ACU បញ្ជូនអ្នកបកប្រែភាសាចិន ហ៊ុន លីស្រៀង ទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ..

រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ ACU  បានសាងសំណុំរឿងបញ្ជូន ជនត្រូវចោទឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing ហៅ XinXin ហៅពូទី២ ហៅ Ly Sreing មុខរបរជាអ្នកបកប្រែភាសាចិន ទៅកាន់តុលាការ និងត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើស៊ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់។ សំណុំរឿងព្រហ្មទណ្ឌនេះ មានលេខ ០២១/២៦ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ របស់កិតិ្តលោក ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានបញ្ជាក់ថា ធាតុពិត ករណីអ្នកបកប្រែភាសាចិន ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr. Xing គឺជាភាគទី៥ (ភាគបញ្ចប់) នៃករណីអនឡាញស្គេមឃុំព្រែកខ្សាច់ លើដី ៥ហិកតា របស់មេឃុំ រៀម រុំ។

​លោក ឱម យ៉ិនទៀង បានឱ្យដឹងថា លើសពីអ្នកបកប្រែ ហ៊ុន លីស្រៀង ប្រើឈ្មោះសរុប១១ ឈ្មោះ ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតស៊ីសំណូក, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជាអ្នករៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) និងសម្អាតប្រាក់។

របាយការណ៍ដដែល  បញ្ជាក់ថា ឈ្មោះ ហ៊ុន លីស្រៀង ធ្វើការបកប្រែឱ្យមេៗ អនឡាញស្គេមជនជាតិចិន ដែលមានបងធំ លោកបងទី២ លោកបងទី៣ បងហាវ កឺ បង ឈាំង កឺ និង ចាង ចៀនឈាំង មេអនឡាញស្គេម ដែលធ្វើផ្ទាល់ជាមួយមេឃុំព្រែកខ្សាច់ រៀម រុំ។

ហ៊ុន លីស្រៀង តាំងខ្លួនជាពូទី២ ដើម្បីនាំសារ នាំបញ្ជាពីមេអនឡាញស្គេម ទៅទិសដៅផ្សេងៗ ហើយជាអ្នកទទួលបញ្ជាពីលោកបងទី២ (អឺ កឺ) ទាក់ទងមកមេឃុំ រៀម រុំ ដើម្បីរៀបកន្លែងអនឡាញស្គេម ឱ្យ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន ហើយចាត់ចែង តាំងពីឱ្យក្រុមឆបោក ៤២នាក់ បើកតាមតង់ រហូតរៀបចាក់សាប ធ្វើរោងប្រក់ដំបូល ហើយដាក់ទូរកុងទឺនឺរឱ្យអ្នកទាំង ៤២នាក់។

ក្រៅពីស្ថិតក្នុងក្រុមការងារទឹក (ដោះស្រាយទឹក) ជាមួយមេអនឡាញស្គេម ៥-៦នាក់ និង រៀម រុំ និងក្រុមរបស់ រៀម រុំ (ជា សុទ្ធ ហៅ ម៉េង, ជា វាសនា …) ហ៊ុន លីស្រៀង ក៏ស្ថិតនៅក្នុងក្រុម ១ ទៀត ជាមួយមេៗអនឡាញស្គេមជនជាតិចិន ៥-៦នាក់ ហើយក្រុមនោះត្រូវបានដាក់ឈ្មោះថា ក្រុមរកលុយដោយរលូន។

ACU បញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៦នេះ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងចំនួន ៤០ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ១ ករណីទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី១៥ អាណត្តិទី៤ ក្រោមអធិបតីភាព អ្នកស្រី ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤, របាយការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង