ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹក ដោយសារកម្ពុជារងឥទ្ធិពលព្យុះស៊ូរីហ្គាអេ

ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បង្កើនកា​រប្រុ​ងប្រយ័ត្ន​នៅពេល​ធ្វើដំណើរតាមផ្លូវ​គោក និង​ផ្លូវ​ទឹក ខណៈកម្ពុជា​រង​ឥទ្ធិពល​សម្ពាធទាប​ពីព្យុះទី​២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែល​បង្ក​ឱ្យមានភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃនេះរហូត​ដល់​ចុង​ខែ​កញ្ញា។

សេចក្តីជូនដំណឹង​របស់ក្រសួងធនធាន​ទឹក និង​ឧតុនិយម​ ចេញផ្សាយនៅថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៦ បានឱ្យដឹងថា សម្ពាធទាប​ដែលកើតមាននៅ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិកខាង​លិច បានវិវត្តទៅជា​ព្យុះទី​២៦ ឈ្មោះ សូរីហ្គាអេ ហើយ​មានឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មុសុងនិរតី​ដែល​បោកបក់​លើ​ឈូង​សមុទ្រ​បេងហ្គាល​ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួង​បន្តថា បើទោះជាកម្ពុជា​មិនស្ថិត​ក្នុងគន្លងផ្លូវ​ដើរ​របស់ព្យុះនេះ ប៉ុន្តែនឹង​ធ្វើឱ្យ​អាកាសធាតុ​នៅកម្ពុជា ចាប់ពីថ្ងៃទី​២៤​ ដល់ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ អាចនឹង​មានភ្លៀងធ្លាក់ជាមួយ​ខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ​គ្រប​ដណ្តប់​លើ​ផ្ទៃដីពី ៥០ ទៅ៧០ភាគរយ។

សម្រាប់តំបន់​វាលទំនាប ដែលមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង រាជធានីភ្នំពេញ និង​តំបន់មាត់សមុទ្រ ដែលមានខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំបូកគោ អាចមានភ្លៀង​ធ្លាក់ជាមួយ​ខ្យល់កន្ត្រាក់​ និងផ្គររន្ទះ​គ្រប​ដណ្តប់លើផ្ទៃដី ៧០ភាគរយ។ ចំណែករលកសមុទ្រ​អាចមានខ្យល់បក់បោក​ខ្លាំង ដែលមានកម្ពស់​ចន្លោះពី កន្លះមែត្រ ទៅ​ជិត ២ម៉ែត្រ។

សម្រាប់តំបន់ខ្ពង់រាប ដូចជា ខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ​ ក្រចេះ ស្ទឹង​ត្រែង រនតគិរី​ មណ្ឌល​គិរី ជួរភ្នំដងរែក និង​តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់​ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ​គ្រប​ដណ្តប់លើផ្ទៃដី ៥០ភាគរយ។

ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និង​ខ្យល់ក​ន្ត្រាក់ ជាពិសេស​ពេល​ធ្វើដំណើរ​តាមផ្លូវ​គោក និងផ្លូវ​ទឹក។ ក្រសួងនឹង​បន្តតាមដាន និងជម្រាបជូនពី​​ស្ថានភាពអាកាសធាតុនេះជាបន្តទៀត ក្នុងករណីមានការ​ប្រែប្រួល​៕

អត្ថបទដែលជាប់ទាក់ទង