កម្ពុជាប្តេជ្ញាកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកនេះ
ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហរថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយនឹងប្តេជ្ញាក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងទប់ស្កាត់មិឱ្យបណ្តាញទាំងនោះលេចចេញឡើងវិញទៀត។
ការបញ្ជាក់ជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់។
ក្នុងសន្និសីទនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ជាបរិបទថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ លោកបន្តថា កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
លោកថា៖ «នៅក្នុងបរិបទប្រវត្តិសាស្ត្រនេះ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់លាស់អំពីជំហររបស់យើងថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្គេមអនឡាញ មិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជាដែរ។ លោកថា ការពាក់ព័ន្ធដំបូងជាមួយប្រទេសកម្ពុជា ជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់នៃកំណើនល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា(ល្បែងអនឡាញ) និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ ហើយនៅពេលនេះ បណ្តាញឧក្រិដ្ឋកម្មបានវិវត្តន៍ខ្លួន និងសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស។
លោកបន្ថែមថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះ បានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទបញ្ញតិ្ត និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។ យ៉ាងណា លោកថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ និងបានដាក់ចេញនូវវិធានការផ្ទៃក្នុងដោយគ្មានការយោគយល់ឡើយ ក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋឆបោកតាមអនឡាញនេះ ក្នុងនោះកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ «យើងចាត់ទុកការអនុវត្តច្បាប់នេះ ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនគ្រាន់តែជាយុទ្ធនាការនៃការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ យើងផ្តោតលើកិច្ចខិតខំប្រែងក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងទប់ស្កាត់កុំឱ្យបណ្តាញទាំងនោះលេចឡើងវិញ។ យើងបានលុបបំបាត់ទាំងស្រុង នូវរាល់ទីតាំងខ្នាតធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆាយ ស៊ីណារិទ្ធ មានប្រសាសន៍ក្នុងសន្និសីទនោះដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោក ដែលត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់តាមបច្ចេកវិទ្យា ដែលមានភាពស្មុគស្មាញ មានផលប៉ះពាល់ធ្ងន់ធ្ងរ និងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក។
លោកបន្តថា បទល្មើសនេះ ត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយ ដើម្បីធ្វើការឆបោកជនរងគ្រោះ។ ការឆបោកបច្ចេកវិទ្យា ឬការឆបោកតាមអនឡាញ ក៏បានវិវឌ្ឍន៍ទៅជាបណ្តាញឧក្រិដ្ឋឆ្លងដែនដ៏ស្មុគស្មាញ និងប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត ដូចជា ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការសម្អាតប្រាក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
យ៉ាងណា លោកថា កម្ពុជាមិនមែនជាប្រភពដើមនៃបទឧក្រិដ្ឋនេះទេ ប៉ុន្តែកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញនេះ ដែលធ្វើឱ្យប្រទេសកម្ពុជារងផលប៉ះពាល់លើគ្រប់វិស័យ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
លោក ឆាយ ស៊ីណារិទ្ធ បានថ្លែងថា៖ «បណ្តាញឧក្រិដ្ឋកម្មដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ»។
តំណាងមកពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) លោក នីកូឡាស់ ហ្វត (Nicolas Court) បានថ្លែងក្នុងសន្និសីទអន្តរជាតិនេះដែរថា កម្ពុជា និងបណ្តាប្រទេសទាំងអស់លើពិភពលោក បានធ្វើសកម្មភាព និងការងារយ៉ាងសកម្ម ក្នុងប្រតិបត្តិការបង្ក្រាប និងលុបបំបាត់បញ្ហាបទឧក្រិដ្ឋឆបោកតាមបច្ចេកវិទ្យា ដែលបាននិងកំពុងមានការកើនឡើង ខណៈដែលមជ្ឈមណ្ឌលនៃការបោកធំៗ បានបំបែកខ្លួនទៅជាក្រុមតូចៗ ដែលពិបាកក្នុងការបង្ក្រាប។
លោកថា អាំងទែប៉ូល ដែលមាន ១៩០ប្រទេសជាសមាជិក នឹងបន្តកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិរួមគ្នា ព្រមទាំងផ្តល់ព័ត៌មានចារកម្មទៅវិញទៅមក ដើម្បីទប់ស្កាត់លំហូរនៃការឆបោក និងការពារជនរងគ្រោះ។
នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងម៉ាំ ក្នុងការចែករំលែកព័ត៌មានស៊ើបការណ៍ ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នានៃក្របខណ្ឌច្បាប់និងប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ ឯកជន និងការការពារជនរងគ្រោះ។
ចំណុចទាំង៥ដែលលោកនាយករដ្ឋមន្ត្រីស្នើនោះ រួមមាន ទី១ ប្រទេសជាដៃគូត្រូវបង្កើនទ្វេដងនូវបណ្តាញទំនាក់ទំនង ដើម្បីឆ្លើយតបភា្លមៗរវាងស្ថាប័នអនុវត្តច្បាប់អន្តរជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ដែលតាមដានកោសិកាឧក្រិដ្ឋកម្ម និងបង្អាក់ក្រុមឧក្រិដ្ឋជនដែលគ្មានមជ្ឈការឆ្លងកាត់ព្រំដែន។ ទី២ ស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការលាងលុយកខ្វក់ គួរតែសហការគ្នា និងប្រើប្រាស់វេទិកាដែលអាចធ្វើឱ្យមានលទ្ធភាពតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ កំណត់អត្តសញ្ញាណម្ចាស់ផលប្រយោជន៍ចុងក្រោយ បង្កកទ្រព្យសម្បត្តិនិម្មិត និងបង្ក្រាបបណ្តាញធនាគារក្រៅប្រព័ន្ធ។
ចំណុចទី៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យដៃគូអន្តរជាតិ គួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខណ្ឌជំនួយផ្លូវច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីធ្វើបត្យាប័ន និងចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនពីការកេងប្រវ័ញ្ចចម្លោះប្រហោងដែនសមត្ថកិច្ចផ្លូវច្បាប់។ ចំណុចទី៤ រដ្ឋាភិបាលគួរតែកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជកម្ម ប្រតិបត្តិករទូរគមនាគមន៍ វេទិកាបច្ចេកទេស និងការផ្លាស់ប្តូរគ្រីបតូរូបិយប័ណ្ណ ដើម្បីរកឱ្យឃើញនូវសកម្មភាពឆបោកជាមុន ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីលដែលគួរឱ្យសង្ស័យ និងបង្កកគណនីដែលពាក់ព័ន្ធករណីខុសច្បាប់។
ចំណែកការស្នើនូវចំណុចទី៥ចុងក្រោយ លោកបានជំរុញឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ គួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានាការការពារ និងបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយដោយអ្នកនាំពាក្យ លោក ទូច សុខៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យសរុប ៤៨៨ កន្លែង នៅតាមរាជធានី-ខេត្តចំនួន ១៧ ដោយបានឃាត់ខ្លួនមនុស្សសរុបជាង ២ម៉ឺននាក់ (២០,៦២៦ នាក់) មាន ៣៨ សញ្ជាតិ ក្នុងនោះ មនុស្សជិត ១ម៉ឺន៦ពាន់នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញ និងជាង ២៦០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ៕

