេងឥន្ធនៈ ការលក់បន្ទប់មិនគ្រប់ផែនការ និងការខ្វះខាតសាច់ប្រាក់ ទោះបីជាអ្នកដំណើរ បានរួមចំណែកផ្តល់ថវិកាបន្ថែមដើម្បីទប់ទល់យ៉ាងណាក៏ដោយ។

ប្រភពដដែលបន្តថា បច្ចុប្បន្ន អ្នកដំណើរភាញច្រើន បានរើវ៉ាលីចេញពីបន្ទប់នៅលើនាវា មកស្នាក់នៅតាមសណ្ឋាគារបណ្តោះអាសន្នសិន។ លោកបន្តថា អ្នកដំណើរជាច្រើន រួមទាំងរូបលោកផ្ទាល់ផង ស្ថិតក្នុងចំណោមអ្នក ដែលបានលក់ផ្ទះសម្បែង និងប្រមូលប្រាក់សន្សំស្ទើរទាំងស្រុង មកវិនិយោគរស់នៅលើនាវាទេសចរណ៍នេះ។

ប្រភពបន្តទៀតថា ទោះមានអ្នកដំណើរមួយចំនួន កំពុងរៀបចំផែនការស្តារហិរញ្ញវត្ថុឡើងវិញក្តី ក៏ប៉ុន្តែអ្នកដំណើររូបនេះ បញ្ជាក់ថា ពួកគេនឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីជួបជុំកូនៗ និងមិត្តភក្តិក្នុងឱកាសបុណ្យណូអែល និងបន្តការធ្វើដំណើរជុំវិញពិភពលោក តាមទម្រង់ផ្សេងទៀត នាពេលអនាគត ៕

 

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង