រាជរដ្ឋាភិបាល ដាក់ឱ្យចរាចរនិងប្រើប្រាស់ក្រដាសប្រាក់ ៥ម៉ឺនរៀល និង ១សែន​រៀល គំរូថ្មី

រាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យ​ប្រើប្រាស់ និង​ចរាចរ​នូវក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺន​រៀល និង​ ១សែនរៀល ទន្ទឹមគ្នានឹង​ក្រដាសប្រាក់គំរូចាស់ដែល​កំពុង​ចរាចរ​រួច​ហើយ។

ប្រកាសរបស់ធនាគារ​ជាតិនៃកម្ពុជា ចុះថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦នេះ បាន​ឱ្យ​ដឹងថា អនុលោម​តាមអនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្តីពីកា​រចេញផ្សាយ​ធនប័ត្រ​ប្រភេទ ៥ម៉ឺន​រៀល និង​ ១សែន​រៀល គំរូថ្មី​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃកម្ពុជា នឹង​ដាក់ឱ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​នូវ​ក្រដាសប្រាក់​ប្រភេទថ្មីទាំង​២នេះ ចាប់ពីថ្ងៃសុក្រនេះតទៅ។

ធនាគារជាតិ​នៃកម្ពុជា ក៏បាន​បង្ហាញ​លក្ខណៈទូទៅនៃក្រដាសប្រាក់ទាំងពីរប្រភេទនេះផងដែរ ដោយ​ក្រដាសប្រាក់​ ៥ម៉ឺន​រៀល មាន​ទំហំបណ្តោយ ១៥៥ម.ម និងទទឹង ៧២ម.ម ហើយ​ពណ៌ចម្បងគឺពណ៌ស្លាទុំ និងពណ៌ត្នោត។ ក្រដាសប្រាក់នេះ មានរំលេចនូវ​ព្រះឆាយាល័ក្ខណ៍មើលមុ​ខ​ពីបញ្ឆិត​ចំហៀង​ខាងឆ្វេង​នៃអតីតព្រះមហាក្សត្រ​ ព្រះបរមរតនកោដ្ឋ នៅផ្នែកខាង​មុខ និងផ្នែក​ខាង​ខ្នង ​មានរំលេចឡើងនូ​វរូបភាព​ប្រាសាទបាគងនៃក្រុម​ប្រាសាទរលួស​ក្នុង​ខេត្ត​​​សៀម​រាប ព្រមទាំង​មាន​រូបភាព​កូនដំរីឈរទម្លាក់ប្រមោយ​ចុះក្រោម ដែល​យកគំរូតាម​រូបចម្លាក់​ថ្មនៅ​ប្រាសាទ​​កោះ​កេរ ក្នុង​ខេត្ត​ព្រះវិហារ។

សម្រាប់ក្រដាសប្រាក់ ១០ម៉ឺនរៀល ឬ ១សែនរៀល​វិញ មាន​ទំហំបណ្តោយ ១៧០ម.ម និងទទឹង ៧៥ម.ម ហើយ​ពណ៌ចម្បងគឺពណ៌បៃតង និងពណ៌ប្រផេះ។ ក្រដាស​ប្រាក់នេះ មានផ្នែក​ខាង​មុខ​​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍​​មើល​មុខ​​ពីបញ្ឆិត​ចំហៀង​ខាង​ឆ្វេង​នៃអតីត​ព្រះ​មហា​ក្សត្រ​ ព្រះ​បរមរតនកោដ្ឋ និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម​ មុនីនាថ សីហនុ និង​ផ្នែក​ខាង​ខ្នង​​មាន​រំលេច​ឡើង​នូវព្រះឆាយាល័ក្ខណ៍នៃ​អតីតព្រះមហក្សត្រ​ ព្រះបរមរតនកោដ្ឋ និង​​សម្តេចព្រះមហាក្សត្រី នរោត្តម​ មុនីនាថ សីហនុ ព្រមទាំង​ព្រះករុណា​ ព្រះបាទសម្តេចព្រះបរម​នាថ​ នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា។​

ជាមួយគ្នានេះ ​ធនាគារ​ជាតិនៃ​កម្ពុជា ក៏​ណែនាំ​ដល់​សាធារណជន​គ្រប់​រូបពិនិត្យ​ និង​សម្គាល់​ធនប័ត្រ ឬក្រដាស​ប្រាក់​​គំរូ​ថ្មីនេះឱ្យ​បាន​ច្បាស់​លាស់ ដើម្បីជៀសវាង​ការ​ភាន់ច្រឡំ៕

 

អត្ថបទដែលជាប់ទាក់ទង